កិច្ចផ្តួចផ្តើមរបស់សេតវិមានដែលដឹកនាំដោយលោកស្រី Ivanka Trump ដើម្បីផ្តល់អំណាចខាងសេដ្ឋកិច្ចដល់ស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានប្រកាសពីជោគជ័យលោកដំបូងរបស់ខ្លួន រួមមានប្រាក់ជំនួយ២៧លានដុល្លារសម្រាប់គម្រោងនានានៅក្នុងប្រទេសចំនួន២២។
គម្រោងនោះក៏ត្រូវបានគេរាយការណ៍ពីជោគជ័យលើកជាដំបូងរបស់ខ្លួនដូចជា៖ គាំទ្រការផ្លាស់ប្តូរច្បាប់គ្រួសារក្នុងប្រទេសកូតឌីវ័រដើម្បីធ្វើច្បាប់នោះមានសមភាពកាន់តែខ្លាំងឡើងដល់ស្រ្តី។
ថ្លែងក្នុងការពិភាក្សារបស់គណៈកម្មការដែលរៀបចំរួមគ្នាជាមួយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា USAID កាលពីថ្ងៃពុធសប្តាហ៍មុន លោកស្រី Ivanka Trump បានបញ្ជាក់ថា ការផ្តល់អំណាចខាងសេដ្ឋកិច្ចដល់ស្រ្តី ជាការឈ្លាសវៃមួយតាមទស្សនៈជំនួយអភិវឌ្ឍន៍និងជាការសំខាន់បំផុតតាមទស្សនៈសន្តិសុខជាតិ។
លោកស្រី Ivanka ដែលជាកូនស្រីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោក អ្នកក្រឡេកមើលប្រទេសនានាដែលមានកម្រិតនៃការរើសអើងខាង Gender ខ្ពស់ «៨០ភាគរយនៃប្រទេសទាំងនោះ បានជួបប្រទះជម្លោះប្រដាប់អាវុធក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ»។
កម្មវិធីអភិវឌ្ឍន៍សាកលនិងកិច្ចផ្តួចផ្តើមប្រកបដោយវិបុលភាពរបស់ស្រ្តីបានចាប់ផ្តើមកាលពីខែកុម្ភៈ ដោយមានការវិនិយោគទុនដំបូងចំនួន៥០លានដុល្លារមកពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា USAID។ គោលដៅរបស់កម្មវិធីនោះ គឺជួយដល់ស្រ្តីចំនួន៥០លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០២៥ តាមរយៈសកម្មភាពរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដៃគូឯកជននិងសាធារណៈ ហើយនិងថវិកាលើកទឹកចិត្តថ្មីដែលលើកតម្កើងភាពជាដៃគូទាំងនោះជាមួយពាណិជ្ជករនិងអង្គការក្រៅរដ្ឋាភិបាល NGOs។
លោក Mark Green មន្រ្តីរដ្ឋបាលទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា (USAID)បាននិយាយថា ការវិនិយោគទុនលើស្រី្តគឺជាការស្ថាបនាប្រទេសដោយភាពរឹងមាំនិងខ្លួនទីពឹងខ្លួន។
គម្រោងទាំងនោះ រួមមានការខំប្រឹងប្រែងនៅក្នុងប្រទេសរវ៉ាន់ដា ដើម្បីជួយស្រ្តីនៅក្នុងផ្នែកថាមពលរបស់ប្រទេសនោះ កិច្ចផ្តួចផ្តើមនៅក្នុងតំបន់អាមេរិកឡាទីនដែលមានគោលបំណងផ្តល់ឲ្យស្រ្តីនូវជំនាញដែលចាំបាច់ដើម្បីធ្វើការផ្នែកបច្ចេកវិទ្យាក្នុងប្រទេសប្រស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូនិងកម្មវិធីដែលជួយស្រ្តីធ្វើការក្នុងឧស្សាហកម្មបសុបក្សីនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងសុន្ទកថារបស់លោកស្រីនៅពេលថ្មីៗនេះ លោកស្រី Ivanka Trump ទីប្រឹក្សាប្រធានាធិបតី បានចង្អុលបង្ហាញអំពីរដ្ឋាភិបាលកូតឌីវ័រដែលកាលពីពេលថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពច្បាប់គ្រួសាររបស់ប្រទេសនោះដើម្បីធ្វើឲ្យមានសមភាពកាន់តែច្រើនឡើងដល់ស្រ្តី ជាការផ្លាស់ប្តូរដែលលោកស្រីបានជំរុញក្នុងអំឡុងជំនួបរបស់លោកស្រីជាមួយលោក Daniel Kablan Duncan អនុប្រធានាធិបតីនៅពេលដែលលោកស្រីទៅទស្សនកិច្ចរដ្ឋធានី Abidjan កាលពីខែមេសា។
លោកស្រី Ivanka Trump បានមានប្រសាសន៍ថា៖ «យើងប្រាកដជារំភើបដើម្បីសាទរនិងអបអរប្រទេសកូតឌីវ័រដែលបានផ្លាស់ប្តូរច្បាប់អាពាហ៍ពិពាហ៍ដែលឥឡូវនេះ អាចឲ្យស្រ្តីទទួលកេរជាទ្រព្យសម្បត្តិនិងមានទ្រព្យសម្បត្តិដែលច្បាប់កាលពីមុនមិនបានអនុញ្ញាត»។
កាលពីឆ្នាំ២០១៨ វេទិកាសេដ្ឋកិច្ចសាកលលោក បានឲ្យចំណាត់ថ្នាក់ប្រទេសកូតឌីវ័រលេខ១៣១នៃបណ្តាប្រទេស១៤៤ក្នុងសមភាពយេនឌ័រ ហើយរដ្ឋាភិបាល បានសន្យាធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសម្រាប់ស្រ្តីដែលជាផ្នែកមួយនៃលក្ខខណ្ឌដើម្បីទទួលបានថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈកម្មវិធីក្រុមហ៊ុនសាជីវកម្មដោះស្រាយបញ្ហាប្រឈមសហស្សវត្សរ៍ឬ MCC។
MCC ជាទីភ្នាក់ងារផ្តល់ជំនួយបរទេសឯករាជ្យមួយដែលដឹកនាំការខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងភាពក្រីក្រសាកលលោក ដែលត្រូវបានបង្កើតឡើងដោយមានការជួយឧបត្ថម្ភរបស់សភាគណបក្សទាំង២នៅឆ្នាំ២០០៤។
លោកស្រី ត្រាំ សរសើរកិច្ចផ្តួចផ្តើមនេះថា៖ «ជាការខំប្រឹងប្រែងលើកដំបូងរបស់ រដ្ឋាភិបាលទាំងមូលដើម្បីធ្វើឲ្យជឿនលឿនដល់ការផ្តល់អំណាចខាងសេដ្ឋកិច្ចដល់ស្រ្តីទូទាំងសាកលលោក ក៏ប៉ុន្តែ គោលដៅនៃការផ្តល់អំណាចខាងសេដ្ឋកិច្ចរបស់ស្រ្តីជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលជាការបន្តគោលនយោបាយរបស់រដ្ឋបាលមុនៗ»។
លោកស្រី Jamille Bigio អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខាងស្រ្តីនិងកម្មវិធីគោលនយោបាយការបរទេសនៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បាននិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិតាមដានការប្រើកម្មវិធីជំនួយបរទេសដើម្បីផ្តល់ការលើកទឹកចិត្តដល់រដ្ឋាភិបាលនានានៅជុំវិញពិភពលោកដើម្បីដោះស្រាយឧបសគ្គខាងផ្លូវច្បាប់ដែលរារាំងការចូលរួមខាងសេដ្ឋកិច្ចរបស់ស្រ្តី។លោកស្រី ក៏ធ្លាប់ធ្វើជានាយិកាខាងសិទ្ធិមនុស្សនិងGenderនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់សេតវិមានក្នុងអំឡុងរដ្ឋបាលប្រធានាធិបតី អូបាម៉ា ដែរ។
លោកស្រី Bigio បាននិយាយទៀតថា កម្មវិធី MCC កំណត់ថាតើត្រូវធ្វើការវិនិយោគ ទុនប្រទេសណាមួយ មួយផ្នែកត្រូវផ្អែកលើសមភាពកម្លាំងការងាររបស់ស្រ្តី»។លោក ស្រី បានមានប្រសាសន៍ថា កាលពីអតីតកាល រដ្ឋាភិបាលបរទេស បានចាត់វិធានការនៅពេលដែលពួកគេ ចង់បានការវិនិយោគទុនសហរដ្ឋអាមេរិកដោយមានការគាំទ្រពីកម្មវិធី MCC។ លោកស្រី បានយោងដល់ករណីនៃប្រទេសឡេសូថូដែលបានបញ្ចប់ឋានៈភាពរបស់ស្រ្តីជាអនីតិជននៅក្រោមច្បាប់ឆ្នាំ២០០៦។
លោក Daniel Runde នាយកគម្រោងវិបុលភាពនិងការភិវឌ្ឍនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុត្តិសាស្រ្តនិងអន្តរជាតិ បាននិយាយថា ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការងារអស់រាប់ទសវត្សរ៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រ្តី វាជាការណ៍ពិតថា លោកស្រីត្រាំដែលជាកូនស្រីរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចូលផ្នែកនានាទាំងអស់នៃការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីបញ្ហានេះនៅក្នុងរបៀបមួយដែលមានការគ្រោងទុកជាមុនកាន់តែខ្លាំងឡើង។
