ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​អ.ស.ប ថា ជប៉ុន​ត្រូវ​ខំ​ថែម​ទៀត​ទប់ស្កាត់​ការ​បំពាន​សិទ្ធិ​មនុស្ស


រូបឯកសារ៖ មេធាវី​និង​ជនរងគ្រោះ​ក្នុង​ករណី​បំពាន​ផ្លូវភេទ​ដោយ​ក្រុមហ៊ុន​របស់​លោក Johnny Kitagawa ធ្វើ​សន្និសីទសារព័ត៌មាន​មួយ នៅទីក្រុង​តូក្យូ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ មេធាវី​និង​ជនរងគ្រោះ​ក្នុង​ករណី​បំពាន​ផ្លូវភេទ​ដោយ​ក្រុមហ៊ុន​របស់​លោក Johnny Kitagawa ធ្វើ​សន្និសីទសារព័ត៌មាន​មួយ នៅទីក្រុង​តូក្យូ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ក្រុម​ការងារ​មួយ​ដែល​ធ្វើ​ការ​ក្រោម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ទូលំ​ទូលាយ​មួយ​ស្តី​អំពី​សិទ្ធិ​ក្នុង​ប្រទេស​ជប៉ុន ​រួម​ទាំង​ការ​រើសអើង​លើ​ជនជាតិ​ភាគ​តិច​និង​លក្ខខណ្ឌ​ការងារ​គ្មាន​ផាសុខភាព។ ​នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន ​AP ​ដែល​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា។

របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចុង​ខែ​ឧសភា ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​ក្នុង​ប្រទេស​ជប៉ុន ​ដូច​ជា​ការ​បណ្តុះ​បណ្តាល​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ឲ្យ​យល់​ដឹង​អំពី​បញ្ហា​សិទ្ធិ ​បង្កើត​យន្តការ​ស្តាប់​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នានា ​បង្កើន​ចម្រុះភាព​និង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​លក្ខខណ្ឌ​ការងារ​ ព្រមទាំង​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។​

ក្រុម​ការងារ​ទទួល​បន្ទុក​ខាង​ជំនួញ​និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​មុន​ គឺ​ជា​ក្រុម​អ្នក​ជំនាញ​ការ​សិទ្ធិ​មនុស្ស​ឯករាជ្យ​ដែល​ធ្វើ​ការ​ក្រោម​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ ​តែ​ក្រុម​ការងារ​នេះ​មិន​និយាយ​តំណាង​ឲ្យ​ក្រុម​ប្រឹក្សា​នេះ​ទេ។​

របាយ​ការណ៍​ពួកគេ​រាយ​ឈ្មោះ​បញ្ហា​មួយ​ចំនួន​ដូច​ជា​គម្លាត​ប្រាក់​ឈ្នួល​រវាង​ភេទ​ខុស​គ្នា ​និង​ការ​រើសអើស​លើ​ក្រុម​ជនជាតិ​ដើម​ Ainu ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​ជន​មាន​ពិការ​ភាពជាដើម ​ដោយ​កត់​សម្គាល់​បញ្ជី​ក្រុម​មនុស្ស​ដ៏​វែង​ដែល​ខ្លួន​ចាត់​ទុក​ថា​ ជា​ក្រុម​ «រង​ហានិភ័យ»។​

របាយ​ការណ៍​សរសេរ​ថា​ «គន្លឺះ​នៃ​បញ្ហា​ប្រឈម​របស់​ក្រុម​រង​ហានិភ័យ​គឺ​កង្វះ​ចម្រុះ​ភាព​និង​បរិយាបន្ន​ក្នុង​ទីផ្សារ​ការងារ។ ​នេះ​ម្យ៉ាង។ ​ម្យ៉ាង​ទៀត​គឺ​ប្រេវ៉ាឡង់​នៃ​ការ​រើសអើង ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​និង​ហិង្សា​នៅ​កន្លែង​ធ្វើការ​និង​សង្គម​ទាំង​មូល»។​

របាយ​ការណ៍​ដដែល​ហៅ​ស្ថានភាព​ការងារ​របស់​ជន​បរទេស​និង​ជន​ចំណាក​ស្រុក​ថា​ «គួរ​ឲ្យ​ខ្ពើម»​និង​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ករណី​កើត​មហារីក​ក្នុង​ចំណោម​អ្នក​ធ្វើការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ ​Fukushima​ ដែល​បាន​ឆេះ​រលាយ​នៅ​ឆ្នាំ​២០១១។

