លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជប៉ុន បានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ឬ (LDP) នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយសមាជិករបស់គណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាច (LDP) ដើម្បីស្នងតំណែងលោក Shinzo Abe នាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
បុរសដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនជាកូនរបស់កសិករដាំផ្លែ Strawberry ម្នាក់ដោយមានបុគ្គលិកលក្ខណៈដាក់ខ្លួននិងចូលចិត្តធ្វើអ្វីដែលលើសពីការរំពឹងទុករបស់អ្នកដៃទៃ ។
លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃច័ន្ទបានទទួលជ័យជម្នះយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយសមាជិករបស់គណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាច (LDP) ដែលនឹងធានាថា លោក នឹងស្នងតំណែងលោក Shinzo Abe នាយករដ្ឋមន្ត្រីដែលចុះចេញពីតំណែង។
លោក Abe ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេបង្អស់របស់ជប៉ុន បានប្រកាសកាលពីខែមុនដោយមិនរំពឹងទុកមួយថា លោកនឹងចុះចេញពីតំណែងពីព្រោះតែបញ្ហាសុខភាព។
អ្នកនយោបាយបានទទួលជោគជ័យដោយខ្លួនឯង
លោក Suga មិនមែនចេញមកពីក្រុមគ្រួសារសន្តតិវង្សនយោបាយហើយមិនមែនស្ថិតនៅក្នុងភាគីណាមួយនៅក្នុងគណបក្សដែលប្រធានគណបក្សដើរតួនាទីដ៏សំខាន់នៅក្នុងការកំណត់មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) នោះទេ។
ក្នុងអត្ថាធិប្បាយរបស់លោក បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃចន្ទ លោក Suga បានបញ្ជាក់កិត្តិនាមរបស់លោកថាជាអ្នកនយោបាយកើតចេញដោយការខំប្រឹងប្រែងខ្លួនឯង។
លោក Suga បាននិយាយថា «ខ្ញុំកើតមកជាកូនប្រុសច្បងរបស់កសិករម្នាក់នៅក្នុងខេត្ត Akita។ ដោយមិនមានចំណេះដឹង ឬឈាមជ័រខាងនយោបាយ ខ្ញុំបានចាប់ផ្តើមចូលក្នុងពិភពនយោបាយ ដោយចាប់ផ្តើមពីបាតដៃទទេ រហូតដល់អាចក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) តាមប្រពៃណី និងប្រវត្តិរបស់គណបក្សនោះ។
អ្នកស្ថាបនារដ្ឋាភិបាលចម្រុះ
ថ្វីបើ លោកត្រូវបានគេមើលឃើញថាជាមនុស្សម្នាក់មិនសូវនិយាយស្តីដែលតែងតែអានតាមសុន្ទរកថាព្រាងទុកក៏ដោយ ក៏លោក Suga មានកេរ្តិ៍ឈ្មោះដ៏ល្អចំពោះការ ស្ថាបនាសម្ព័ន្ធភាពដែលជួយពន្យល់ថាតើហេតុអ្វីភាគីនានាក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) បានរួបរួមគ្នាយ៉ាងឆាប់រហ័សនៅជុំវិញលោកបន្ទាប់ពីការប្រកាសចុះចេញពីតំណែងរបស់លោក Abe។
លោកស្រី Sheila Smith ជាអ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់ការសិក្សាពីប្រទេសជប៉ុននៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបាននិយាយថា លោក Suga ត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះការរៀបចំចាត់ចែងយ៉ាងខ្លាំងពូកែរបស់លោកនៅក្នុងការិយាធិបតេយ្យដ៏ស្មុគ្រស្មាញរបស់ជប៉ុន។
