លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានយល់ស្របគ្នាដោះស្រាយឱ្យបានឆាប់រហ័សនូវជម្លោះច្រើនទសវត្សរ៍មកហើយ អំពីបញ្ហាស្ត្រីកូរ៉េដែលត្រូវបានបង្ខិតបង្ខំឱ្យធ្វើជាទាសករបម្រើផ្លូវភេទ នៅពេលជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េយ៉ាងឃោរឃៅនៅក្នុងពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី២០។
មេដឹកនាំទាំងពីរនាក់នេះបានធ្វើការសន្យាដូច្នេះ នៅក្នុងជំនួបកំពូលទ្វេភាគីក្នុងក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះ ដែលជាជំនួបកំពូលលើកទីមួយរវាងមេដឹកនាំទាំងនេះចាប់តាំងពីលោក Abe បានចូលកាន់តំណែងកាលពីឆ្នាំ២០១២ និងលោកស្រី Park បានចូលកាន់តំណែងកាលពីឆ្នាំ២០១៣។
លោកស្រី Park បានប្រកែកមិនព្រមជួបដោយផ្ទាល់ជាមួយលោក Abe ទេដោយសារប្រទេសជប៉ុនមានការរារែកមិនទទួលស្គាល់ឱ្យបានត្រឹមត្រូវអំពីស្ថានភាពនៃអ្វីដែលហៅថា «ក្រុមស្ត្រីផ្តល់ផាសុខភាព» ដែលត្រូវបានបង្ខិតបង្ខំឱ្យបម្រើការនៅក្នុងបនស្ត្រីពេស្យាក្នុងសម័យសង្គ្រាមសម្រាប់ក្រុមទាហានជប៉ុន នៅពេលដែលជប៉ុនបានកាន់កាប់ឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥។
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកស្រីប្រធានាធិបតី Park បាននិយាយថា លោកស្រីបានមានប្រសាសន៍ប្រាប់លោក Abe ថាបញ្ហានៃក្រុមស្ត្រីផ្តល់ផាសុខភាព «ជាបញ្ហាធំបំផុត» ដែលបានរារាំងការកែលម្អទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងតូក្យូ។
លោក Abe បានយល់ស្របជាមួយមនោសញ្ចេតនានេះដោយលោកបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបកំពូលនេះថា «បញ្ហាទាំងនេះមិនគួរត្រូវបន្សល់ទុកឱ្យក្រុមមេដឹកនាំក្នុងពេលអនាគតដោះស្រាយទេ នៅពេលដែលយើងខិតខំប្រឹងប្រែងកសាងទំនាក់ទំនងផ្អែកលើកិច្ចសហប្រតិបត្តិការក្នុងពេលអនាគត៕»