ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​​វ័យ​ក្មេង​​តំណាង​​គណបក្ស​​នៅ​​កម្ពុជា​​ចូលរួម​​កម្មវិធី​​ពាក់ព័ន្ធ​​នឹង​​នយោបាយ​​នៅ​​ប្រទេស​ជប៉ុន


រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

យុវជន​កម្ពុជា​ ១០ ​នាក់ ​ដែល​មក​ពី​គណបក្ស​នយោបាយ​ចម្រុះ​ចំនួន ​៩ ​បាន​ចូល​រួម​កម្មវិធី​យុវជន​ពាក់ព័ន្ធ​នឹង​នយោបាយ​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្លាស់​ប្តូរ​យុវជន​ដែល​គាំទ្រ​ដោយ​ក្រសួង​ការ​បរទេស​ជប៉ុន។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ជប៉ុន ​និង​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​យុវជន ​២ ​នាក់ ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ ៨ ​នាក់​ទៀត​មក​ពី​គណបក្ស​ផ្សេង​ទៀត ​ដែល​មាន​ទាំង​គណបក្ស​ជំទាស់។ ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ បណ្តាញ​ផ្លាស់ប្តូរ​និស្សិត​និង​យុវជន​ជប៉ុន​អាស៊ី​បូព៌ា ​ឬហៅ​ថា​ JENESYS ​(Japan-East Asia Network of Exchange for Students and Youths) ​មាន​រយៈ​ពេល​ ៨ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ៣១ ​ខែ​មករា ​ដល់ថ្ងៃ​ទី ៧​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤។​

បើ​តាមមន្រ្ដី​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ​គណបក្ស​ដែល​មាន​តំណាង​ចូលរួម​កម្មវិធី​នេះ ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ភ្លើងទៀន ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ជនជាតិ​ដើម​ប្រជា​ធិបតេយ្យ​កម្ពុជា ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​គណបក្ស​កែ​ទម្រង់​កម្ពុជា ​គណបក្ស​ខ្មែរ​រួមជាតិ ​និង​គណបក្ស​ធម្មា​ធិបតេយ្យ។​

មន្រ្ដី​ស្ថានទូតជប៉ុន​ប្រចាំ​កម្ពុជា​ប្រាប់​វីអូអេ​ថា​ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​«ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​សង្កេត​មើល​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ពហុបក្ស​របស់​ប្រទេស​ជប៉ុន​នៅ​ទី​តាំង​ផ្ទាល់ ​និង​តាម​រយៈ​ការ​ជំរុញ​ការ​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច ​គណបក្ស​ប្រឆាំង ​និង​អ្នក​ផ្សេង​ទៀត»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ​យុវជន​ទាំង ​១០ ​នាក់ ​នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​វិមាន​រដ្ឋ​សភា​ជាតិ ​ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​តំណាង​រាស្រ្ដ​ជប៉ុន​នៃ​ក្រុម​មិត្តភាព​តំណាង​រាស្រ្ដ​ជប៉ុន-កម្ពុជា ​ទស្សនកិច្ច​ខេត្ត​គុនម៉ា ​(Gunma) ​ដើម្បី​សង្កេត​មើល​ការ​បោះ​ឆ្នោត​សភា ​ក្រុង​ម៉ែបាស៊ី ​(Maebashi) ​និង​ស្វែង​យល់​អំពី​សកម្ម​ភាព​លើក​ស្ទួយ​ក្រុង​ម៉ែបាស៊ី។​

លោក ​ថន ចន្ថា ​យុវជន​តំណាង​គណបក្ស​ភ្លើងទៀន ​ប្រាប់​វីអូអេ​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ដំណើរ​ទស្សន​កិច្ច​នេះ​ពិត​ជា​មាន​សារៈ​ប្រយោជន៍​សម្រាប់​យុវជន​ដែល​មក​ពី​តំណាង​គណបក្ស​នយោបាយ​ចម្រុះ ​ដើម្បី​អាច​សិក្សា​ស្វែង​យល់​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស ​ប្រពៃណី ​ជាពិសេស​សកម្មភាព​នយោបាយ​របស់​ប្រទេស​ជប៉ុន។​

លោក ​ថន ចន្ថា ​ថ្លែង​ថា៖ ​«បើ​សិន​ជា​គ្រប់​យុវជន​មក​ពី​គណបក្ស​នយោបាយ​ទាំង​អស់​បើក​ចិត្ត​ឱ្យ​ទូលាយ​ រៀន​សូត្រ​ហើយ​នឹង​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ផល​ប្រយោជន៍​រួម​ជា​ធំ​ ធ្វើ​ដើម្បី​ជាតិ ​ធ្វើ​ដើម្បី​ប្រជា​ពលរដ្ឋ ​ហើយ​យើង​យក​គំរូ​ទៅ​តាម​ប្រទេស​ជប៉ុន​ដែល​គេមាន​គោរព ​និង​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ខ្ពស់​ហ្នឹង ​ច្បាស់​ណាស់​ខ្ញុំ​គិត​ថា ​ប្រទេស​កម្ពុជា​នឹង​មាន​ការ​អភិវឌ្ឍ​ជាង​ហ្នឹង»។​

លោក ​ថន ចន្ថា ​យល់​ឃើញ​ថា កម្ពុជា​គួរ​តែ​បើ​លំហ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ ហើយ​គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​ងាក​មក​រកដំណោះ​ស្រាយ​បញ្ហា​ជុំ​គ្នា។​