នៅទីបញ្ចប់ លោក Suga បានទទួលសន្លឹកឆ្នោតប្រហែល៧០ភាគរយពីសមាជិកសភា និងអ្នកតំណាងគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃចន្ទ ដោយបានយកឈ្នះយ៉ាងងាយស្រួលលើលោក Shigeru Ishiba អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោក Fukio Khisida ប្រធានគោលនយោបាយរបស់គណបក្ស LDP។
ការបន្តសេដ្ឋកិច្ច
ដូចដែលរំពឹងទុក លោក Suga បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោក «នឹងទទួលបានមរតក និងការសម្របសម្រួលជាច្រើននៃគោលនយោបាយ» របស់លោក Abe។
លោក Suga បាននិយាយរួចហើយថា លោកនឹងបន្តអ្វីដែលហៅថា យុទ្ធសាស្ត្រ «គោលនយោបាយសេដ្ឋកិច្ចរបស់លោក Abe ឬ (Abenomics) ដែលធ្វើគោលនយោបាយឱ្យប្រាក់មានតម្លៃថោក និងមានប្រាក់ជំនួយសេដ្ឋកិច្ចគ្រប់គ្រាន់តាមរយៈការចំណាយរបស់រដ្ឋាភិបាល និងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សេងៗទៀត។
គោលនយោបាយទាំងនោះមានន័យថា ជួយធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចអសកម្មរបស់ជប៉ុនដែលប្រឈមការចុះថ្លៃទំនិញ ការកើនឡើងនូវចំនួនពលរដ្ឋចាស់ជរា និងអត្រាកំណើតទាប។ បញ្ហាប្រឈមខាងសេដ្ឋកិច្ចរបស់ជប៉ុន បានរីកកាន់តែធំឡើងពីព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការរាតត្បាតនៃជំងឺកូវីដ១៩។
គោលនយោបាយការបរទេស
ចំពោះគោលនយោបាយការបរទេសវិញ លោក Suga ប្រហែលជានឹងគ្មានការផ្លាស់ប្តូរច្រើនទេ។ លោកបានបង្ហើបឱ្យដឹងថា លោកនឹងបន្តជំរុញឱ្យមានការពិនិត្យមើលឡើងវិញរដ្ឋធម្មនុញ្ញដែលផ្តោតលើសន្តិភាពរបស់ជប៉ុនដោយអនុញ្ញាតឱ្យប្រទេសនេះមានតួនាទីកាន់តែធំឡើងនៅក្នុងកិច្ចការពិភពលោក។
លោក Sugaក៏បានសន្យាដែរថា លោកនឹងមិនសុខចិត្តចុះចាញ់ចិន ដែលអាចបន្តគោលនយោបាយរបស់លោក Abe ដើម្បីពង្រីកការខំប្រឹងប្រែងក្នុងតំបន់ដើម្បីតទល់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្នុងអត្ថាធិប្បាយនៅដើមខែនេះ លោក Suga បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដោយមិនមានលក្ខខណ្ឌជាមុនដើម្បី «បំបែកភាពទាល់ច្រក» ស្តីពីបញ្ហាជនជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងក្នុងទសវត្សរ៍១៩៧០ និង៨០។
តើមានអ្វីបន្ទាប់ទៀត
លោក Suga នឹងស្ទើរតែប្រាកដថា នឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលដែលសភាបោះឆ្នោតនៅថ្ងៃពុធ ពីព្រោះតែគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) មានអសនៈភាគច្រើននៅក្នុងសភាជប៉ុនជាន់ទាប។
នៅពេលបច្ចុប្បន្ននេះ លោក Suga បានបម្រុងបន្តកាន់អំណាចដែលនៅសល់ក្នុងអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី Abe រហូតដល់ខែកញ្ញា ឆ្នាំ២០២១។ ក៏ប៉ុន្តែមនុស្សជាច្រើនទស្សន៍ទាយថា នៅពេលឆាប់ៗនេះ លោកនឹងអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ដើម្បីក្តោបការកាន់អំណាចរបស់លោក និងបន្តអាណត្តិរបស់លោក៕
ប្រែសម្រួលដោយជឹង ប៉ូជីន