ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ដែល​ប្រើ​ពាក្យ ​«វៀតណាម​ឈ្លានពាន​កម្ពុជា»


នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក​ Lee Hsien Loong ​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​សន្តិសុខ​អាស៊ី IISS Shangri-la Dialogue នៅ​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩។
នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក​ Lee Hsien Loong ​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​សន្តិសុខ​អាស៊ី IISS Shangri-la Dialogue នៅ​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩។

ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី នៅសប្តាហ៍​មុន​ថា ការអន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅឆ្នាំ​១៩៧៩ជា «ការឈ្លានពាន​របស់​វៀតណាម» ទៅ​លើ​កម្ពុជា​នោះ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​តែង​ចាត់​ទុក​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នេះ​ថា ជា​ការជួយ​រំដោះ​ដោយ​ភាគី​វៀតណាម។

មន្ត្រីជាន់​ខ្ពស់​កម្ពុជាបាន​ប្រតិកម្ម​ទៅ​នឹងលោក​ Lee Hsien Loong ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដែល​បាន​ហៅ​អន្តរាគមន៍​របស់​វៀតណាមនៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៧៩​ថា​ ជា​ការ​«ឈ្លានពាន»។ លោក​ Lee Hsien Loong​ លើក​ឡើង​ដូច្នេះ​នៅ​មុន ​និង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី​មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ​លោក​ហ៊ុន ម៉ានី​ ​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ជា​តំណាង​រាស្ត្រ​មួយ​រូប​របស់​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​នោះ បាន​ប្រតិកម្ម​ទៅ​នឹង​សារ​តាម​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដែល​បាន​ផ្ញើសំបុត្រ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ដើម្បីចែក​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​គឺ​ឧត្តមសេនីយ៍​ Prem Tinsulanonda។​ នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូប​នោះ​ក្នុង​ការ​ការពារសន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទសវត្សរ៍​៨០និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥​នៅ​ពេល​នោះ​ ដោយទប់ទល់ការ​វាតទីរបស់​ប្រទេសកុម្មុយ​និស្ត​វៀតណាម​ ដែល​បាន​«ឈ្លាន​ពាន»ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​ខ្មែរក្រហម ​ហើយ​ដែល​ការណ៍​នេះបានរារាំង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ។

លោក​តំណាង​រាស្ត្រ ​ហ៊ុន ម៉ានី ​បាន​សរសេរ​សារតប​តាម​ហ្វេសប៊ុក​ដោយ​ភ្ជាប់​រូប​ភាព​សារ​របស់​លោក​ Lee Hsien Loong ​ដោយ​លោក​បញ្ជាក់​ថា ​លោក​មាន​«ការ​ភ្ញាក់​ផ្អើល»ចំពោះ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី។ ​លោក​ហ៊ុន ម៉ានី​បាន​បញ្ចេញ​មតិ​ក្នុង​នាមផ្ទាល់​ខ្លួន​ថា ​ទោះ​បី​លោក​យល់​ថា​ ​មតិ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ធ្វើ​ឡើង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ទស​វត្សរ៍​១៩៧០​និង​១៩៨០ក្តី ​ ក៏​លោកយល់​ថា​ គេ​មិន​គួរ​មើល​រំលង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ការ​ប្រល័យ​ពូជ​សាសន៍​ប្រព្រឹត្ត​ដោយរបប​ខ្មែរ​ក្រហម​លើ​ជន​រង​គ្រោះ​«ជិត​៣​លាន»​នាក់​នោះ​ទេ។​

​លោក​ ហ៊ុន ម៉ានី មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ថា គួរ​ប្រើ​ពាក្យ​«រំដោះ»ជំនួសពាក្យ​«ឈ្លាន​ពាន»​នោះ​ទេ ​ប៉ុន្តែ​លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដោយ​ប្រែ​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើមថា៖​

«ខណៈ​ដែល​អ្នក​រាល់​គ្នា​កំពុង​លេង​ល្បែង​នយោបាយ​ ​ប្រជាជន​កម្ពុជា​បាន​បន់​ស្រន់​ថា​ ​ពួក​យើង​ចង់​ឲ្យ​គេ​មក​សង្គ្រោះខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ហើយ​វា​មិន​សំខាន់​ទេ​ថា​ ​ការ​សង្គ្រោះ​នោះ​ចេញ​ពីអ្នក​ណា​ ឬ​មាន​ប្រភព​ពី​ទី​ណា​នោះ។ ​ការ​ជួយ​[សង្គ្រោះ​]​នោះ​ក៏​បាន​ចេញ​ជា​រូបរាង​ក្នុង​ទម្រង់​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង»។​

