នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ នៅទ្វីបអឺរ៉ុបនៅថ្ងៃចន្ទនេះ ស្របពេលដែលលោកកំពុងស្វែងរកការគាំទ្រឲ្យមានការកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក Netanyahu បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះលោកនឹងជួបពិភាក្សាជាមួយនឹងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel មុនពេលលោកធ្វើដំណើរជាបន្តទៀតទៅជួបជាមួយនឹងមេដឹកនាំនៃប្រទេសបារាំង និងមេដឹកនាំចក្រភពអង់គ្លេស។
ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងសហរដ្ឋអាមេរិកបានឯកភាពគ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់រឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ ២០១៥។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីខែមុនថា សហរដ្ឋអាមេរិកដកខ្លួនចេញពីអ្វីដែលលោកហៅថាជាកិច្ចព្រមព្រៀង «ដ៏អាក្រក់ និងផ្ដោតតែម្ខាង» ដោយលោកបាននិយាយថា លោកចង់ឲ្យមានការដាក់កំហិតបន្ថែមទៀតលើកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់អ៊ីរ៉ង់ និងលើអ្វីដែលលោកហៅថាជា «សកម្មភាពបំផ្លិចបំផ្លាញរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា»។
ប៉ុន្តែ ប្រទេសហត្ថលេខីផ្សេងទៀតបានបង្ហាញពីគោលបំណងរបស់ពួកគេនៅក្នុងការរក្សាទុកកិច្ចព្រមព្រៀងនេះឲ្យនៅដដែល ដោយប្រទេសទាំងនោះបានអះអាងថា កិច្ចព្រមព្រៀងនេះគឺដំណើរការទៅមុខបាន។ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានស្នើឲ្យដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ តាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែម។
ដូចលោក Trump ដែរ លោក Netanyahu បានរិះគន់យ៉ាងចាស់ដៃលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ដោយលោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងអាចឲ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនបានយ៉ាងឆាប់រហ័ស នៅពេលដែលលក្ខខណ្ឌនានាផុតកំណត់៕