ប្រទេសអ៊ីស្រាអែលបន្តការវាយប្រហារយោធាប្រឆាំងនឹងក្រុមហាម៉ាស់ ដោយទម្លាក់គ្រាប់បែកលើគេហដ្ឋានជាច្រើនខ្នងក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) នៅថ្ងៃសុក្រនេះ ក្នុងខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រុះសម្រួលឱ្យមានបទឈប់បាញ់គ្នានៅបន្តនៅឡើយ។
មន្ត្រីប៉ាឡេស្ទីននិយាយថា ក្នុងចំណោមអ្នកដែលត្រូវសម្លាប់នៅថ្ងៃសុក្រនេះមានបុរសអ្នកឃោសនាក្រុមអ៊ីស្លាមជីហាដ និងកូនប្រុសពីរនាក់របស់គាត់។ ការស្លាប់នេះបន្ថែមចំនួនអ្នកស្លាប់កើនឡើងរហូតដល់ជាង៨០០នាក់ហើយនៅតំបន់ហ្កាហ្សាស្ទ្រីព។
ក្រុមសន្តិសុខរបស់អ៊ីស្រាអែលគ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃសុក្រនេះដើម្បីសម្រេចថាតើត្រូវពង្រីកយុទ្ធនាការយោធាដែលមានរយៈពេល១៨ថ្ងៃមកហើយនេះឬក៏ត្រូវស្វែងរកការឈប់បាញ់គ្នារយៈពេល៥ទៅ៧ថ្ងៃដើម្បីទុកពេលចរចាគ្នា។
នៅថ្ងៃសុក្រនេះដែរជនជាតិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង (West Bank) បានដាក់ផែនការធ្វើបាតុកម្មមហាជនដើម្បីសម្តែងសាមគ្គីភាពដល់អ្នកដែលរស់នៅតំបន់ហ្កាហ្សា។
កាលពីយប់ថ្ងៃព្រហស្បតិ៍មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួនម្នាក់ដែរត្រូវបានសម្លាប់និងមាន១៥០នាក់ទៀតរងរបួសក្នុងអំឡុងពេលវាយប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែលនៅឯកន្លែងជួបជុំតវ៉ាដ៏ធំមួយខាងក្រៅទីក្រុងហ្សេរ៉ុយសាឡឹម។ មានជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់បានដើរតវ៉ាពីតំបន់រ៉ាម៉ាឡាឆ្ពោះទៅតំបន់ហ្សេរ៉ុយសាឡឹមខាងកើត ហើយក្រុមអ្នកសង្កេតការណ៍ឃើញថានេះជាការតវ៉ាដ៏ធំជាងគេបំផុតនៅតំបន់វ៉េសប៊ែងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ការបះបោរក៏កើតមានឡើងនៅទីក្រុងណាប្លឹស បេតត្លេហែមនិងទីក្រុងចាស់នៃក្រុងហ្សេរ៉ុយសាឡឹម៕