ការ​បក​ស្រាយ​ផ្ទុយ​គ្នា​អំពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​អន្តរាគមន៍​យោធា​របស់​វៀតណាម​ប្រឆាំង​នឹង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​តែង​ជា​ចំណុច​ខ្វែង​គំនិត ​និង​រសើប​ខាង​នយោបាយ​កម្ពុជា ​និង​តំបន់​ ហើយ​កន្លង​មក​តែង​មាន​ការ​ជំទាស់​គ្នា​ជា​រឿយៗ។​

នៅ​ក្នុង​សុន្ទរកថា​បើកវេទិកា Shangri-La Dialogue ​ដែល​ជា​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី ​នៅ​យប់​ថ្ងៃ​សុក្រ​នោះ​ដែរ​ លោក​ Lee Hsien Loong ​បានថ្លែង​ទៅ​កាន់​គណៈ​ប្រតិភូ​មក​ពី​ជុំ​វិញ​ពិភព​លោក​ដោយ​លើក​យក​ព្រឹត្តិ​ការណ៍​នៃ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​ក្នុង​បរិបទ​ប្រវត្តិ​សាស្ត្រ​នយោបាយ​តំបន់​នៅ​ពេល​នោះ​មក​បញ្ជាក់​ជា​ថ្មី​ថា៖​

«បន្ទាប់​ពី​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ ​សហ​រដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​តែ​មួយ​គត់។ ​អាស៊ី​អាគ្នេយ៍​បាន​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ថ្មី​មួយ។ ​សង្រ្គាម​ឥណ្ឌូចិន​បាន​បញ្ចប់​ទៅ​ ហើយ​ប្រទេស​កុម្មុយនីស្ត​នានា​[នៅ​ឥណ្ឌូចិន]​បាន​បើក​ចំហ​នយោបាយ​ជាង​មុន។ ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ ​ប្រទេស​វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​ ហើយ​ក្លាយ​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជិត​ខាង​ខ្លួន​ដែល​មិន​មែន​កុម្មុយនីស្ត។ ​ប៉ុន្តែ​ឥឡូវ​នេះ ​វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន​ ដោយ​រួម​ទាំង ​កម្ពុជា ​ឡាវ ​និង​មីយ៉ាន់ម៉ា​ផង​ដែរ។ ​នេះ​ជា​ករណី​នៃ​ការ​ប្រែ​ក្លាយ​សង្រ្គាម​ឲ្យ​ទៅ​ជា​សន្តិភាព»។​

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ដែល​ទើប​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ ​Shangri-La ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​បាន​បញ្ជាក់ប្រាប់ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​ដោយ​ប្រើ​ពាក្យ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​មិន​«យុត្តិធម៌»​ចំពោះ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះដោយ​របប​ខ្មែរក្រហមនោះ​ទេ។​ ​លោក​បាន​បញ្ជាក់​ថា​ វា​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​ភាគី​វៀតណាម​មក​ជួយ​«រំដោះ»​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​រូប​នេះបញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ​Shangri-La Dialogue នៅ​សិង្ហបុរី​កាល​ពី​ចុង​សប្តាហ៍​នេះ​ ​លោក​បាន​លើក​ចំណុចអាក់អន់​ចិត្តបន្តិច​បន្តួច​របស់​ភាគី​កម្ពុជា​នេះទៅ​ជម្រាប​ជូន​សមភាគី​លោក​គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី Ng Eng Hen ​រួច​ហើយ។​

«យើង​បញ្ជាក់​ឲ្យគាត់​ថា​ ពាក្យ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ដូច្នេះ​គាត់​ចង់​កែ​តម្រូវ​របៀប​ណា​ អា​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ។​ យើង​ក៏​មិន​ហ៊ាន​ទៅ​ផ្ទៀងផ្ទាត់ ឬ​ក៏​ទៅ​បញ្ជា​គេ​ថា ​អញ្ចុះ​អញ្ចេះ​នោះ​ យើង​អត់​មាន​ទេ»។​

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​អង្គុយ​ជាប់រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី Shangri-La Dialogue កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។ (Facebook/General Tea Banh official page)
លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​អង្គុយ​ជាប់រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី Shangri-La Dialogue កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។ (Facebook/General Tea Banh official page)

លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់ ​VOA ​ថា ​ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​ម្នាក់ ​លោក​យល់​ស្រប​នឹង​ទស្សនៈ​ថា ​ការ​ជជែក​អំពី​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នៅ​ពេល​នោះមិន​ត្រូវ​មើល​រំលងប្រជាជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​ដែល​រងគ្រោះ​ដោយ​របប​នោះ ​ហើយ​តាមទស្សនៈផ្ទាល់​របស់​លោក​ ​ អន្តរាគមន៍​របស់​វៀតណាម​ជា​ការ​«រំដោះ»។​

ប៉ុន្តែអ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បានបន្ថយ​ទម្ងន់​នៃ​ប្រតិកម្ម​របស់​កម្ពុជាចំពោះ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​សិង្ហបុរី ​ដោយ​លោក​បញ្ជាក់​ថា៖​

«គាត់​និយាយ​តាំង​ឆ្នាំ​[១៩]៧៩។ ​កម្ពុជា​ដូច​ជា​ខ្ញុំ​អី ​ឯក​ឧត្តម​ហ៊ុន ម៉ានី​អី ​ឬ​រាជ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ​និយាយ​ឆ្នាំ​៧៩​ដូច​គ្នា។ ​ក៏​ប៉ុន្តែ​ដូច​ជម្រាប​ជូន​អ៊ីចឹង​ លោក​Lee Hsien Loong ​មាន​ជួប​ប្រទះ​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ជិត​អស់​ជីវិត​ដូច​យើង​ខ្ញុំ​ឯ​ណា?​ អ៊ីចឹង​គាត់​និយាយ​មួយ​បែប​របស់​គាត់។​ អាហ្នឹង​ជា​រឿង​គាត់។​ យើង​អត់​មាន​ថ្នាំង​ថ្នាក់​អី​ទេ»។​

លោក​សុខ ឥសាន​បន្ថែម​ថា ​ការ​វិនិច្ឆ័យ​អំពី​ភាព​ខុសត្រូវ​នៃ​ការ​ប្រើ​ពាក្យ​ប្រវត្តិ​សាស្ត្រ​នេះគឺ​ទី​បំផុតអាស្រ័យ​លើ​ប្រជាជន៖​

«យើង​ថាខុស​ក៏​អត់​ថា​ខុស។ ​យើង​ថា​ត្រូវ​ក៏​អត់​ថា​ត្រូវ​ដែរ។​ ស្រេច​តែ​លើ​ការ​វិនិច្ឆ័យ​របស់​ប្រជាជន​គាត់​ ឬ​មួយ​ក៏​ប្រជាជន​នៅ​អាស៊ី​អាគ្នេយ៍​ ឬ​មួយ​ក៏​ប្រជាជន​កម្ពុជា​ដែល​ឲ្យ​តម្លៃ​ថា​ គាត់​និយាយ​ត្រូវ​ ឬ​ខុស»។​

VOA ​មិន​អាច​ទាក់ទង​ទាំង​ស្ថានទូត​សិង្ហបុរី​ និង​ស្ថានទូត​វៀតណាម​ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេនៅត្រឹម​រសៀល​ថ្ងៃ​អង្គារ​។​

លោក​រដ្ឋមន្ត្រីការពារ​ជាតិ ​ទៀ បាញ់​មិន​រំពឹង​ថា ​ការ​ប្រើ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រីសិង្ហបុរី​ថា«វៀតណាម​ឈ្លាន​ពាន»​នេះ​នឹង​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សិង្ហបុរី​ ឬ​សមាជិក​អាស៊ាន​ទេ ​ដោយលោក​ថា ​ការ​ថ្លែងនេះ​គឺ​ជា​ការ​ថ្លែង​ជា​ទូទៅប៉ុណ្ណោះ​ ហើយ​វា​ជា​ការ​យល់​ច្រឡំ​អំពី​ប្រវត្តិ​សាស្ត្រ៕

XS
SM
MD
LG