ក្រុមមេដឹកនាំអឺរ៉ុប បានបើកកិច្ចប្រជុំកំពូលមួយ នៅចក្រភពអង់គ្លេស ដោយអំពាវនាវឱ្យមានការរួមសាមគ្គីគ្នា នៅក្នុងការគាំទ្ររបស់ពួកគេ សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ស្របពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើការរិះគន់ដោយមិនចំៗ ចំពោះលោកនាយករដ្ឋមន្ត្រីហុងគ្រី Victor Orban ដែលបានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងមូស្គូ កាលពីដើមខែកក្កដានេះ។
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បានបើកកិច្ចប្រជុំកំពូលរបស់សហគមន៍នយោបាយអឺរ៉ុប នៅរាជវាំង Blenheim ក្បែរទីក្រុង Oxford ដោយមានការអំពាវនាវមួយ កាលពីថ្ងៃព្រហស្បតិ៍ ឱ្យអឺរ៉ុបបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន សម្រាប់អ៊ុយក្រែន និង ដើម្បីសាមគ្គីគ្នា ប្រឆាំងនឹងភាពគឃ្លើនរបស់រុស្ស៊ី។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលជាភ្ញៀវសំខាន់ម្នាក់នៅក្នុងសន្និសីទកំពូលនេះ បានថ្លែងកោតសរសើរការគាំទ្ររបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន ដោយនិយាយថា៖ «លោក Putin មិនអាចរក្សាចំណងទាក់ទងជាមួយក្រុមមេដឹកនាំរឹងមាំបានទេ។ ហើយរឿងនេះនាំឱ្យយើងមានប្រៀប»។
ក៏ប៉ុន្តែលោក Zelenskyy បានព្រមានថា៖ «នេះជារឿងនាំឱ្យយើងនៅតែមានប្រៀប ដរាបណាយើងនៅតែរួមសាមគ្គីគ្នា»។
លោក Zelenskyy ដោយមិនបាននិយាយឈ្មោះលោកនាយករដ្ឋមន្ត្រី Orban ដោយចំៗនោះ បានរិះគន់ទស្សនកិច្ចរបស់មេដឹកនាំហុងគ្រីរូបនេះ ទៅកាន់ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ។
លោក Zelenskyy បានថ្លែងថា៖ «បើសិនជាអ្នកណាម្នាក់នៅអឺរ៉ុប ព្យាយាមដោះស្រាយបញ្ហា នៅក្រោយខ្នងអ្នកឯទៀត ឬ សូម្បីតែធ្វើឱ្យខាតបង់ប្រយោជន៍របស់អ្នកផ្សេង បើសិនជាអ្នកណាម្នាក់ចង់ធ្វើដំណើរទៅកាន់រដ្ឋធានីដែលបង្កើតសង្គ្រាមមួយ ដើម្បីពិភាក្សា និងប្រហែលជាសន្យាអ្វីមួយ ប្រឆាំងនឹងផលប្រយោជន៍រួមរបស់យើង ឬមួយក៏ធ្វើឱ្យខាតបង់ប្រយោជន៍របស់អ៊ុយក្រែន ឬ ប្រទេសឯទៀតនោះ រឿងអ្វីបានជាយើងគួរយកមនុស្សបែបនេះមកពិចារណា?»៕
អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់ VOA លោក Jeff Seldin ចូលរួមចំណែកក្នុងរឿងនេះ។ព័ត៌មានមួយចំនួនសម្រាប់សេចក្តីការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse ។
វេទិកាបញ្ចេញមតិ