នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានសន្យាគាំទ្រដល់ការស្តារប្រទេសអ៊ុយក្រែនឡើងវិញ នៅក្នុងសន្និសីទមួយនៅថ្ងៃចន្ទនេះក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីមេដឹកនាំរដ្ឋាភិបាលនិងធុរកិច្ចនៃប្រទេសទាំងពីរជាច្រើនរយនាក់។
លោក Kishida ថ្លែងថា៖ «សង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅតែបន្តនៅឡើយក្នុងពេលនេះ ហើយស្ថានភាពក៏កំពុងមានការលំបាកខ្លាំង។ ទោះបីយ៉ាងនេះក្តី ក៏ការលើកកម្ពស់ការស្តារឡើងវិញនៃវិស័យសេដ្ឋកិច្ច មិនមែនជាការវិនិយោគតែមួយប៉ុណ្ណោះសម្រាប់អនាគតនៃប្រទេសអ៊ុយក្រែន ប៉ុន្តែក៏ជាការវិនិយោគក្នុងប្រទេសជប៉ុននិងក្នុងពិភពលោកទាំងមូលផងដែរ»។
លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏បានសន្យាសម្រួលដល់ទិដ្ឋាការចូលក្នុងប្រទេសជប៉ុន និងបានប្រកាសថា ប្រទេសលោកនឹងបើកការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនផងដែរ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ៥០ ដែលរួមមានអនុសញ្ញាអន្តររដ្ឋាភិបាលមួយស្តីពីការជៀសវាងការយកពន្ធជាន់គ្នា ដែលមានសារៈសំខាន់ជាខ្លាំងដល់ក្រុមហ៊ុនជប៉ុន ដែលកំពុងរៀបចំគម្រោងថ្មីៗក្នុងប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Shmyhal បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ដោយរួមបញ្ចូលនូវអំណាចរបស់យើង យើងអាចផ្លាស់ប្តូរការប្រឈមនេះ ទៅជាឱកាសមួយសម្រាប់ការរីកចម្រើននិងវិបុលភាពក្នុងពេលអនាគត។ បទពិសោធន៍របស់ជប៉ុនក្នុងការស្តារឡើងវិញពីសង្គ្រាមលោកលើកទី ២ និងសេដ្ឋកិច្ចខ្លាំងរបស់ប្រទេសនេះ នឹងផ្តល់ឱ្យយើងនូវការជំរុញលើកទឹកចិត្ត»។
ជប៉ុនបានសន្យាផ្តល់ជំនួយដែលមានផ្តល់ប្រាក់ជាង ១០ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសនេះកាលពីពីរឆ្នាំមុនមក។ ជំនួយជប៉ុនភាគច្រើនបំផុត គឺជាជំនួយហិរញ្ញប្បទាននិងមនុស្សធម៌។
ធនាគារពិភពលោក សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណក្នុងរបាយការណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុនថា ប្រទេសអ៊ុយក្រែននឹងត្រូវការជំនួយចំនួន ៤៨៦ ពាន់លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕
វេទិកាបញ្ចេញមតិ