ប្រធានកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថាលោក នឹងលាលែងពីតំណែងនៅថ្ងៃទី៦ មីនា ដើម្បីជាការទទួលខុសត្រូវចំពោះការបរាជ័យខាងសន្តិសុខថ្ងៃទី៧ តុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមជនសកម្មប្រយុទ្ធហាម៉ាស់មកពីតំបន់ហ្កាហ្សាបានវាយប្រហារភេរវកម្មឆ្លងព្រំដែនលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស១២០០នាក់ហើយនិងចាប់ធ្វើជាចំណាប់ខ្មាំង២៥០នាក់។
នៅក្នុងលិខិតមួយច្បាប់ជូនលោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Halevi បាននិយាយថាលោកនឹងបញ្ចប់ការស៊ើបអង្កេតរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងការវាយប្រហារដ៏រន្ធត់មួយដែលនាំឱ្យមានការប្រយុទ្ធរយៈពេល១៥ខែនិងជួយពង្រឹងការប្រុងប្រៀបរបស់កងទ័ពការពារជាតិអ៊ីស្រាអែលសម្រាប់បញ្ហាប្រឈមសន្តិសុខនាថ្ងៃអនាគត។
លោក Halevi ដែលជាប្រធានកងកម្លាំងប្រដាប់អាវុធនៃអគ្គសេនាធិការយោធាអ៊ីស្រាអែលបានសរសេរថា«ខ្ញុំនឹងផ្ទេរទីបញ្ជាការកងទ័ពអ៊ីស្រាអែលដែលមានគុណភាពខ្ពស់និងមានរបៀបរបបដល់អ្នកជំនួសតំណែងខ្ញុំ»។
បទឈប់បាញ់គ្នារយៈពេល៦សប្តាហ៍ឥឡូវនេះបានចូលជាធរមាន ក៏ប៉ុន្តែលោក Halevi បាននិយាយថា«គោលបំណងនៃសង្គ្រាមនេះមិនបានសម្រេចជោគជ័យទាំងអស់ទេ។ កងទ័ពនឹងបន្តប្រយុទ្ធដើម្បីរុះរើក្រុមហាម៉ាស់បន្ថែមទៀតនិងសមត្ថភាពគ្រប់គ្រងរបស់ក្រុមនេះ ដើម្បីធ្វើឱ្យប្រាកដពីការវិលត្រឡប់របស់ចំណាប់ខ្មាំង»និងអាចឱ្យពលរដ្ឋអ៊ីស្រាអែលដែលគ្មានទីកន្លែងរស់នៅដោយសារការវាយប្រហាររបស់ពួកជនសកម្មប្រយុទ្ធវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។
ចាប់តាំងពីការវាយប្រហារនោះមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធមិនឆ្លើយសំណួរអំពីការដាក់ការស្តីបន្ទោសចំពោះការវាយប្រហារនោះ ដោយនិយាយថាការស៊ើបអង្កេតបែបនេះអាចរង់ចាំនៅពេលសង្គ្រាមបញ្ចប់សិន។
ការវាយបករបស់អ៊ីស្រាអែលនៅក្នុងតំបន់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៤៧.០០០នាក់ ដោយភាគច្រើននៃអ្នកស្លាប់ទាំងនោះជាស្ត្រីនិងកុមារ។ នេះបើតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា ថ្វីបើអ៊ីស្រាអែលថ្លែងដោយមិនមានភ័ស្តុតាងថាខ្លួនបានសម្លាប់ពួកជនសកម្មប្រយុទ្ធ១៧.០០០នាក់៕
វេទិកាបញ្ចេញមតិ