ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អេហ្ស៊ីប​លោក Sissi ព្រមាន​ពី​ការ​រីក​រាលដាល​នៃ​ជម្លោះ​នៅ​ហ្កាហ្សា​ដោយ​ហៅ​តំបន់​នេះ​ថា​ជា​«គ្រាប់​បែក​កំណត់​ម៉ោង​ជិត​ផ្ទុះ»


រូបឯកសារ៖ រូបភាពរបស់កងទ័ព​ជើងទឹក​អាមេរិក​បង្ហាញ​នាវា​ចម្បាំង​កម្ទេច​មីស៊ីល​ Arleigh Burke របស់អាមេរិក ​បាញ់​កម្ទេច​មីស៊ីល​របស់​ក្រុម Houthi នៅ​សមុទ្រ​ក្រហម កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។
រូបឯកសារ៖ រូបភាពរបស់កងទ័ព​ជើងទឹក​អាមេរិក​បង្ហាញ​នាវា​ចម្បាំង​កម្ទេច​មីស៊ីល​ Arleigh Burke របស់អាមេរិក ​បាញ់​កម្ទេច​មីស៊ីល​របស់​ក្រុម Houthi នៅ​សមុទ្រ​ក្រហម កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។

លោក Abdel Fattah el-Sissi ប្រធានាធិបតី​អេហ្ស៊ីប​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជម្លោះ​នៅ​តំបន់​ហ្កាហ្សា​អាច​រីក​រាល​ដាល​កាន់​តែ​ធំ ដោយ​លោក​ហៅ​តំបន់​នេះ​ទាំង​មូល​ថា​ «គ្រាប់​បែក​កំណត់​ម៉ោង​ដែល​ជិត​ផ្ទុះ»។

អេហ្ស៊ីប​ក៏​បាន​រាយការណ៍​ផង​ដែរ អំពី​ការ​បាញ់​ទម្លាក់​ដ្រូន​ជា​ច្រើន​គ្រឿងកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​អះអាង​ថា ដ្រូន​ទាំង​នោះ​ត្រូវ​បាន​បញ្ជា​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ Houthi គាំទ្រ​អ៊ីរ៉ង់​ចេញ​ពី​ប្រទេស​យេម៉ែន។

ក្រុម Hezbollah នៅ​ប្រទេស​លីបង់​ដែល​ជាក្រុម​ជីវពល​គ្រប់គ្រង​ដោយ​អ៊ីរ៉ង​ ក៏​បាន​បាញ់​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើងធំ​ទៅ​លើ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីស្រាអែល​ផងដែរ​ចាប់តាំង​ពី​ជម្លោះ​នៅ​ទី​នោះ​បាន​កើត​ឡើង ខណៈ​មាន​ការបារម្ភ​ថា សង្គ្រាម​អាច​កើត​ឡើង​រវាង​អ៊ីស្រាអែល​និង​លីបង់។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ Hezbollah នៅប្រទេស​លីបង់​បាន​បាញ់​មីស៊ីល​ពី​ដី​ទៅ​លើ​អាកាស​សំដៅ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីស្រាអែល​ នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេសអ៊ីស្រាអែល​និង​លីបង់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ ខណៈ​មាន​ការ​បាញ់មីស៊ីល​និង​គ្រាប់​រ៉ុក្កែត​ដាក់គ្នាទៅ​វិញ​ទៅ​មក ដោយបណ្ដាល​ឲ្យ​ពលរដ្ឋ​លីបង់​ជា​ច្រើន​បារម្ភ​ថា សង្គ្រាម​នេះ​អាច​កើត​មាន​ឡើង​រវាង​អ៊ីស្រាអែល​និង​លីបង់។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ មាន​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន​និង​ដោយ​គ្រាប់​រ៉ុក្កែត​នៅ​ព្រំដែនភាគ​ខាង​ជើង​នៃ​ប្រទេស​អេហ្ស៊ីប​ ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​រង​របួស។

ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជម្លោះ​នៅ​តំបន់​ហ្កាហ្សា​ដែល​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល ៣សប្ដាហ៍​មក​ហើយ​នោះ​ អាច​នឹង​រីករាល​ដាលទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​មជ្ឈិមបូព៌ា​នេះ​ រួម​ទាំង​អេហ្ស៊ីប​ផងដែរ។

រូបឯកសារ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi ចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi ចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

លោក​ប្រធានាធិបតី Sissi បាន​ថ្លែង​ជា​ភាសា​អារ៉ាប់ថា៖ «មាន​ដ្រូន​ជា​ច្រើន​បាន​ចូល​ទៅ​ក្នុង​ទឹកដី​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​សុក្រ ដែលបង្ហោះ​ចេញ​ពី​ប្រទេសយេម៉ែន ប៉ុន្តែ​ដ្រូន​ទាំង​នោះ​ត្រូវ​បា​នបាញ់​ទម្លាក់»។

លោក​ក៏​បាន​ព្រមាន​ដែរ​ថា ការរីករាល​ដាល​នៃ​ជម្លោះ​នេះ គ្មាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​សម្រាប់​តំបន់​នេះ​ទេ។ លោក​បញ្ជាក់​ថា វា​ហាក់​ដូច​ជា​គ្រាប់​បែក​កំណត់​ម៉ោង​ដែល​អាច​បំផ្លាញ​យើង​ទាំង​អស់​គ្នា។ លោក​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា ​ប្រទេស​អេហ្ស៊ីប ជា​រដ្ឋ​អធិបតេយ្យ​ ហើយ​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​គោរព​អធិបតេយ្យភាព​របស់​អេហ្ស៊ីប​និង​ទីតាំង​ដែល​របស់​ខ្លួន​ដូច​បាន​កំណត់​នៅ​លើ​ផែនទី»។

ក្រុម​ជីវពល Houthi នៅ​ប្រទេស​យេម៉ែន​ដែល​គ្រប់​គ្រង​ផ្នែក​ភាគច្រើន​ទៅ​លើ​តំបន់​ខាង​ជើង​នៃ​ប្រទេស​យេម៉ែន ​និង​តំបន់​ឆ្នេរ​នៃ​សមុទ្រ​ក្រហម ជា​សម្ព័ន្ធ​មិត្ត​ទាំង​អ៊ីរ៉ង់​និង​ក្រុម Hezbollah នៅ​ក្នុង​ប្រទេស​លីបង់។

កាល​ពី​ពេល​មុន ពួកគេ​ធ្លាប់​បាន​ប្រើ​ដ្រូន​ដែល​ផ្ដល់​ដោយ​អ៊ីរ៉ង់​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​នានា​នៅក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​នៅជា​ប្រទេស​ជិត​ខាង។ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ គឺជា​ការ​វាយ​ប្រហារ​តាម​ដ្រូន​លើក​ទី ១ ទៅ​លើ​ប្រទេស​អេហ្ស៊ីប។

ស្របពេល​ដែល​អ៊ីស្រាអែល​បង្កើន​ការ​វាយ​លុក​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ក្រុម​នានា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់​ត្រៀម​ខ្លួន​ចេញ​ប្រតិបត្តិការ ប្រសិនបើ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​បន្ត​ទៅ​មុខ»។ លោក​បាន​បន្ថែម​ទៀតថា សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​មាន​គ្រាប់​រ៉ុក្កែត កាំជ្រួច​មីស៊ីល​និង​ដ្រូន​គ្រប់​គ្រាន់​ដែល​អាច​យក​មក​ប្រើ​បាន​នៅ​ពេល​ចាំបាច់»។

លោក Amirabdollahian បាន​គំរាម​អ៊ីស្រាអែល​ដោយ​ថ្លែង​ថា ការ​បន្ត​សម្លាប់​ស្ត្រី​និង​ កុមារ ក៏ដូចជា​ជន​ស៊ីវិល​នៅ​តំបន់​ហ្កាហ្សា​ និង​នៅ​តំបន់​ West Bank នឹង​បើក​ទ្វារ​ទៅ​កាន់​អ្វី​ដែល​លោក​ហៅ​ថា «ជម្រើស​ផ្សេងៗ​ហើយ​អ្វីៗ​អាច​កើត​មាន​ឡើង»។ លោក​បញ្ជាក់​ថា សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់ «បាន​ហ្វឹកហាត់​និង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​រុល​ទៅ​មុខ ប្រសិន​បើ​ចាំបាច់»។

លោក Amirabdollahian ក៏​បាន​អំពាវនាវ​ឲ្យ​មាន ​«បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់»​ នៅ​តំបន់​ហ្កាហ្សា។ លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នេះ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ «ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ផ្នែ​នយោបាយ»។

ផ្សែងហ៊ុយឡើងនៅ​ភូមិ Aita al-Shaab នៃប្រទេសលីបង់ ដែលស្ថិតនៅជាប់​ព្រំដែនអ៊ីស្រាអែល ក្នុងអំឡុងនៃការប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ Hezbollah កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។
ផ្សែងហ៊ុយឡើងនៅ​ភូមិ Aita al-Shaab នៃប្រទេសលីបង់ ដែលស្ថិតនៅជាប់​ព្រំដែនអ៊ីស្រាអែល ក្នុងអំឡុងនៃការប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ Hezbollah កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣។

លោក Khattar Abou Diab សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ប៉ារីស បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ឯទៀត​នៅ​ក្នុង​តំបន់​កំពុង​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ទៅ​លើ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដោយហេតុថា​ មាន​ការគំរាម​កំហែង​ទាំង​ក្នុង​ប្រទេស​និង​មក​ពី​ខាង​ក្រៅ ដូច​ករណី​វាយ​ប្រហារ​ទៅ​លើ​ភាគ​ខាង​ជើង​នៃ​ឧបទ្វីប Sinai កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនជាដើម។

លោក Abou Diab បាន​និយាយ​ជា​ភាសា​បារាំង​ថា៖ «ការវាយ​ប្រហារ​ទៅ​លើ​ប្រទេស​អេហ្ស៊ីប ធ្វើ​ឡើង​ចេញ​ពី​ប្រទេស​យេម៉ែន ឬ​ចេញ​ពី​តំបន់​ផ្សេង​ទៀត​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​អេហ្ស៊ីប។ ការ​វាយ​ប្រហារ​នោះ​គឺ​ជា​ការគំរាម​កំហែង​សម្រាប់​សន្តិសុខ​ជាតិ​អេហ្ស៊ីប។ ដូច្នេះ​ហើយ​អេហ្ស៊ីប​ក៏ដូចជា​រដ្ឋ​នានា​នៅ​ក្នុង​តំបន់ ​មាន​ការ​បារម្ភ​ថា​ជម្លោះ​នេះ​អាច​ហៀរ​ទៅ​ដល់​ដែន​ដី​របស់​ពួក​គេ និង​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​នៅ​តាម​ព្រំដែន​និង​ នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ»។

លោក Abou Diab បាន​ចង្អុល​បង្ហាញ​ថា​ អេហ្ស៊ីបធ្លាប់​បាន​គ្រប់​គ្រង​តំបន់ Gaza Strip ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ ១៩៦៧ ហើយ​ប្រទេស​នេះ​ក៏​ត្រូវ​ប្រឈម​មុខ​ផងដែរ​ជាមួយ​ក្រុម ជ្រុល​និយម​អ៊ិស្លាម​ចេញ​ពី​តំបន់​ហ្កាហ្សា​ និង​នៅ​ភាគ​ខាង​ជើង​នៃ​ឧបទ្វីប Sinai អស់​រយៈ​ពេល​ជាយូរ​មក​ហើយ។

លោក​ថ្លែង​ថា៖ «អេហ្ស៊ីប​ត្រៀម​ខ្លួន​បញ្ឈប់​ការ​បញ្ជូន​ជន​ប៉ាឡេស្ទីន​ទៅ​កាន់​ឧបទ្វីប​ Sinai ដើម្បី​ការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​គេ»។

ទូរទស្សន៍ al Arabiya ដែល​គ្រប់គ្រង​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍​មុន​ថា ​ក្បួន​រថយន្ត​ធំៗ​ដឹក​ជំនួយ​លើក​ទី ៣ បាន​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា ​ដើម្បី​ជួយ​ដល់​ជនស៊ីវិល​នៅ​ទី​នោះ។ យ៉ាងណា​ក៏ដោយ មិន​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា​ តើ​សម្ភារៈ​ផ្គត់​ផ្គង់​អ្វី​ខ្លះ​ដែល​ក្បួន​រថយន្ត​ធំៗ​ទាំង​នោះ​កំពុង​ដឹក​ជញ្ជូន​ទៅ​ទីនោះ​ទេ។

ប្រធានាធិតបី​អេហ្ស៊ីប​លោក Sissi ក៏​បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ផង​ដែរ​ថា អេហ្ស៊ីប«កំពុង​ធ្វើការ​សម្រប​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ក្បួន​រថយន្ត​ដឹក​ជំនួយ​ទាំង​នោះ​ដើម្បី​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG