ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ខណៈដែលបទឈប់បាញ់ជាមួយអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី៣ ហើយទីភ្នាក់ងារមនុស្សធម៌អ.ស.បបាននាំជំនួយចូលទៅតំបន់ហ្កាហ្សាដើម្បីជួយជនស៊ីវិលប៉ាឡេស្ទីន។
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
ខណៈដែលបទឈប់បាញ់បន្តនៅថ្ងៃអង្គារនេះ ប៉ុន្តែនៅមានពេល៥សប្តាហ៍ទៀតមុននឹងដំណាក់កាលទីពីរចាប់ផ្តើម សំណួរនោះគឺថា តើអ៊ីស្រាអែលនិងហាម៉ាស់នឹងចរចាលក្ខខណ្ឌ សម្រាប់ដំណាក់កាលបន្ទាប់លឿននិងជោគជ័យប៉ុណ្ណា។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញការបារម្ភខ្លះៗ។ លោកបានចូលកាន់តំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីរបស់លោកនិងរដ្ឋបាលអតីតប្រធានាធិបតីលោក Joe Biden បានជំរុញឲ្យមានបទឈប់បាញ់មុននឹងមានការផ្ទេរតំណែងនេះ ។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគ្មានភាពជឿជាក់ទេ។ វាមិនមែនជាសង្រ្គាមរបស់យើងទេ។ វាជាសង្រ្គាមរបស់ពួកគេ»។
លោក Trump បាននិយាយថា រដ្ឋបាលរបស់លោក«ប្រហែល»ជួយកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងតំបន់ហ្កាហ្សាឡើងវិញនិងបានប្រដូចដែនដីនោះនឹង«ទីដែលត្រូវបានកម្ទេចដ៏ធំ»។
សង្រ្គាមរយៈពេល១៥ខែនេះបានបំផ្លាញផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាដែលពួកគេកំពុង ស្វែងរកទីសុវត្ថិភាពហើយសង្ឃឹមថា នឹងត្រឡប់ទៅវិញពេលសង្រ្គាមបញ្ចប់។
បទឈប់បាញ់មកដល់ពេលនេះ រួមមានការដោះលែងចំណាប់ខ្មាំងបីនាក់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន៩០នាក់នៅអ៊ីស្រាអែល។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថារថយន្តដឹកជំនួយបានចូលទៅហ្កាហ្សាកាលពីថ្ងៃចន្ទ។
ជម្លោះនេះបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពេលដែលក្រុមភេរវកម្មហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែល ហើយបានសម្លាប់មនុស្ស១.២០០នាក់និងចាប់ចំណាប់ខ្មាំង២៥០នាក់។ អ៊ីស្រាអែលបានវាយបកទៅតំបន់ហ្កាហ្សាដោយបានសម្លាប់មនុស្សច្រើនជាង៤៧.០០០នាក់ដែលភាគច្រើនជាស្រ្តីនិងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្កាហ្សា៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។