បទឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានប្រព្រឹត្តឡើងនៅថ្ងៃចន្ទនេះ ដោយភាគីទាំង២ស្ថិតនៅក្នុងការផ្អាកការប្រយុទ្ធគ្នា៦សប្តាហ៍ដំបូង ដែលអាចនាំទៅកាន់ការបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣។
រហូតមកទល់នឹងពេលនេះ ចំណាប់ខ្មាំង៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៩នាក់ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានត្រូវដោះលែង ដោយ៣០នាក់ផ្សេងទៀតត្រូវគេគ្រោងដោះលែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ។
អ៊ីស្រាអែលក៏បានដោះលែងពួកអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីន៩០នាក់ ដែលពួកគេទាំងអស់ជាស្ត្រីនិងក្មេងជំទង់ ដោយមានរាប់រយនាក់ថែមទៀតនឹងត្រូវដោះលែងបន្ទាប់។ នេះបើតាមក្រុមហាម៉ាស់។
អង្គការសហប្រជាជាតិបានទទូចឱ្យបញ្ចូនជំនួយស្បៀងអាហារដ៏ចាំបាច់ទៅកាន់តំបន់ហ្កាហ្សា ហើយនិយាយថាខ្លួនមានគម្រោងនាំស្បៀងអាហារចំនួន១៥០រថយន្តត្រាក់ជារៀងរាលថ្ងៃ ដើម្បីជួយជនស៊ីវិលប៉ាឡេស្ទីន ដែលជីវិតរបស់ពួកគេត្រូវក្រឡាប់ចាក់ដោយការប្រយុទ្ធគ្នានេះ។
មនុស្សជាង១លាន៨សែននាក់កំពុងត្រូវការកន្លែងជ្រកកោនក្នុងគ្រាអាសន្នក្នុងតំបន់ហ្កាហ្សា។ នេះបើតាមអង្គការសហប្រជាជាតិដែលបានវាយតម្លៃនៅក្នុងរបាយការណ៍មួយកាលពីឆ្នាំទៅដែលថាគេអាចត្រូវចំណាយពេលរហូតដល់ឆ្នាំ២០៤០ ដើម្បីស្ថាបនាផ្ទះសម្បែងដែលត្រូវបានកម្ទេចនៅក្នុងដែនដីនេះ។
បទឈប់បាញ់គ្នាបានចាប់ផ្តើមប្រហែលនៅពាក់កណ្តាលថ្ងៃអាទិត្យ ហើយប៉ុន្មានម៉ោងក្រោយមក ក្បួនកុងវ័ររថយន្តរបស់អង្គការកាកបាទក្រហមបានដឹកចំណាប់ខ្មាំងគឺនាង Romi Gonen, Emily Damari និង Doron Steinbrecher ត្រឡប់ទៅកាន់កន្លែងសុវត្ថិភាពនៅអ៊ីស្រាអែល។
នៅព្រឹកថ្ងៃចន្ទនេះ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីននិងអ្នកទោសផ្សេងទៀត៩០នាក់ ដោយមានរថយន្តក្រុងជាច្រើនបានដឹកពួកគេចេញពីគុក Ofer របស់អ៊ីស្រាអែលនៅខាងក្រៅទីក្រុង Ramallah នៃតំបន់ West Bank។
ការឈប់បាញ់គ្នាបានកើតមានឡើងបន្ទាប់ពីការចរចាអស់ជាច្រើនខែដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីបនិងកាតា។ ការចរចាបានរីកកាន់តែធំឡើងក្នុងរយៈ ពេល៣-៤សប្តាហ៍កន្លងមកនេះ ដោយមានក្រុមមកពីទាំងរដ្ឋបាលចេញពីតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានជំរុញឱ្យមានកិច្ចព្រមព្រៀងមុនពេលការស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះរបស់លោក Trump៕