លោក Matthew Whitaker ត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Donald Trump ជារដ្ឋមន្រ្តីយុត្តិធម៌ស្តីទីនិងជាអ្នកត្រួតពិនិត្យលើករណីស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធរបស់យុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ របស់លោក Trumpទៅនឹងប្រទេសរុស្ស៊ី ដែលជាការស៊ើបអង្កេតមួយតែងរងការរិះគន់ពីលោក Trump។
លោក Whitakerវ័យ៤៩ឆ្នាំបានចូលធ្វើការក្នុងក្រសួងយុត្តិធម៌កាលពីឆ្នាំមុនដោយកាន់តំណែងជានាយខុទ្ទការល័យនៃក្រសួងនេះ។
លោកWhitakerមិនទាន់បង្ហាញសញ្ញាថាលោកមានគម្រោងបោះបង់ចោលការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ទៅលើការស៊ើបអង្កេតអំពីការជ្រៀងជ្រែករបស់រុស្ស៊ីនោះទេ ដោយលោកបាននិយាយថា លោកប្តេជ្ញាថានឹងដឹកនាំក្រសួងយុត្តិធម៌ឲ្យបានល្អស្របតាមបទដ្ឋានសីលធម៌ នីតិរដ្ឋនិងស្វែងរកយុត្តិធម៌ជូនដល់ពលរដ្ឋអាមេរិកាំងគ្រប់រូប។
លោកWhitaker ដែលធ្លាប់ធ្វើជារដ្ឋអាជ្ញាប្រចាំរដ្ឋ Iowa និងជាកីឡាករបាល់អោបអាមេរិកាំងប្រចាំសកលវិទ្យាល័យIowaនេះធ្លាប់បានលើកអំពីចំណាត់ការមួយចំនួនដើម្បីបង្អាក់ដំណើរការស៊ើបអង្កេតរបស់លោក Mueller ដោយមិនចាំបាច់បណ្តេញលោក Muellerចេញពីតំណែង ដែលក្នុងនោះរួមទាំងការលុបចោលថវិកាដល់ដំណើរស៊ើបអង្កេតនេះផងដែរ៕