លោក James Comey អតីតនាយក FBI មានកំណត់នឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទទួលបន្ទុកការត្រួតពិនិត្យកិច្ចការតុលាការនៃសភាតំណាងរាស្ត្រអាមេរិកាំងនៅថ្ងៃសុក្រនេះ នៅក្រោយពេលលោកបានបដិសេធជាច្រើនខែមកហើយ។
កាលពីខែមុន គណៈកម្មាធិការនេះបានកោះអញ្ជើញលោក Comey ឱ្យផ្តល់សក្ខីកម្មអំពីការស៊ើបអង្កេតស្តីពីចំណងទាក់ទងរបស់ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ នឹងប្រទេសរុស្សី និងអំពីសារអេឡិចត្រូនិច (emails) របស់លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។
លោក Comey បាននិយាយបង្ហាញហេតុផលថា ការស៊ើបអង្កេតដឹកនាំដោយគណបក្សសាធារណរដ្ឋទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយ FBI មាន ទាក់ទិននឹងរឿងនយោបាយ។
លោក Comey បាននិយាយនៅក្នុងសារទ្វីធ័រ (twitter) កាលពីថ្ងៃបុណ្យថ្លែងអំណរគុណ (Thanksgiving) ថាលោកប្រហែលមិនបង្ហាញខ្លួនទេប្រសិនបើការធ្វើសម្ភាសន៍នេះមិនត្រូវធ្វើជាសាធារណៈទេនោះ។
លោកបាននិយាយថា៖ «ខ្ញុំនៅតែរីករាយនឹងឆ្លើយនឹងសំណួរទាំងអស់។ ក៏ប៉ុន្តែខ្ញុំនឹងទប់ទល់នឹងការសាកសួរដោយបិទទ្វារ ពីព្រោះខ្ញុំបានឃើញគ្រប់គ្រាន់ហើយនូវការបញ្ចេញនាំឱ្យគេដឹងឮនិងការបំភ្លៃ»។ លោក Comey បានថ្លែងបន្ថែមថា៖ «សូមមានសវនាការមួយហើយអញ្ជើញមនុស្សគ្រប់គ្នាឱ្យមកមើល។"
ក៏ប៉ុន្តែលោក Comey រារែកដល់ការធ្វើសម្ភាសន៍ដោយបិទទ្វារនៅក្រោយមានការសន្យាថា អត្ថបទជាលាយលក្ខណ៍អក្សរនៃការធ្វើសម្ភាសន៍នេះនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងពេល២៤ម៉ោងបន្ទាប់មក៕