ឧត្ដមសេនីយ៍នៃប្រទេសអ៊ីស្រាអែលមួយរូបបាននិយាយថា ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលទៅលើកងកម្លាំងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យអ៊ីរ៉ង់មិនអាចពង្រឹងវត្តមានរបស់ខ្លួននៅទីនោះ ក៏ដូចជាបានធ្វើឲ្យអ៊ីស្រាអែលត្រូវការជំនួយដើម្បីបញ្ចប់វត្តមានរបស់អ៊ីរ៉ង់ទាំងស្រុងនៅទីនោះ។
ការលើកឡើងដូចនេះកាលពីថ្ងៃពុធម្សិលមិញរបស់លោកនាយឧត្ដមសេនីយ៍ឯក Michael Edelstein នៅឯការពិភាក្សាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញពីការវាយតម្លៃជាសាធារណៈដ៏កម្រមួយរបស់មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលទៅលើយុទ្ធសាស្ត្ររបស់ប្រទេសអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។
លោក Edelstein ដែលជាសេនានុព័ន្ធអ៊ីស្រាអែលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងកាលពីពេលថ្មីៗនេះនៅក្នុងកិច្ចពិភាក្សាមួយដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលគោលនយោបាយជ្វីហ្វ (Jewish Policy Center) នៅឯអាគារការិយាល័យសមាជិករដ្ឋសភាសហរដ្ឋអាមេរិក ដែលហៅថា Cannon House Office Building។
លោក Edelstein បានប្រាប់ VOA ភាសាពែកថា យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី លីបង់ និងកន្លែងផ្សេងទៀត គឺទទួលបានលទ្ធផលល្អ។
រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងចម្បងរបស់ខ្លួន បង្កើតវត្តមានយោធាជាអចិន្ត្រៃយ៍នៅក្នុងប្រទេសស៊ីរីនោះទេ។ ប៉ុន្តែ លោក Edelstein បាននិយាយថា ប្រទេសអ៊ីស្រាអែលបាន «ពន្យារពេល» សកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងមុខព្រួញអ៊ីរ៉ង់មួយចំនួននៅក្នុងប្រទេសស៊ីរី៕