របាយ​ការណ៍​នេះ​ក៏​បាន​សរសេរ​ថា​ គេ​ចាំបាច់​ត្រូវ​ធ្វើ​កែលម្អ​ការ​ការពារ​អ្នក​លួច​រាយ​ការណ៍​អំពើ​ខុស​ឆ្គង​នៅ​ប្រទេស​ជប៉ុន ​និង​ការ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​តុលាការ។​

ក្នុង​ចំណោម​បញ្ហា​ដែល​របាយ​ការណ៍​បាន​លើក​ឡើង​ក៏​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​បំពាន​ផ្លូវភេទ​ក្នុង​ក្រុមហ៊ុន​កម្សាន្ត​ជប៉ុន​ដែល​ពី​មុន​មាន​ឈ្មោះ​ថា ​Johnny and Associates។​

រូបឯកសារ៖ ស្លាកយីហោរបស់​ក្រុមហ៊ុន​ Johnny & Associates ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​លោក Johnny Kitagawa នៅទីស្នាក់ការ​កណ្តាល​ ក្នុងទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ស្លាកយីហោរបស់​ក្រុមហ៊ុន​ Johnny & Associates ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​លោក Johnny Kitagawa នៅទីស្នាក់ការ​កណ្តាល​ ក្នុងទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

បុរស​រាប់​សិប​នាក់​បាន​ចេញ​មុខ​ចោទ​ប្រកាន់​ថា​ ពួកគេ​បាន​រង​ការ​បំពាន​ផ្លូវភេទ​ ពេល​នៅ​ជា​កុមារ​និង​ក្មេង​ជំទង់​ពី​សំណាក់​លោក​ Johnny Kitagawa ​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​នោះ​ ពេល​ពួក​គេ​ធ្វើ​ការ​ជា​តួ​សម្តែង​និង​តារា​ចម្រៀង​ជាច្រើន​ទសវត្សរ៍​មុន។​

លោក ​Kitagawa ​មិន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទេ​ហើយ​ក៏​បាន​ស្លាប់​នៅ​ឆ្នាំ​ ២០១៩។​ ប្រធាន​ក្រុមហ៊ុន​ Johnny’s ​បាន​សុំ​ទោស​ជា​សាធារណៈ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន។ ​ក្រុមហ៊ុន​នេះ​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​ក្នុង​របាយ​ការណ៍​នេះ​ទេ។​

របាយ​ការណ៍​នេះ​ក៏​រៀបរាប់​ដែរ​ថា​ សំណង​ជា​ប្រាក់​ដែល​ក្រុមហ៊ុន​នេះ ​ ដែល​ឥឡូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា ​Smile-Up ​បាន​បង់​ឲ្យ​មនុស្ស​ចំនួន ​២០១ ​នាក់​នោះ​ មិន​គ្រប់​គ្រាន់​ទេ។​

របាយ​ការណ៍​សរសេរ​ថា៖ ​«វា​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ជន​រងគ្រោះ​ដែល​បាន​ស្នើ​សុំ​ការ​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​ឲ្យ​ទាន់​ពេល​វេលា​ រួម​ទាំង​អ្នក​ដែល​ការ​ទាមទារ​សំណង​របស់​ពួកគេ​ កំពុង​រង់ចាំ​បណ្តឹង​ឧទ្ធរណ៍​ផង​ដែរ»។​

របាយ​ការណ៍​ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន ​Smile-Up​ ផ្តល់​ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្តល់​សេវា​មេធាវី​និង​អ្នក​ចិត្ត​សាស្ត្រ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។​

លោក ​Junya Hiramoto ជន​រងគ្រោះ​ម្នាក់​ដែល​បាន​ចេញ​មុខ ​បាន​ទទួល​ស្វាគមន៍​របាយ​ការណ៍​នេះ​ ដោយ​និយាយ​ថា​ វា​ជា​ជំហាន​ដំបូង។​

លោក​និយាយ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា​ថា​៖ «ការ​រំលោភ​បំពាន​នោះ​មិន​បាន​ចេញ​ផុត​ពី​ពួក​យើង​ទេ។​ ​វា​នៅ​ជាមួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ និង​នឹង​បន្ត​នៅ​ជាមួយ​យើង​តទៅ​ទៀត»។​

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG