មហាសន្និបាតអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះដើម្បីជជែកដេញដោលអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយដែលទាមទារឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់ដើម្បីមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា (Gaza)។
សេចក្ដីសម្រេចនេះបង្ហាញអំពី «ក្ដីបារម្ភខ្លាំងក្លាទាក់ទិននឹងស្ថានការណ៍មនុស្សធម៌ដ៏មហន្តរាយនៅក្នុងតំបន់ហ្កាហ្សានិងក្ដីឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន» និងសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការការពារទាំងជនស៊ីវិលអ៊ីស្រាអែលនិងជនស៊ីវិលប៉ាឡេស្ទីននៅក្រោមច្បាប់អន្តរជាតិ។
សេចក្ដីសម្រេចនេះអំពាវនាវឱ្យភាគីទាំងអស់គោរពតាមច្បាប់អន្តរជាតិនិងលើកឡើងអំពីការការពារជនស៊ីវិលនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ សេចក្ដីសម្រេចនេះក៏ទាមទារផងដែរឱ្យមានការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងទាំងអស់និងអំពាវនាវឱ្យមានការធានាធ្វើយ៉ាងណាឱ្យមានលទ្ធភាពចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីមនុស្សធម៌។
សេចក្ដីសម្រេចស្រដៀងគ្នានេះបានបរាជ័យនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុនដោយសារតែសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូប្រឆាំង។ សិទ្ធិបោះឆ្នោតវេតូប្រឆាំងនេះគឺមិនមាននោះទេនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបើទោះបីជាសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិមិនតម្រូវឱ្យគោរពតាមក៏ដោយ ក៏សេចក្ដីសម្រេចទាំងនោះមានទម្ងន់នយោបាយដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានពន្យល់អំពីការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះនៅពេលដែលលោកធ្វើសន្និសីទកាសែតកាលពីថ្ងៃចន្ទ។
លោក Miller ពន្យល់ដូច្នេះថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាយើងគាំទ្រការផ្អាក [សង្គ្រាម] ដើម្បីមនុស្សធម៌ក៏ដោយ ក៏យើងគិតថាកិច្ចឈប់បាញ់គ្នាណាដែលនឹងអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហាម៉ាស់ (Hamas) ដែលបានរៀបចំផែនការសម្ងាត់វាយប្រហារថ្ងៃទី ៧ ខែតុលានោះ ឱ្យបន្តដំណើរការទៅមុខទៀតនៅក្នុងតំបន់ហ្កាហ្សានិងរៀបចំផែនការវាយប្រហារនៅពេលអនាគតគឺមិនអាចទទួលយកបាននោះទេ»។
នៅមុនកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់ហ្កាហ្សា ដែលក្នុងនោះរួមមានទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើផ្នែកភាគកណ្ដាលនិងភាគខាងត្បូងនៃតំបន់នេះផងដែរ។
រីឯនៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលវិញ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថាកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤ នាក់នៅក្នុងទីក្រុង Jenin។
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (Palestinian Red Crescent Society) បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនទាំង ៤ នាក់នេះបានស្លាប់ដោយសារការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែល៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និងប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Nike Ching រួមចំណែកនៅក្នុងសេចក្ដីរាយាការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។