ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បញ្ជូន​ក្រុម​អ្នក​ចរចា​ទៅកាន់​រដ្ឋធានី​គែរ​ដើម្បី​ចរចា​ការឈប់​បាញ់​គ្នា


ក្មេង​ប្រុស​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​តង់​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ដោយ​ជម្លោះ​នៅតំបន់ Khan Yunis នៅ​ភាគ​ខាង​ត្បូងតំបន់ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៤។
ក្មេង​ប្រុស​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​តង់​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ដោយ​ជម្លោះ​នៅតំបន់ Khan Yunis នៅ​ភាគ​ខាង​ត្បូងតំបន់ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៤។

ពួក​មន្ត្រី​អ៊ីស្រាអែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ពួក​អ្នក​ចរចា​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋធានីគែរ​ នៃ​ប្រទេស​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​បន្ថែម​ជុំវិញ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ពួក​អ្នក​ចរចា​មកពី​សហរដ្ឋ​អាមេរិក ប្រទេស​អេហ្ស៊ីប​និង​កាតា​បាន​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ដោយ​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ប្រាប់​ឱ្យ​ដឹង​ថា​ភាគី​ទាំងអស់​កំពុង​រំកិល​ខិត​កាន់តែ​ជិត​ទៅនឹង​ការព្រមព្រៀង​គ្នា។

ក្រុម​ហាម៉ាស់​បាន​យល់ព្រម​ថា​អ៊ីស្រាអែល​នឹង​មិន​ចាំបាច់​ធ្វើការ​តាំងចិត្ត​ដល់​ការបញ្ចប់​ជា​អចិន្ត្រៃយ៍​នៃ​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រម ព្រៀង​ឈប់​បាញ់​គ្នា​ទេ ជា​ការទាមទារ​ដ៏​សំខាន់​កាលពីពេល​មុន​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ។

ក្រុម​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ភេរវកម្ម​កំពុង​គាំទ្រ​អ្នក​សម្រប​សម្រួល​ដើម្បី​សន្យា​ចូលរួម​នៅ​ក្នុង​ការចរចា​បន្ថែម​ទៀត​រហូតទាល់​តែ​កិច្ចព្រមព្រៀង​ឈប់​បាញ់គ្នា​អចិន្ត្រៃយ៍​មួយ​ត្រូវ​សម្រេច​បាន។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការដោះលែង​ចំណាប់​ខ្មាំង​អ៊ីស្រាអែលដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៧ ខែតុលា។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោកBenjamin Netanyahu បាន​និយាយ​ថា​លោក​នឹង​មិន​យល់ព្រម​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​តម្រូវ​ឱ្យអ៊ីស្រាអែល​បញ្ឈប់​យុទ្ធនាការ​យោធា​របស់​ខ្លួន​មុន​អ៊ីស្រាអែល​អាច​លប់បំបាត់​ក្រុម​ហាម៉ាស់​ទេ។

ការចរចា​កើត​មាន​ឡើង​នៅពេល​ដែល​ការប្រយុទ្ធ​បាន​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ខាង​ជើង មួយ​ថ្ងៃ​បន្ទាប់ពី​អ៊ីស្រាអែល​បាន​ចេញ​បទបញ្ជា​ជម្លៀស​ដែល​អំពាវនាវ​ឱ្យ​ជន​ស៊ីវិល​នៅ​ទីនោះ​ចាកចេញ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP ​និង​ Reuters

XS
SM
MD
LG