លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានបង្ហោះសារតាមប្រព័ន្ធ Twitter ជាបន្តបន្ទាប់កាលពីថ្ងៃពុធធ្វើការអំពាវនាវយ៉ាងខ្លាំងឲ្យបញ្ចប់ការស៊ើបអង្កេតខាងព្រហ្មទណ្ឌសហព័ន្ធនៅក្នុងការទាក់ទិនទៅនឹងការជ្រៀតជ្រែករុស្ស៊ីនៅក្នុងការបោះឆ្នោតដែលលោកបានឈ្នះ។
ប្រធានាធិបតីត្រាំបាននិយាយថា ការស៊ើបអង្កេតអស់រយៈពេល១៤ខែរបស់លោក Muller លើយុទ្ធនាការបោះឆ្នោតរបស់លោកដែលជាប់ទាក់ទិនទៅនឹងប្រទេសរុស្ស៊ីជាស្ថានភាពមិនល្អទាល់តែសោះ ហើយលោកប្រធានាធិបតីត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ទៀតថា លោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលជាមន្ត្រីពង្រឹងច្បាប់កំពូលរបស់ប្រទេស ត្រូវតែបញ្ឈប់ការស្វែងរកនោះតទៅទៀតនៅពេលឥឡូវនេះ មុនពេលការស៊ើបអង្កេតនេះ បន្តមានសេចក្តីសៅហ្មងមិនល្អដល់ប្រទេសយើងតទៅទៀត។
កាលពីជាងមួយឆ្នាំមុន លោករដ្ឋមន្ត្រីយុត្តិធម៌ Sessions បានដកខ្លួនចេញការស៊ើបអង្កេតនេះ ពីព្រោះតែខ្លួនលោកផ្ទាល់មានការទាក់ទិនជាមួយរុស្ស៊ី ហើយការអង្កេតនេះបានធ្លាក់លើលោក Rod Rosenstein អនុរដ្ឋមន្ត្រីយុត្តិធម៌ដែលសមាជិកសភាគណបក្សសាធារណរដ្ឋខ្លួនចង់ប្តឹងទម្លាក់លោក។
សមាជិកផ្សេងទៀតរបស់គណបក្សប្រធានាធិបតីកំពុងការពារការស៊ើបអង្កេតនេះ។
សមាជិកព្រឹទ្ធសភា John Kennedy នៃរដ្ឋ Louisiana ហើយនិងជាសមាជិកនៃគណៈកម្មាធិការតុលាការបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា «ខ្ញុំគាំទ្រការស៊ើបអង្កេតដើម្បីស្វែងរកអ្វីដែលរុស្ស៊ីបានធ្វើដើម្បីឲ្យមានផលប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីយើងនៅឆ្នាំ២០១៦៕