លោក​បន្ថែម​ថា៖ ​«ប្រសិន​បើ​គ្រប់​គណបក្ស​នយោបាយ ​គ្រប់ភាគី​នយោបាយ​តម្កល់​ផល​ប្រយោជន៍​រួម​ គិត​ផល​ប្រយោជន៍​ជាតិជា​ធំ ​ហើយ​ងាក​មក​ជជែក​គ្នា ​ងាក​មក​ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយ​គ្នា​ ហើយ​យើង​លើក​យក​បញ្ហា​ជាតិ​មក​ដាក់​លើ​តុ​ដើម្បី​ជជែក​គ្នា ​ហើយ​យើង​បើក​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឱ្យ​មាន​លំហ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ល្អ​ជាង​នេះ ​ដែល​យើង​អាច​ផ្ដល់​ឱកាស​ឱ្យ​តំណាង​គណបក្ស​គណបក្ស​នយោបាយ​ជំទាស់​ ជាពិសេស ​អាច​មាន​សំឡេង​ អាច​និយាយ​ដោយ​ទូលំ​ទូលាយ​ ដោយ​មិនពាក់​ព័ន្ធ​ទៅ​នឹង​ផ្លូវ​ច្បាប់​ ការ​ចាប់​ចង ​គ្រាន់​តែ​បញ្ចេញ​មតិ ​បញ្ចេញ​ទស្សនៈ​ទៅ​នឹង​រឿង​បញ្ហា​សង្គម​ជាតិ​នោះ​ទេ​ ច្បាស់​ជា​នឹង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​ល្អ​ជាង​នេះ​ទៅ​ទៀត​នា​ពេល​ខាង​មុខ»។​

គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​មុន​ឡើយ ​ដោយ​សារ​កង្វះ​ឯកសារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស។​

លោក ​ស៊ីម ជឿង ​យុវជន​តំណាង​គណបក្ស​កែ​ទម្រង់​កម្ពុជា ​យល់​ឃើញ​ថា ​កម្មវិធី​នេះ​ផ្ដល់​ផល​សំខាន់​ដល់​យុវជន​គណបក្ស​នយោបាយ​ ក្នុង​ការ​តស៊ូ​មតិ​ចំពោះ​បញ្ហា​សង្គម ​ជាពិសេស​គឺ​ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទិ្ធ​មនុស្ស។ ​លោក​បន្ត​ថា​ យុវជន​ដែល​មក​ពី​បណ្ដា​គណបក្ស​នយោបាយទាំង​អស់​គួរ​តែ​រួបរួម​គ្នា​ ចេះ​ជជែក​គ្នា ​លើ​យក​បញ្ហា​ដាក់​នៅ​លើ​តុ ​និង​រក​ដំណោះ​ស្រាយ​រួម​គ្នា ​ចៀស​ជាង​ការ​ជជែក​ក្រៅ​ផ្លូវ​ការ ​ដោយ​មិន​មាន​ដំណោះ​ស្រាយ។​

លោក ​ស៊ីម ជឿង ​ថ្លែង​ថា៖ ​«បច្ចុប្បន្ន​យើង​ឃើញ​ថា ​យុវជន​មាន​ការ​ផុស​ផុល​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​សង្គម​ជាតិ​ជា​ច្រើន ​ប៉ុន្ដែ​ពាក់​ព័ន្ធ​ជាមួយ​ការ​ជជែក​រក​ដំណោះ​ស្រាយ​រួម​គ្នា ​រក​មតិ​រួម​គ្នា ​ខ្ញុំ​គិត​ថា​ នៅ​មាន​កម្រិត។ ​ដូច្នេះ​ហើយ​ខ្ញុំ​សុំ​លើក​ទឹក​ចិត្ត​ដល់​យុវជន​មក​ពី​បណ្ដា​គណបក្ស​នយោបាយ​ទាំង​អស់ ​បើ​សិន​ជា​យើង​ចេះ​ឈឺ​ឆ្អាល​ មាន​គំនិត​ស្រឡាញ់​សង្គម​ជាតិ​យើង​ហើយ ​យើង​ត្រូវ​តែ​ចេះ​រក​វិធី​ធ្វើ​យ៉ាងណា​និយាយ​គ្នា​ដោយ​សន្ដិវិធី​នៅ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ជូន​ជាតិ​របស់​យើង»។​

គួរ​បញ្ជាក់​ថា​ នេះ​ជា​កម្មវិធីដំណើរ​ទស្សន​កិច្ចលើក​ទី​ ៦ ​ដែល​ប្រទេស​ជប៉ុន​បាន​រៀបចំ​ឡើង​សម្រាប់​យុវជន​កម្ពុជា ​ចាប់​តាំង​ពីឆ្នាំ​ ២០១៨​ ដែល​មក​ទល់​ពេល​នេះ​មាន​យុវជន​កម្ពុជា​ចូលរួម​សរុប​ ៦០ ​នាក់។​

កាល​ពី​កន្លង​ទៅ ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​បាន​ជំរុញ​ឱ្យ​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​និង​ការ​បោះ​ឆ្នោត​សាកលតាម​បែប​ប្រជា​ធិបតេយ្យ​ និង​ពហុ​បក្ស។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ជំរុញ​បែប​នេះ​ទៅ​កាន់​លោក ​ហ៊ុន ម៉ាណែត ​ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន ​មុន​ពេល​លោក​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG