ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អ៊ីស្រាអែល​បោះឆ្នោត​ប្រឆាំង​ការបង្កើត​រដ្ឋ​ប៉ាឡេស្ទីន


​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​អំឡុង​ពិធី​បុណ្យ​រំលឹក​ខួប​ទាហាន​ដែល​បាន​ស្លាប់​អំឡុង​សង្រ្គាម​ហ្កាហ្សា​កាលពីឆ្នាំ២០១៤។
​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​អំឡុង​ពិធី​បុណ្យ​រំលឹក​ខួប​ទាហាន​ដែល​បាន​ស្លាប់​អំឡុង​សង្រ្គាម​ហ្កាហ្សា​កាលពីឆ្នាំ២០១៤។

ការបោះឆ្នោត​នៅក្នុង​សភា​អ៊ីស្រាអែល​ប្រឆាំង​ជំទាស់​ចំពោះ​ការបង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ ​ដោយ​ចាត់​ទុក​ថា​ជា​ «ការគំរាម​កំហែង‍​ចំពោះ​ប្រទេស​អ៊ីស្រាអែល» ហើយ​ដោយ​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ ​នាំឱ្យ​មាន​ការរិះគន់​ពី​សំណាក់​ក្រុមប៉ាឡេស្ទីន​និង​អន្តរជាតិ​កាលពី​ថ្ងៃព្រហស្បតិ៍។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP។​

សភា​អ៊ីស្រាអែល​ដែល​មាន​សមាជិក​១២០​រូប​ កាលពី​ល្ងាច​ថ្ងៃពុធ ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ ដោយ​សំឡេង​គាំទ្រ​៦៨ ​ទល់នឹង​សំឡេង​ប្រឆាំង​៩ ​ដែល​និយាយ​ថា​រដ្ឋប៉ាឡេស្ទីន​មួយ​នៅលើ​ដែនដី​ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​នឹង​«នាំឱ្យ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នៅមាន​ជា​បន្ត​ ហើយ​នឹង​នាំ​ឱ្យ​តំបន់​នេះ ​មាន​អស្ថិរភាព»។​

សេចក្តី​សម្រេច​នេះ ​ជា​និមិត្ត​រូប​តែប៉ុណ្ណោះ ​ប៉ុន្តែ​ជា​ការ​កត់សម្គាល់​មួយ ​នៅមុន​ទស្សនកិច្ច​របស់​លោក Netanyahu ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​សម្រាប់​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ស្តីអំពី​ភាពស្របច្បាប់​របស់​ការកាន់កាន់​របស់​អ៊ីស្រាអែល​លើ​តំបន់ ​West Bank។

សេចក្តី​សម្រេច​របស់​អ៊ីស្រាអែល​ទស្សន៍​ទាយ​ថា ​ក្រុមហាម៉ាស់​នឹង​កាន់កាប់​រដ្ឋ​នេះ ​ហើយ​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ភេរវកម្ម​អ៊ិស្លាម​និយមជ្រុល​មួយ ​ដែល​ចង់​បំផ្លាញ​អ៊ីស្រាអែល។

សេចក្តី​សម្រេច​នេះ​បាន​និយាយ​ថា​«ការលើកស្ទួយ‍»​រដ្ឋ​ប៉ាឡេស្ទីន​ជា​«រង្វាន់​មួយ​សម្រាប់​អំពើ​ភេរវកម្ម ​ហើយនឹង​គ្រាន់តែ​លើក​ទឹកចិត្ត​ពួកក្រុមហាម៉ាស់​ និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន»​ក្រោយ​ការវាយ​ប្រហារ​ថ្ងៃទី៧ ខែតុលា​តែ​ប៉ុណ្ណោះ។

អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​និយាយ​ថា ​«គ្មាន​អ្នកណា​ម្នាក់​ ​មាន​សន្តិភាព​ឬ​សន្តិសុខ​ទេ ​បើសិនជា​គ្មាន​ការបង្កើត​រដ្ឋ​ប៉ាឡេស្ទីន​នោះ‍»។ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ចោទ​គណបក្ស​គ្រប់គ្រង​អំណាច​ចម្រុះ​របស់​អ៊ីស្រាអែល​ថា​«រុញច្រាន​តំបន់​នេះ​ឱ្យ​ចូលក្នុង​ជ្រោះ​យ៉ាង​ជ្រៅ​មួយ‍»។

ក្រសួង​ការបរទេស​បារាំង ​បាន​សម្តែង​ «ការព្រួយ​បារម្ភ» ​ចំពោះ​សេចក្តី​សម្រេច​ដែល​បារាំង​និយាយ​ថា​«ផ្ទុយពី​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG