អាជ្ញាធរអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សាបានបាញ់កាំភ្លើងត្បាល់ចំនួនបីគ្រាប់ចូលក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីបទឈប់បាញ់គ្នារវាងភាគីទាំងពីរ ចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។ ភាគីទាំងសងខាងយល់ព្រមផ្អាកឈប់បាញ់គ្នានេះជាថ្នូរនឹងជំនួយផ្នែកមនុស្សធម៌។
ក្រុមយោធានិយាយថា គ្រាប់ផ្លោងទាំងនោះបានធ្លាក់ចូលក្នុងតំបន់អេសកូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែលបានព្រមានថានឹងឆ្លើយតបវិញដោយប្រើកម្លាំងប្រសិនបើ ក្រុមហាម៉ាសរំលោភបទឈប់បាញ់គ្នានោះ។
នៅមុនពេលដែលផ្អាកការបាញ់គ្នានេះ ក្រុមយោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសដោយបាញ់ចំគោលដៅចំនួន៣៧ក្នុងតំបន់ហ្កាហ្សា ហើយបានបញ្ឈប់ការប៉ុនប៉ងវាយប្រហារដោយខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់ចំនួន១៣នាក់ ដែលបានលបចូលប្រទេសអ៊ីស្រាអែលភាគខាងត្បូងតាមផ្លូវក្រោមដី។
ជនជាតិប៉ាឡេស្ទីនសរុបចំនួន ២២៧ នាក់បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីសប្ដាហ៍មុនមក។នេះបើយោងតាមមន្ត្រីសុខាភិបាលរបស់ប្រទេសប៉ាឡេស្ទីន៕