លោកនាយករដ្ឋមន្រ្តី Shinzo Abe បានសម្តែងនូវអារម្មណ៍ទុក្ខព្រួយយ៉ាងខ្លាំង ហើយនិងចូលរួមរំលែកទុក្ខដោយស្មោះត្រង់ដល់អ្នកដែលបានទទួលរងគ្រោះ និងស្លាប់ដោយសារការឈ្លានពានរបស់កងទ័ពជប៉ុនកាលពីអតីតកាលនៅពេលធ្វើសុន្ទរកថាជាសាធារណៈនៅខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
លោកនាយករដ្ឋមន្រ្តី Abe បានមានប្រសាសន៍ថា ប្រទេសរបស់យើងបានធ្វើឲ្យមានការខូចខាត និងឈឺចាប់យ៉ាងខ្លាំងដល់ពលរដ្ឋស្លូតត្រង់។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លទ្ធិអាណានិគមប្រទេសលោកខាងលិចជាបុព្វហេតុនៃសង្គ្រាមនេះ ក៏ប៉ុន្តែ លោកមានប្រសាសន៍ទៀតថា ការសម្រេចចិត្តរបស់ជប៉ុនដើម្បីដោះស្រាយជម្លោះដោយប្រើកម្លាំងជាកំហុសហើយបានសន្យានៅថ្ងៃអនាគតថា ជានិច្ចកាលស្វែងរកការផ្សះផ្សាដោយសន្តិវិធី។
លោកនាយករដ្ឋមន្រ្តីបានធ្វើការសុំអភ័យទោស ដូចអ្នកកាន់តំណែងមុនៗរបស់លោក រួមមានសេចក្តីថ្លែងការណ៍របស់លោក Murayma នៅឆ្នាំ១៩៩៥ ដែលបានសុំអភ័យទោសចំពោះការខូចខាត និងការឈឺចាប់ដែលបណ្តាលមកពីសង្គ្រាមលោកលើកទី២របស់ជប៉ុន ក៏ប៉ុន្តែមិនរួមបញ្ចូលការសុំអភ័យទោសថ្មីរបស់ខ្លួនលោកទេ។
ការណ៍នេះមិនទំនងទេថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តីនឹងធ្វើឲ្យប្រទេសជិតខាងរបស់ជប៉ុនពេញចិត្តនោះទេ ជាពិសេសកូរ៉េខាងត្បូង និងប្រទេសចិនដែលបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់លោក Abe ឲ្យធ្វើសុន្ទរកថាពីភាពឃោរឃៅរបស់កងទ័ពជប៉ុនក្នុងអំឡុងពេលនៃការធ្វើអាណានិគមរបស់ខ្លួននៅទ្វីបអាស៊ី៕