ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែលខ្វល់ខ្វាយនិងខឹងសម្បាអំពីការហាមប្រាមមិនឱ្យធ្វើដំណើរទៅអាមេរិក


ផ្សែងហ៊ុយឡើង ខណៈ​កងកម្លាំង​អ៊ីស្រាអែល​ល្បាត​លើ​ជំរំ al-Faraa សម្រាប់ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ក្បែរ​ទីប្រជុំជន Tubas ក្នុង​តំបន់ West Bank កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ផ្សែងហ៊ុយឡើង ខណៈ​កងកម្លាំង​អ៊ីស្រាអែល​ល្បាត​លើ​ជំរំ al-Faraa សម្រាប់ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ក្បែរ​ទីប្រជុំជន Tubas ក្នុង​តំបន់ West Bank កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រុម​អ្នកតាំង​លំនៅឋាន​អ៊ីស្រាអែលសម្តែង​កង្វល់ ​ក្រោយពីសហរដ្ឋ​អាមេរិកបានប្រកាស​ការ​ហាមប្រាមមិន​ឱ្យ​អ្នកតាំង​លំនៅឋានដែលជាប់សង្ស័យថា​បានប្រព្រឹត្ត​ហិង្សា​ប្រឆាំងនឹង​ជនជាតិ​ប៉ាឡេស្ទីន​ក្នុង​តំបន់​វែសប៊ែង (West Bank) ធ្វើ​ដំណើរ​ទៅសហរដ្ឋ​អាមេរិក។

នៅ​ទីតាំង​លំនៅឋាន Elkana ជនជាតិ​អ៊ីស្រាអែល​ជាង​ ៤ ពាន់នាក់​រស់​នៅ​ ហើយពួកគេ​មាន​កង្វល់​ថា ​វិធានការ​នេះ​របស់​សហរដ្ឋ​អាមេរិក​ជាការ​ដាក់​ទណ្ឌកម្មដល់​ក្រុម​មនុស្ស​ដែលនិយាយថា ​ពួក​គេ​គ្រាន់​តែ​ការពារខ្លួនតែ​ប៉ុណ្ណោះ។

លោក Afik Mansour ជាអ្នកស្រុក​អ៊ីស្រាអែល​វ័យ​ក្មេង​ម្នាក់ នៅ Elkana ​និយាយថា ​ប្រសិន​បើអ្នកតាំង​លំនៅឋាន​ម្នាក់​វាយប្រហារ​លើ​ជនជាតិ​អារ៉ាប់ម្នាក់​ ក្នុង​ករណី​ជា​ច្រើន ​គឺ​មាន​ហេតុផល​ខ្លះ​ដែរ ដូចជាមានការ​ធ្វើទុក្ខទោសផ្ទាល់ខ្លួន ឬ​ធ្វើទុក្ខទោសខាង​សង្គមដល់​គេ។ លោក Mansour ថ្លែង​ថា ជួន​កាល​ឧប្បត្តិហេតុកើត​មក​ពី​កំហឹង ​ឬ​ការ​គឃ្លើន​អំពីស្ថានការណ៍​ដែល​បាន​កើតមាន​កាលពី​ពេលមុន។

កាលពី​ថ្ងៃទី៥ ខែ​ធ្នូ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រកាស​អំពី​ការ​ហាមប្រាម​ក្រុម​អ្នក​តាំង​លំនៅឋាន​អ៊ីស្រាអែល ​ដែល​ត្រូវ​ពណ៌នា​ថា​ជា «ក្រុមជ្រុលនិយម» ដែល​ជាប់សង្ស័យ​ថា ធ្វើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​ក្នុង​តំបន់​វែសប៊ែង (West Bank) មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​អាមេរិក។ គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា តើ​អាជ្ញាធរសហរដ្ឋ​អាមេរិកនឹង​សម្រេច​បែប​ណា​អំពី​នរណាខ្លះ ​ដែល​មិន​ត្រូវ​អនុញ្ញាតឱ្យ​ចូល​ក្នុងអាមេរិក​នោះ។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្សនិយាយថា ​ចំនួន​ជនជាតិ​ប៉ាឡេស្ទីន​ត្រូវ​បានសម្លាប់ដោយ​ពួក​តាំង​លំនៅឋាន​កើន​ឡើង​ពីរ​ដង ​ចាប់តាំង​ពី​មាន​សង្គ្រាម​របស់អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​កាលពី​ខែ​តុលា​មក។ សហរដ្ឋអាមេរិកបាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីស្រាអែលឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​អ្នក​តាំង​លំនៅឋាន។

កន្លែង​តាំង​លំនៅឋាន​ Elkana ត្រូវ​បាន​បង្កើត​កាលពី​ឆ្នាំ ១៩៧៧​ ​លើ​ផ្ទៃដីត្រូវ​រឹបអូស​ពីភូមិ Mas-ha របស់​ប៉ាឡេស្ទីន។ នៅពេលនេះ ទីតាំង​លំនៅឋាន​នេះ​មាន​អគារផ្ទះ Apartment ទំនើបៗ មាន​វីឡា ផ្សារ​ទំនើបនិងវាល​ស្មៅ​ដែល​អ្នក​តាំង​លំនៅឋាន​រស់នៅ​ជា​ធម្មតា​ប្រចាំ​ថ្ងៃ។

ពាក្យ​ថា ​ក្រុម​អ្នកតាំង​លំនៅឋានអ៊ីស្រាអែល ​ឬ​ជា​ភាសា​អង់គ្លេស Israeli settlers ត្រូវ​បាន​គេ​កំណត់​និយមន័យ​ថា ​ជាក្រុម​ជន​ដែល​តាំង​ទីលំនៅ​ក្នុង​ដែនដី​ដែល​អ៊ីស្រាអែល​បាន​កាន់កាប់នៅ​ក្រោយ​សង្គ្រាម ៦ ​ថ្ងៃ​ កាលពីឆ្នាំ ១៩៦៧ ​(1967 Six-Day War) មានរួមដែនដី​ក្នុងតំបន់​វែសប៊ែង (West Bank) និង​ផ្នែក​ខាងកើត​នៃក្រុង​ហ្ស៊េរុយសាឡិម (Jerusalem)។ បើ​តាម​អ.ស.ប. ថា នៅ​ពេល​នេះ​មាន​អ្នកតាំង​លំនៅឋានរហូត​ដល់ ​៧ សែននាក់ ​រស់នៅ​ក្នុងតំបន់ West Bank ដោយ​ខុស​ច្បាប់ តាមច្បាប់​អន្តរជាតិ។

ជាញឹកញយ​ ជនជាតិប៉ាឡេស្ទីន​បាន​ចោទ​ប្រកាន់​ពួក​អ្នក​តាំង​លំនៅឋាន​ថា យកដីធ្លី​ពួក​គេ​ដោយ​ប្រើ​កម្លាំង​ ​ហើយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សារវាង​ភាគី​ទាំង​ពីរ​កើត​មានជា​ញឹកញាប់​ដែរ។

អ្នកស្រី Esti Nadav ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដើរ​រក​ទិញ​គ្រឿង​តុបតែងសម្រាប់​បុណ្យ​ Hannukah ជាមួយ​កូនៗ​អ្នកស្រី និយាយថា អ្នកស្រី​យល់​ថា ​ក្រុម​មនុស្ស​ឃោរឃៅ​មិន​គួរ​ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​កាន់​កន្លែង​ខ្លះ​ទេ។ អ្នកស្រី​សួរ​ថាសំណួរ​គឺ​ថា​ តើ​គេ​អាច​ដឹង​ដោយ​បែប​ណា​ថា​ អ្នក​តាំង​លំនៅឋាន​ណា​ជា​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា? អ្នក​ស្រី​ថា ​ការណ៍នេះ​សំខាន់​ណាស់ ពីព្រោះមានមនុស្សស្លូតត្រង់​ត្រូវបាន​គេ​បដិសេធ​មិន​ឱ្យ​ចូល​ក្នុងសហរដ្ឋ​អាមេរិក។​

អ្នក​តាំង​លំនៅឋានម្នាក់ទៀតដែល​ប្រាប់​ថា អ្នកស្រី ឈ្មោះ Emilia និយាយថា ​អ្នកស្រី​ខឹង​សម្បា​អំពី​ការ​ហាមប្រាម​មិន​ផ្តល់​ទិដ្ឋាការ​នេះ។

អ្នក​ស្រី​ថ្លែង​ថា​ ​ជួនកាលអ្នក​តាំង​លំនៅឋានជ្វីហ្វ​ជាជនរងគ្រោះ ដោយការ​និយាយមួល​បង្កាច់។ អ្នកស្រីពោល​ថា ក្រុម​ខាង​ឆ្វេងនិយម ​រិះរក​ការ​រៀបរាប់​និងព្យាយាម​និយាយបង្ខូច​បង្កាច់​អ្នក​តាំង​លំនៅឋាន។ អ្នកស្រី​ថា អ្នកស្រី​មិន​យល់ថា ​ហេតុអ្វី​សហរដ្ឋ​អាមេរិកសម្រេច​ចិត្ត​ហាមឃាត់​ពលរដ្ឋ​អ៊ីស្រាអែល​ខ្លះ​មិន​ឱ្យ​ចូល​អាមេរិក ប៉ុន្តែ​បែរ​ជា​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​ស៊ីរីចូល​វិញ។

បើតាម ​អ.ស.ប. ជនជាតិ​អ៊ីស្រាអែល​ ២៦ នាក់​និង​ជនជាតិ​ប៉ាឡេស្ទីន​តិច​ណាស់ ​២០០ នាក់បាន​ស្លាប់ ដោយសារ​អំពើ​ហិង្សាក្នុង​តំបន់ West Bank នៅ​ឆ្នាំ​នេះ។

អ្នក​តាំង​លំនៅឋាន​អ៊ីស្រាអែល​ខ្លះ​កើត​នៅសហរដ្ឋ​អាមេរិកដោយ​មាន​សញ្ជាតិ​ពីរ ហើយ​ដូច្នេះ​ពួក​គេ​មិន​តម្រូវ​ឱ្យមាន​ទិដ្ឋាការ​ដើម្បីអាច​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ទេ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG