ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល​វាយ​ប្រហារ​លើ​គោលដៅ​ជាង ៦០០ កន្លែង​នៅ​ហ្កាហ្សា


ក្មេងប្រុសស្រីប៉ាឡេស្ទីន​ដើរ​កាន់ដៃ​គ្នា​កាត់​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ បន្ទាប់ពី​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​លើ​ជំរំ​ជនភៀសខ្លួន Nuseirat នៅ​កណ្តាល​តំបន់​ហ្កាហ្សា នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៣ ចំ​ពេល​មាន​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន។
ក្មេងប្រុសស្រីប៉ាឡេស្ទីន​ដើរ​កាន់ដៃ​គ្នា​កាត់​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ បន្ទាប់ពី​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​លើ​ជំរំ​ជនភៀសខ្លួន Nuseirat នៅ​កណ្តាល​តំបន់​ហ្កាហ្សា នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៣ ចំ​ពេល​មាន​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន។

កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​ចំ​ទីតាំង​របស់​ក្រុម​ហាម៉ាស់ (Hamas) ជាង ៦០០ កន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ក្នុង​រយៈពេល ២៤ ម៉ោង។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​ក៏​បាន​វាយ​ប្រហារ​ផង​ដែរ​លើ​គោលដៅ​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​លីបង់។ យោធា​អ៊ីស្រាអែល​បាន​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឡើង​ចេញ​ពី​ប្រទេស​ទាំង​ពីរ​នេះ។

កង​កម្លាំង​ការពារ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា៖ «ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ក្រុម​ភេរវករ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ទាហាន​នៃ​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​បាន​សម្លាប់​ភេរវករ​រាប់​សិប​នាក់​ដែល​លាក់​ខ្លួន​នៅ​ក្នុង​អគារ​និង​រូង​ក្រោម​ដី​និង​ដែល​បាន​ប៉ុនប៉ង​វាយ​ប្រហារ​លើ​ពួកគេ»។ ក្រុម​ហាម៉ាស់​ក៏​បាន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​តំបន់​ហ្កាហ្សា​ផង​ដែរ។

អង្គការ Save the Children បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ចំនួន​កុមារ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​រយៈពេល ៣ សប្ដាហ៍ «បាន​កើន​លើស​ចំនួន​កុមារ​ដែល​ត្រូវ​បាន​សម្លាប់​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​តំបន់​សង្គ្រាម​នានា​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​ឆ្នាំ ២០១៩ មក»។ កុមារ​ជាង ៣.០០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នេះ។

អ៊ីស្រាអែល​បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​រថក្រោះ​របស់​ខ្លួន​ស្ថិត​នៅ​លើ​មាត់​សមុទ្រ​ភាគ​ខាង​លិច​នៃ​តំបន់​ហ្កាហ្សា​ក្នុង​រយៈពេល ៤៨ ម៉ោង​ក្រោយ​មក​បន្ទាប់ពី​ខ្លួន​បាន​បញ្ជា​ឱ្យ​មាន​ការ​លុកលុយ​តាម​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​ឆ្លង​ព្រំដែន​ភាគ​ខាង​កើត​របស់​ខ្លួន។

ក្រុម​ហាម៉ាស់​បាន​និយាយ​ថា ខ្លួន​បាន​ប្រើ​មីស៊ីល​វាយ​ប្រហារ​លើ​រថក្រោះ​អ៊ីស្រាអែល​នៅ​ផ្នែក​ខាង​ជើង​ក្នុង​តំបន់​ហ្កាហ្សា​និង​បាន​ចំអក​ដាក់​សេចក្ដី​រាយការណ៍​នានា​ដែល​ថា​ទាហាន​អ៊ីស្រាអែល​បាន​រុល​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​ហ្កាហ្សា។

ការ​អះអាង​របស់​ភាគី​ទាំង​ពីរ​មិន​អាច​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បាន​ទេ។

កាលពី​ថ្ងៃ​អាទិត្យ យោធា​អ៊ីស្រាអែល​បាន​ចេញ​ការ​អំពាវនាវ​ម្ដង​ទៀត​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជម្លៀស​ខ្លួន​ចេញ​ទៅ​កាន់​តំបន់​ភាគ​ខាង​ត្បូង​ជា​បណ្ដោះ​អាសន្ន គឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ចំណុច​កណ្ដាល​នៃ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់។

អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា កងទ័ព​ជើង​គោក​របស់​ខ្លួន​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ជា​ច្រើន​នាក់​នៅ​ពេល​ដែល​ពួកគេ​បាន​ចេញ​ពី​រូង​ក្រោម​ដី​មួយ​កន្លែង​នៅ​ជិត​ច្រក​ឆ្លងកាត់ Erez ដែល​ជា​ច្រក​ឆ្លងកាត់​សម្រាប់​អ្នក​ថ្មើរ​ជើង​តែ​មួយ​គត់​ពី​តំបន់​ហ្កាហ្សា​ចូល​ទៅ​អ៊ីស្រាអែល​មុន​ពេល​ដែល​ច្រក​នេះ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​នេះ។

ក្រុម​ហាម៉ាស់​បាន​ពង្រីក​បណ្ដាញ​រូង​ក្រោម​ដី​នៅ​ក្រោម​តំបន់​ហ្កាហ្សា​ដែល​គេ​ជឿ​ថា​រូង​ទាំង​នោះ​គឺ​សម្រាប់​ស្តុក​សព្វាវុធ ស្បៀង​អាហារ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ទៀត៕


ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG