ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ជប៉ុន​ចាប់ផ្ដើម​ការ​ប្រកួត​ជ្រើស​រើស​អ្នក​ស្នង​តំណែង​លោក Shinzo Abe


រូប​ឯកសារ៖ លោក Yoshihide Suga ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Yoshihide Suga ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ បានចាប់ផ្ដើម​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​អ្នក​ស្នង​តំណែង​លោក​នាយក​រដ្ឋមន្ត្រី Shinzo Abe ដោយ​អ្នក​ជំនិត​ដ៏​មាន​ឥទ្ធិពល​របស់​លោក គឺលោក Yoshihide Suga កំពុង​នាំ​មុខគេ​ដាច់តែ​ម្ដង។

លោក Suga រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋមន្ត្រី អាយុ ៧១ ឆ្នាំ ជា​កូនប្រុស​របស់​កសិករ​ចំការ​ផ្លែ​ស្ត្រប៊ែរី បាន​ទទួល​ការ​គាំទ្រ​ភាគ​ច្រើនរួចទៅ​ហើយ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​របស់​ជប៉ុន ដែល​ហៅ​កាត់​ថា LDP មុន​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​ខាង​មុខ។

ប៉ុន្តែ លោក Suga មិន​មែន​គ្មាន​គូ​ប្រជែង​នោះទេ។ លោក​មាន​គូ​ប្រជែង​ពីរ​រូប​គឺ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Shigeru Ishiba និង​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Fumio Kishida។

​ដោយសារតែ​គណបក្ស LDP មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ គឺ​បា្រកដថា​នឹង​ឈ្នះ​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី ១៦ ខែ​កញ្ញា​ខាង​មុខ និង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់របស់​ប្រទេស​ជប៉ុន​តែម្ដង។

ការ​ប្រកួតប្រជែ​ជ្រើសរើស​អ្នក​ដឹកនាំ​ថ្មី​របស់​គណបក្ស LDP នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី Abe ដែល​ជា​នាយករដ្ឋមន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស បាន​ប្រកាស​ភ្លាមៗ​កាល​ពី​ចុង​ខែ​សីហា​ថា លោក​លាលែង​ពី​តំណែង​ព្រោះ​បញ្ហា​សុខភាព៕

XS
SM
MD
LG