លោក Runde បានសួរថា៖ «សំណួរគឺថាតើរដ្ឋបាលនេះ អាចថ្លឹងថ្លែងគម្រោងការងារនេះត្រឹមត្រូវទេ ហើយធ្វើការតែលើគម្រោងបន្ថែម និងមិនឲ្យមានសកម្មភាពជាន់គ្នា រួមទាំងគម្រោងការងាររបស់ធនាគារពិភពលោកផងនោះ?»។
កិច្ចផ្តួចផ្តើមអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក រួមមានកម្មវិធីអភិវឌ្ឍន៍សាកលនិងកិច្ចផ្តួចផ្តើមប្រកបដោយវិបុលភាពរបស់ស្រ្តីឬ (W-GDP) ដែលផ្តល់ការលើកទឹកចិត្តដល់ប្រទេសនានាឲ្យកែប្រែច្បាប់របស់ខ្លួនដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ជនជាតិភាគតិចដែលផ្ទុយគ្នាទៅនឹងការច្រានចោលលទ្ធិសាកលនិយមរបស់ប្រធានាធិបតីត្រាំ។
នៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និយាយថា៖ «ខ្ញុំគោរពសិទ្ធិប្រទេសនានានៅក្នុងបន្ទប់នេះឲ្យអនុវត្តទៅតាមទំនៀមទម្លាប់ ជំនឿនិងប្រពៃណីរបស់ខ្លួន។សហរដ្ឋអាមេរិក នឹងមិនប្រាប់អស់លោក អ្នកថាតើត្រូវរស់នៅ ធ្វើការងារឬធ្វើសក្ការៈយ៉ាងដូចម្តេចនោះទេ»។
ទោះជាយ៉ាងនៅក៏ដោយ លោកស្រី Ivanka Trump ហាក់ដូចជាអនុវត្តនូវបុព្វហេតុនៃការផ្តល់អំណាចដល់ស្រ្តីសាកលហើយបានផ្សព្វផ្សាយកម្មវិធីនេះនៅក្នុងពិធីអន្តរជាតិសំខាន់ៗជាច្រើន រួមមានកិច្ចផ្តួចផ្តើមហិរញ្ញវត្ថុសហគ្រិនស្រ្តី ឬ(We-Fi) ដែលបានចាប់ផ្តើមនៅឯសន្និសីទកំពូល G-20 ក្នុងឆ្នាំ២០១៧ កម្មវិធី របស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា (USAID) ឆ្នាំ២០១៨ដែលស្វះស្វែងអនុញ្ញាតឲ្យស្រ្តីប្រើបច្ចេកវិទ្យា Digital។
កាលពីខែមិថុនា លោកស្រី បានដើរតួនាទីដ៏សំខាន់មួយនៅក្នុងការចាប់ផ្តើមយុទ្ធសាស្រ្តជាតិដើម្បីឲ្យស្រ្តីចូលរួមក្នុងការរារាំងសង្គ្រាមនិងការរៀបចំចាត់ចែងសន្តិភាពសាកលដែលត្រូវបានអនុញ្ញាតដោយច្បាប់ស្រ្តី សន្តិភាពនិងសន្តិសុខឆ្នាំ២០១៧។
ឧបសគ្គខាងផ្លូវច្បាប់ដល់ការចូលរួមរបស់ស្រ្តី នឹងស្ថិតនៅលើរបៀបវារៈនៅពេលដែលលោកប្រធានាធិបតីត្រាំ ចូលរួមកិច្ចប្រជុំរបស់មេដឹកនាំក្រុមប្រទេស៧ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេហៅកាត់ G-7 នៅទីក្រុង Biarritz នៃប្រទេសបារាំងនៅខែក្រោយ។
លោកស្រី Bigio នៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បាននិយាយទៀតថា «នៅពេលដែលសហរដ្ឋអាមេរិក ដឹកនាំក្រុមប្រទេសG-7នៅឆ្នាំក្រោយ បញ្ហាសមភាពGender នឹងស្ថិតក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋាភិបាល»។លោកស្រី មានប្រសាសន៍ទៀតថា ការបង្កើនការវិនិយោគទុនដើម្បីដោះស្រាយឧបសគ្គដល់ការចូលរួមយ៉ាងពេញទំហឹងរបស់ស្រ្តីក្នុងផ្នែកសេដ្ឋកិច្ច នយោបាយនិងជីវភាពសង្គមជាគន្លឹះដ៏សំខាន់មួយ។
សេតវិមានមិនបានឆ្លើយតបភ្លាមៗដល់សំណួររបស់ VOA ថាតើលោកស្រី Ivanka Trump នឹងចូលរួមក្នុងជំនួបកំពូល G-7 នោះដែរឬទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន