ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការ​បរទេស​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​រឹត​ចំណង​ទ្វេភាគី


រូបឯកសារ៖ សហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក សុខ ចិន្តាសោភា ក្នុងពិធីផ្លាស់ប្តូរឯកសារ នៅទីស្នាក់ការនាយករដ្ឋមន្រ្តីនៅទីក្រុងតូក្យូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ សហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក សុខ ចិន្តាសោភា ក្នុងពិធីផ្លាស់ប្តូរឯកសារ នៅទីស្នាក់ការនាយករដ្ឋមន្រ្តីនៅទីក្រុងតូក្យូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសជប៉ុន​អ្នក​ស្រី​ ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាសប្តាហ៍​នេះដើម្បី​រឹតចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពី​រ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​កម្ពុជា​ចេញ​ផ្សាយ​ជាសាធារណៈ​កាល​ពី​ថ្ងៃចន្ទ។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រូបនេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ដល់ទី​៦ ខែកក្កដា​ ដោយ​អ្នកស្រី​នឹង​មាន​ជំនួប​ជាមួយមន្ត្រី​ជាន់ខ្ពស់​របស់កម្ពុជា​ដូច​ជា​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី​លោក​ហ៊ុន ម៉ាណែត​ និង​ឧបនាយក​រដ្ឋមន្ត្រី​លោក សុខ ចិន្តា​សោភា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​«ទ​ស្សនកិច្ច​របស់​លោក​ជំទាវ​ ខាមីខាវ៉ា យ៉ូកុ​ នឹងរក្សា​សន្ទុះ​នៃការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់​ជាញឹក​ញាប់​ នឹង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាងកម្ពុជា​និង​ជប៉ុន​»​។

ប្រទេសជ​ប៉ុនបាន​សកម្ម​ក្នុងការពង្រីក​ជំនួយ​សម្រាប់​ការស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​នៅ​ក្រោយ​ការ​ចុះកិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​។ បើតាម​អគ្គនាយកដ្ឋាន​និងរដ្ឋាករកម្ពុជា​ ពាណិជ្ជកម្ម​ទ្វេភាគី​ជប៉ុន-កម្ពុជាឈាន​ដល់ ១.៨០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ។

មេ​ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នៅ​ឆ្នាំ​ ២០២៣​ នៅ​ពេល​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ ឆ្នាំ​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

កាល​ពីកន្លងទៅ​មេដឹកនាំ​នៃប្រទេសទាំង​ពីរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ជប៉ុន​ ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​រឹងមាំ​ផ្អែក​លើ​សាមគ្គី​ភាព​ក្នុង​ភាព​ចម្រុះ​ និង​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រួម​គ្នា​បង្ហាញ​នូវ​កម្លាំង​នៃ​សន្តិភាព​ ដើម្បី​ធានា​ថា​ ​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀត​នៃ​ជម្លោះ​ប្រដាប់​អាវុធ។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​រូបនេះ​ គឺមាន​សារៈសំខាន់​នៅក្នុងការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ ជាពិសេស​នៅក្នុង​រដ្ឋាភិបាល​អាណត្តទី​៧នេះ​។

បើ​តាម​សាស្ត្រាចារ្យរូប​នេះ​ ជប៉ុនតែងតែ​ជួយ​កម្ពុជា​ ខណៈ​លោក​កត់​សម្គាល់​ថា​ជប៉ុន​និង​ចិន​គឺជា​ដៃគូ​ប្រកួត​ប្រជែង​គ្នាមួយ​នៅក្នុង​តំបន់​ដែរ​ ហេតុនេះ​ជប៉ុន​ចង់ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹតភាព​ក្នុងទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​។

