មេធាវីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានថ្លែងថាលោក ត្រាំ ទំនងជាមិនយល់ព្រមឆ្លើយនឹងសំណួររបស់រដ្ឋអាជ្ញាពិសេសលោក Robert Muller អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦នោះទេ បើទោះបីជាមានការលើកឡើងថាលោកប្រធានាធិបតីរារាំងតុលាការដោយការព្យាយាមច្រានចោលការស៊ើបអង្កេតនេះយ៉ាងណាក៏ដោយ។
លោក Rudy Giuliani ដែលជាមេធាវីរបស់លោក ត្រាំ បានថ្លែងនៅអំឡុងពេល សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា «វាប្រហែលជាមិនអាចទៅរួចនោះទេដែលលោកប្រធានាធិបតីនឹងចូលខ្លួនឆ្លើយនឹងសំណួរនោះ ប៉ុន្តែខ្ញុំនឹងមិនភ្ញាក់ផ្អើលនោះទេ បើសិនជាវាអាចកើតឡើងនោះ ពីព្រោះថាលោកប្រធានាធិបតីចង់ធ្វើដូច្នេះ»។
លោក Giuliani បានថ្លែងបន្តថាប្រសិនបើលោក ត្រាំ យល់ព្រមឆ្លើយសំណួរពិតមែននោះ លោកនឹងមិនយល់ព្រមឆ្លើយទៅនឹងសំណួរអំពីថាតើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមានការឃុបឃិតជាមួយរុស្ស៊ីដើម្បីជួយលោកឲ្យឈ្នះការបោះឆ្នោតនេះ ឬសំណួរពាក់ព័ន្ធនានានោះទេ។ ជាច្រើនខែមកនេះលោក ត្រាំ បាននិយាយថាគ្មានការឃុបឃិតរវាងជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយនឹងរុស្ស៊ីទេ និងថាលោកមិនបានព្យាយាមរារាំងការស៊ើបអង្កេតរបស់លោក Muller ក្នុងនាមជាប្រធានាធិបតីនោះឡើយ។
លោក ត្រាំ បាននិយាយថាលោកមិនបានទទួលស្គាល់ការតែងតាំងលោក Muller អតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធឲ្យបន្តដឹងនាំការស៊ើបអង្កេតនេះតទៅទៀតទេ គឺនៅមួយថ្ងៃមុនលោក Muller ត្រូវបានតែងតាំងដោយលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីខែឧសភា ឆ្នាំ២០១៧ ឲ្យកាន់តំណែងរដ្ឋអាជ្ញាពិសេសដឹកនាំការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ី។
លោក ត្រាំ បានហៅថាការស៊ើបអង្កេតរបស់លោក Muller ថាជាការ «ធ្វើទុក្ខបុកម្នេញ» និងជា «ការខុសច្បាប់» ដែលបានរៀបចំឡើងដោយពួកគណបក្សប្រជាធិបតេយ្យដែលមានការខឹងសម្បារទៅនឹងការប្រជែងយកឈ្នះរបស់លោក ទៅលើគូប្រជែងគឺលោកស្រី Hillary Clinton កាលពីឆ្នាំ២០១៦៕