កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងសេអ៊ូល ក្រុមមេដឹកនាំនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លះ ដើម្បីធ្វើឱ្យមានជាថ្មីឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងបញ្ចប់ភាពមិនឈ្នះមិនចាញ់អំពីបញ្ហានានាដែលនាំឱ្យពួកគេមានការខ្វែងគំនិតគ្នា។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅក្រោយជំនួបកំពូលនេះថា «តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី ខ្ញុំមានជំនឿថាយើងនឹងធ្វើវិភាគទានដល់សន្តិភាពនិងភាពសំបូររុងរឿង ព្រមទាំងដល់សន្តិសុខ មិនមែនគ្រាន់តែសម្រាប់ប្រទេសទាំងបីរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់តំបន់នេះនិងសហគមន៍អន្តរជាតិផងដែរ។»
លោកស្រីប្រធានាធិបតី Park បានធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដើម្បីធ្វើការចរចាគ្នាដែលមេដឹកនាំទាំងបីនាក់នេះបានពណ៌នាថាមានភាពស៊ីជម្រៅនិងភាពស្មោះត្រង់។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងសេអ៊ូលបានផ្អាកជំនួបកម្រិតខ្ពស់ជាទៀងទាត់ទាំងនេះជាមួយរដ្ឋាភិបាលក្រុងតូក្យូកាលពីឆ្នាំ២០១២ ដោយសារមានជម្លោះខាងទឹកដីនិងមានកង្វល់ថាលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានព្យាយាមមិនផ្តល់សារៈសំខាន់ច្រើនដល់អំពើឃោរឃៅកាលពីអតីតកាលដែលត្រូវបានប្រព្រឹត្តដោយកងយោធាជប៉ុននៅពេលជប៉ុនធ្វើអាណានិគមលើតំបន់ភាគច្រើននៃទ្វីបអាស៊ីរហូតដល់ទីបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។
នៅក្នុងសន្និសីទសារព័ត៌មាននោះលោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានមានប្រសាសន៍ថា ការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្ររបស់ពួកគេនៅតែអាចដោះស្រាយរួច ក៏ប៉ុន្តែការខ្វែងគំនិតគ្នាទាំងនេះមិនគួររារាំងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងខាងសន្តិសុខក្នុងតំបន់ទេ។
លោក Li បានមានប្រសាសន៍ថា «យើងត្រូវការធ្វើឱ្យសម្រេចការយល់គ្នាទៅវិញទៅមកទាក់ទងនឹងប្រវត្តិសាស្ត្រនិងបញ្ហាប្រវត្តិសាស្ត្រ ហើយយើងត្រូវការក្រឡេកមើលទៅអនាគតនិងយល់ស្របគ្នាអំពីទិសដៅអនាគតមួយដែលផ្អែកលើការសន្ទនាគ្នានិងកិច្ចសហប្រតិបត្តិការជាមួយគ្នា»៕