កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋបាលលោកត្រាំ បានប្រកាសថវិកាចំនួន១២២លានដុល្លារសម្រាប់កម្មវិធី និងភាពជាដៃគូថ្មីនៅក្រោមគម្រោងផ្តួចផ្តើមការអភិវឌ្ឍជាសកលនិងប្រកបដោយវិបុលភាពសម្រាប់ស្ត្រីហៅកាត់ថា W-GDP និងបានដាក់ចេញនូវផែនការសកម្មភាពនៃកំណែទម្រង់ច្បាប់ចំនួន១០ ដើម្បីឆ្លើយតបទៅនឹងរបាំងច្បាប់ និងវប្បធម៌ចំពោះការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
កម្មវិធី W-GDP ត្រូវបានចាត់ទុកថាជាវិធីសាស្ត្ររបស់រដ្ឋាភិបាលទាំងមូល ដើម្បីជួយដល់ស្រ្តី៥០លាននាក់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានានៅជុំវិញពិភពលោក ជាមួយនឹងគោលដៅដែលជាសសរស្តម្ភចំនួនបី គឺការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្រ្តី ពង្រឹងអំណាចដល់ស្រ្តីដើម្បីទទួលបានជោគជ័យក្នុងនាមជាសហគ្រិន និងលុបបំបាត់ច្បាប់និងគោលនយោបាយដែលជារបាំងរារាំងមិនឲ្យស្រ្តីចូលរួមក្នុងវិស័យសេដ្ឋកិច្ច។
អ្នកស្រី Ivanka Trump ដែលជាកូនស្រី និងជាទីប្រឹក្សារបស់លោកប្រធានាធិបតី Trump លោក Robert O’Brien ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Stephen Biegun បានប្រកាសអំពីគម្រោងផ្តួចផ្តើមនេះ តាមប្រព័ន្ធឌីជីថល ដោយមានការចូលរួមរបស់ដៃគូវិស័យឯកជនរួមមានក្រុមហ៊ុន Walmart, Microsoft និង Mastercard។
អ្នកស្រី Ivanka Trump បានថ្លែងថា៖
«នេះ គឺជាចំណាត់ការដ៏ម៉ឹងម៉ាត់ដើម្បីពង្រីកកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសហព័ន្ធ វិស័យឯកជននិងដៃគូនានា ដែលរឹតត្បិតលើលទ្ធភាពរបស់ស្រ្តី ឲ្យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដែលជាគំរូជោគជ័យរបស់អាមេរិកជាយូរមកហើយ»។
គម្រោងផ្តួចផ្តើមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននេះ ត្រូវបានបង្កើតឡើងនៅស្របពេលមានការប្រឈមថ្មីៗនៃជំងឺកូវីដ១៩ ដែលកាន់តែធ្វើឲ្យបញ្ហាវិសមភាពយេនឌ័រដែលមានស្រាប់ហើយនោះ កាន់តែធ្ងន់ធ្ងរឡើង។
សេចក្តីរាយការណ៍នានាពីបណ្តាប្រទេសជាច្រើនបានបង្ហាញថា ស្រ្តីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណានៅគ្រប់វិស័យទាំងអស់ រួមទាំងវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខនិងការការពារសង្គម។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការងាររបស់ស្ត្រីចំនួន៦០ ភាគរយ ស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ ដែលទទួលបានការការពារមានកំណត់។ នេះមានន័យថា ស្រ្តីជាទូទៅត្រូវបានមើលរំលងដោយកម្មវិធីនានាដែលជួយដល់ការងើបឡើងវិញនូវសេដ្ឋកិច្ច ខណៈស្រ្តី គឺជាបុគ្គលងាយរងគ្រោះនៃភាពក្រីក្រនិងអសន្តិសុខស្បៀង នេះយោងតាមអ្នកស្រី Megan O'Donnell ជំនួយការប្រធានមជ្ឈមណ្ឌលសម្រាប់កម្មវិធីអភិវឌ្ឍន៍យេនឌ័រសកល។ អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«យើងបានឃើញភស្តុតាងដែលបង្ហាញថា អាជីវកម្មរបស់ស្រ្តី បានបិទទ្វាច្រើនជាងអាជីវកម្មរបស់បុរស»។
ហើយចំនួនស្រ្តីដែលទទួលបន្ទុកមើលថែទាំកុមារដែលមិនទៅសាលារៀនមានកាន់តែច្រើន ដែលការណ៍នេះ បង្ខំឲ្យស្រ្តីមិនអាចទៅធ្វើការនៅខាងក្រៅបាន និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចចំពោះការងារថែទាំកូន ដែលមិនទទួលបានកម្រៃនេះ។ លើសពីនេះទៅទៀត ស្រ្តីប្រឈមនឹងអំពើហិង្សាកាន់តែខ្លាំងដោយសារការបិទសកម្មភាពក្នុងប្រទេស និងពិបាកក្នុងការស្វែងរកសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដោយសារជំងឺរាតត្បាត។
យោងតាមអង្គការសុខភាពពិភពលោក បុគ្គលិកសុខាភិបាលភេទស្រី ៧០ភាគរយនៅទូទាំងពិភពលោក កំពុងប្រឈមនឹងហានិភ័យដល់ជីវិតដើម្បីសង្គ្រោះជីវិតអ្នកដ៏ទៃ។
លោក Jamille Bigio អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីស្រ្តីនិងគោលនយោបាយការបរទេសនៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបាននិយាយក្នុងសម្តីដើមថា៖
«ការលើកកម្ពស់ដល់ការចូលរួមរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ចនៅអំឡុងពេលវិបត្តិកូវីដ១៩នេះ នឹងតម្រូវឲ្យមានការផ្តោតខ្លាំងលើបញ្ហាទាំងនេះ។ នេះគឺជាអ្វីដែលគម្រោងផ្តួចផ្តើម W-GDP គួរចាត់វិធានការដើម្បីសម្រេចតាមគោលដៅរបស់គម្រោង»។
ស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំសេដ្ឋកិច្ច
គម្រោង W-GDP ជឿថា ស្រ្តីមិនគួរត្រូវចាត់ទុកថាជាជនរងគ្រោះដែលកំពុងរង់ចាំឲ្យគេទៅជួយនោះទេ ប៉ុន្តែស្រ្តីគួរត្រូវបានមើលឃើញថា ជាអ្នកដឹកនាំសេដ្ឋកិច្ចដែលងើបចេញពីការរាតត្បាត។ នេះជាសម្តីរបស់លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូតគោរចរណ៍របស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាស្រ្តីសកល។
លោកស្រី Currie បានថ្លែងថា៖
«យើងកំពុងផ្តោតទៅលើការស្វែងរកវិធីដើម្បីដករបាំងទាំងនោះចេញ ដើម្បីឲ្យស្រ្តីអាចចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ចឲ្យបានពេញលេញ និងជួយពួកគេឲ្យដឹកនាំឆ្ពោះទៅរកវិបុលភាពនិងការរីកចម្រើន»។
អ្នកសង្កេតការណ៍មួយចំនួននៅតែចោទជាសំណួរថា តើវិសាលភាពនិងថវិកាតិចតួចនៃគម្រោងផ្តួចផ្តើមដែលមានទឹកបា្រក់១០០លានដុល្លារនៅក្រោមកម្មវិធី W-GDP នេះ នឹងគ្រប់គ្រាន់អាចដោះស្រាយវិបត្តិទំាងនេះបានដែរ ឬ យ៉ាងណា។
ទោះបីជាកម្មវិធី W-GDP បានកើនជាលំដាប់ ដែលកាលពីដំបូងមានថវិកាតែ៥០ លានដុល្លារក៏ដោយ ក៏កម្មវិធីនេះ នៅតូចណាស់បើប្រៀបធៀបទៅនឹងកម្មវិធី PEPFAR ដែលមានការឧបត្ថម្ភថវិការាប់ពាន់លានដុល្លារនោះ។ លោកស្រី Megan O'Donnell បានលើកជាឧទាហរណ៍ដោយសំដៅទៅគម្រោងផ្តួចផ្តើមដើម្បីដោះស្រាយការឆ្លងរាលដាលមេរោគ HIV របស់អតីតប្រធានាធិបតី លោកGeorge W. Bush ក្នុងឆ្នាំ២០០៣។
លោកស្រី O’Donnell បានថ្លែងថា ដើម្បីឲ្យស្មើនិងទំហំនៃបញ្ហា កម្មវិធី W-GDP នឹងត្រូវមានលទ្ធភាពដោះស្រាយបញ្ហា។ លោកស្រីបន្ថែមថា ឳកាសទទួលជោគជ័យនឹងកើនឡើងប្រសិនបើអ្នកដែលកំពុងអនុវត្តគម្រោងផ្តួចផ្តើមនេះ ទទួលបានធនធានហិរញ្ញវត្ថុសម្រាប់យកទៅប្រើប្រាស់។
សុខភាពបន្តពូជ
កម្មវិធី W-GDP បានទទួលការកោតសរសើរ ចំពោះការធានាថា ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករួមមាន ទីភា្នក់ងារ USAID សារជីវកម្មអភិវឌ្ឍសហសវត្ស MCC កម្មវិធី Peace Corps និងទីភ្នាក់ងារផ្សេងៗទៀត បញ្ចូលយុទ្ធសាស្រ្តសសរស្តម្ភទាំងបីរបស់ខ្លួន និងរាយការណ៍អំពីការវិវត្តរបស់ពួកគេអនុលោមតាមសូចនាករនៃភាពជោគជ័យរបស់កម្មវិធី។
ប៉ុន្តែការរិះគន់ខ្លាំងបំផុតគឺថា គម្រោងផ្តួចផ្តើមដែលស្របតាមគោលនយោបាយធំៗរបស់រដ្ឋបាលលោក Trump មិនអើពើអំពីការវិនិយោគនានាដែលគាំទ្រដល់សុខភាពស្រ្តី សិទ្ធិទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងការកាត់បន្ថយអំពើហិង្សាប្រឆាំងយេនឌ័រជាដើម។
នៅសប្តាហ៍ទីមួយនៃការចូលកាន់តំណែង លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ឲ្យប្រើប្រាស់ឡើងវិញ និងពង្រីកគោលនយោបាយប្រឆាំងការរំលូតកូន ដែលត្រូវបានគេស្គាល់ថា ជាគោលនយោបាយទីក្រុងម៉ិកស៊ិក ដែលហាមឃាត់អង្គការក្រៅរដ្ឋាភិបាលសហរដ្ឋអាមេរិកនានាដែលផ្តល់ជំនួយផ្នែកសុខភាពសកលមិនឲ្យផ្តល់ព័ត៌មាន ឬ សេវាអំពីសុវត្ថិភាពនៃការរំលូតកូន។ នៅក្នុងឆ្នាំ២០១៨ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលព័ត៌មានពាក់ព័ន្ធនឹងសុខភាពបន្តពូជចេញពីរបាយការណ៍ប្រចាំឆ្នាំរបស់ប្រទេស ហើយនៅក្នុងខែឧសភា ឆ្នាំ២០២០ លោក John Barsa រដ្ឋបាលស្តីទីនៃទីភ្នាក់ងារ USAID បានផ្ញើរលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាមទារឲ្យដកកម្មវិធីថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជចេញពីផែនការឆ្លើយតបនឹងជំងឺកូវីដ១៩របស់អង្គការសហប្រជាជាតិ។
លោកស្រី Amanda Klasing សហនាយកស្តីទីនៃនាយកដ្ឋានសិទ្ធិស្រ្តីនៃអង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានថ្លែងក្នុងសម្តីដើមថា៖
«រាល់កិច្ចសហការទាំងអស់នៅក្នុងពិភពលោក មិនអាចលុបបំបាត់ការពិតដែលថាកេរ្តិ៍ដំណែលសិទ្ធិស្រ្តីរបស់រដ្ឋបាលលោក Trump ប្រឆាំងនោះ គឺជាកេរ្តិ៍ដំណែលប្រឆាំងនឹងស្ត្រី និងប្រឆាំងនឹងសិទ្ធិមនុស្ស។ ប្រសិនបើរដ្ឋបាលលោក Trump នៅតែវាយប្រហារមិនឈប់ឈរលើសិទ្ធិទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គ្រប់ពេលដែលខ្លួនមានឳកាស ហើយមិនព្រមដោះស្រាយបញ្ហាអំពើហិង្សាប្រឆាំងយេនឌ័រទេនោះ ជោគជ័យរបស់កម្មវិធី W-GDP គឺគ្រាន់តែជាជោគជ័យនៅលើក្រដាសតែប៉ុណ្ណោះ»។
ឆ្លើយនឹងសំណួររបស់វីអូអេ លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូតគោរចរណ៍របស់ក្រសួងការបរទេសទទួលបន្ទុកបញ្ហាស្រ្តីសកល បានការពារគម្រោងផ្តួចផ្តើមនេះ។
លោកស្រី Currie បានថ្លែងថា៖
«កម្មវិធី W-GDP បានគិតគូរយ៉ាងល្អិតល្អន់ និងផ្អែកលើការមូលមតិគ្នាយ៉ាងខ្លាំង។ យើងជឿថានេះ គឺជាមធ្យោបាយយ៉ាងល្អបំផុតដែលយើងអាចប្រើធនធានដែលយើងមានដើម្បីដករបាំងនានាដែលរារាំងដល់ស្រ្តី»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា