យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះនៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលបណ្ដារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នាដើម្បីពិចារណាអំពីការអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបែបមនុស្សធម៌។
យន្តហោះអ៊ីស្រាអែលក៏បានវាយប្រហារលើទីតាំងរបស់ក្រុមហេសបូឡា (Hezbollah) ជាច្រើនកន្លែងផងដែរនៅក្នុងប្រទេសលីបង់ ដែលក្នុងនោះរួមមានទាំងក្រុមតូចៗដែលយោធាអ៊ីស្រាអែលថាកំពុងត្រៀមលក្ខណៈដើម្បីបាញ់មីស៊ីលប្រឆាំងរថក្រោះនិងរ៉ុក្កែតសំដៅទៅកាន់អ៊ីស្រាអែលផងដែរ។
ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានប្រាប់អ្នកកាសែតថា លោកជឿថាការផ្អាកការប្រយុទ្ធគ្នាដើម្បីមនុស្សធម៌គឺចាំបាច់ដើម្បីអនុញ្ញាតឱ្យជំនួយអាចចូលទៅដល់ដៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាបាន។
ការលើកឡើងរបស់លោក Borrell នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីក្បួនរថយន្តដឹកជំនួយទីពីរត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកព្រំដែន Rafah ចូលទៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានវាយប្រហារអស់រយៈពេលជាង ២ សប្ដាហ៍មកហើយលើតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) កាលពីថ្ងៃទី ៧ ខែតុលាដែលបានសម្លាប់មនុស្សប្រហែល ១.៤០០ នាក់។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សប្រហែល ១,៤ លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងថាមានបញ្ហាកង្វះទឹក ស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា។
លោក Borrell ក៏បាននិយាយផងដែរថា កិច្ចប្រឹងប្រែងដើម្បីធ្វើយ៉ាងណាកុំឱ្យសង្គ្រាមនេះរីករាលដាលបន្ថែមទៀតត្រូវតែមានការបញ្ឈប់ការវាយប្រហារដោយរ៉ុក្កែតរបស់ក្រុមហាម៉ាស់ពីតំបន់ ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កំពុងឃុំខ្លួន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់នៅក្នុងតំបន់ហ្កាហ្សា បានឡើងដល់យ៉ាងតិច ៤.៦៥១ នាក់ ហើយអ្នករងរបួសមានចំនួន ១៤.២៥៤ នាក់។
មន្ត្រីអ៊ីស្រាអែលបានសន្យាបន្តយុទ្ធនាការវាយប្រហារលើតំបន់ហ្កាហ្សា រហូតទាល់តែដល់ពេលដែលក្រុមហាម៉ាស់គ្មានលទ្ធភាពអាចវាយប្រហារបានជាបន្តទៀត។
មេដឹកនាំសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេសបានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យអំពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទដែលចាប់ផ្ដើមដោយប្រធានាធិបតីអាមេរិកលោក Joe Biden៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។