លោក​បញ្ជាក់ថា​៖«ដូច្នេះកិច្ច​ការរដ្ឋមន្ត្រី​ការបរទេស​ជប៉ុនមក​កម្ពុជា​ មាន​សារៈសំខាន់​នៅ​ក្នុងជំហរ​អព្យាក្រឹត​របស់​កម្ពុជា។ បើសិន​ជាកម្ពុជា​ឈរល្អៀង​ទៅចិន វាជាកិច្ច​ការមួ​យ​ដែល​ជប៉ុន​មានក្តី​បារម្ភច្រើន ប៉ុន្តែ​កម្ពុជា​ឈរ​អព្យាក្រឹត​ដូចក្នុង​លក្ខណៈ​គោល​ន​យោ​បាយ​ដូច​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជាពិត​ប្រាកដ​ ជប៉ុន​មិនមាន​សេចក្តី​បារម្ភទេ​។អ៊ីចឹង​ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​ជាយន្ត​ការ​មួយ​ ក៏ជា​ការ​បញ្ជាក់​ដែរ​នៅក្នុង​គោល​នយោ​បាយ​បរទេ​ស​របស់​កម្ពុជា វា​ទាម​ទារ​ឱ្យ​មាន​អព្យាក្រឹតភាព​ពិតប្រាកដ»។

លោក ឯម សុវណ្ណារ៉ា យល់​ឃើញថា​នៅគ្រា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ កំពុងតែ​អាប់អួ​ ជប៉ុន​មិន​គួរព្រងើយ​ឡើយ ប៉ុន្តែ​ត្រូវ​ជំរុញ​ឱ្យរដ្ឋា​ភិបាល​កម្ពុជា​ដើរនៅ​ឱ្យ​លើ​មាគ៌ា​ប្រជាធិបតេយ្យវិញ​។

​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក ​លឹម ឆាយ បានលើកឡើង​ថា​ការចូ​លរួមផ្នែក​សេដ្ឋកិច្ចដ៏ច្រើន​របស់​ជប៉ុន​ជាមួយ​កម្ពុជាបានរួ​មចំណែក​យ៉ាងសំខា​ន់ដល់ការរីក​ចម្រើនរបស់​កម្ពុជាក្នុងវិស័យ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ និង​ការវិនិយោគ​ផ្ទាល់​ពីបរទេស។ លោក​បន្តថា​ទោះបីជា​ប្រទេសចិន​បានវ៉ាដាច់​ប្រទេស​ជប៉ុនជា​ប្រភពចម្បង​នៃជំនួយអភិវឌ្ឍន៍​ផ្លូវការ​របស់​កម្ពុជា​ក្នុងឆ្នាំ២០០៧ ក៏ដោយ ក៏ប្រទេស​ជប៉ុននៅ​តែជាតួអង្គ​សំខាន់។

«កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ចនេះ​បញ្ជាក់ពីសារៈ​សំខាន់ជាយុទ្ធ​សាស្រ្ត​របស់​ប្រទេស​ជប៉ុន​និង​ស្របតាម​គោលបំណង​របស់​កម្ពុជា​ក្នុងការ​ធ្វើពិពិធកម្មការ​ចូលរួម​អន្តរ​ជាតិ​លើស​ពីការ​ពឹងផ្អែក​លើ​ប្រទេសចិន។ ការ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ជប៉ុន​រារាំង​ការ​ផ្តាច់​មុខ​របស់​ចិន​ក្នុង​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​ការពារ​គោល​នយោ​បាយ​ការ​បរទេស​ឯករាជ្យ​របស់​ខ្លួន»​នេះបើ​តាមលោក លឹម ឆាយ​។

លោកលឹម ឆាយ អះអាង​ថាកិច្ច​សហប្រតិប​ត្តិការ​កាន់​តែ​កើនឡើង​រវាងកម្ពុជានិង​ជប៉ុន​នាពេល​នេះ នឹង​បើកផ្លូវ​សម្រាប់​ការបង្កើនកិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ច​ បច្ចេក​វិទ្យា​ឌីជីថល និង​សន្តិសុខ​ ដែលនឹង​ផ្តល់​ឱ្យកម្ពុជា​នូវ​ឥទ្ធិពល​នៅក្នុង​សក្ដានុពល​នៃការប្រកួត​ប្រជែងជា​យុទ្ធ​សាស្ត្ររវាង​សហរដ្ឋ​អាមេរិក និងចិន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG