ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​ថា «អ៊ុយក្រែន​ថ្ងៃ​នេះ​អាច​ជា​អាស៊ី​បូព៌ា​ថ្ងៃ​ស្អែក»


នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​លោក Shigeru Ishiba ថ្លែង​កាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០២៤​ ទីក្រុង​តូក្យូ។
នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​លោក Shigeru Ishiba ថ្លែង​កាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០២៤​ ទីក្រុង​តូក្យូ។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​លោក Shigeru Ishiba បាន​ព្រមាន​ក្នុង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ជា​លើក​ដំបូង​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា «អ៊ុយក្រែន​ថ្ងៃ​នេះ​អាច​ជា​អាស៊ី​បូព៌ា​ថ្ងៃ​ស្អែក»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Ishiba បាន​ថ្លែង​ក្នុង​សភា​ជប៉ុន​ថា៖ «មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា​ស្ថានភាព​នៅ​អ៊ុយក្រែន​ថ្ងៃ​នេះ​អាច​ជា​ស្ថានភាព​នៅ​អាស៊ី​បូព៌ា​ថ្ងៃ​ស្អែក។ ហេតុអ្វី​បាន​ជា​ការ​ទប់ស្កាត់​មិន​អាច​ធ្វើ​បាន​នៅ​អ៊ុយក្រែន?»។

លោក Ishiba វ័យ ៦៧ ឆ្នាំ ដែល​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​ថ្លែង​ទៀត​ថា៖ «គួបផ្សំ​នឹង​ស្ថានការណ៍​នៅ​មជ្ឈិម​បូព៌ា សហគមន៍​អន្តរជាតិ​កំពុងតែ​បែកបាក់​និង​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំងឡើង»។

ទំនាក់ទំនង​របស់​ជប៉ុន​ជាមួយ​ចិន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពេល​ចិន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​ជុំវិញ​ដែន​ជម្លោះ​នៅក្នុង​តំបន់ ហើយ​ជប៉ុន​បង្កើន​ចំណង​ទាក់ទង​ផ្នែក​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោក Ishiba គាំទ្រ​ការ​បង្កើត​សម្ព័ន្ធភាព​យោធា​ក្នុង​តំបន់​ស្រប​តាម​មាគ៌ា​អូតង់ (NATO) ដោយ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​បរិយាកាស​សន្តិសុខ​នៅ​អាស៊ី «មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​តាំងពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ទៅ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG