ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ត្រូវគេរំពឹងថានឹងធ្វើការដោះដូរអ្នកទោសនិងចំណាប់ខ្មាំងបន្ថែមទៀតនៅពេលដែលកិច្ចឈប់បាញ់គ្នាឈានចូលដល់ថ្ងៃទី ៥ នៅថ្ងៃអង្គារនេះ។
អ៊ីស្រាអែលបានសន្យាបន្តការផ្អាកការវាយប្រហាររបស់ខ្លួនលើក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា (Gaza) មួយថ្ងៃបន្ថែមទៀតផុតកិច្ចឈប់បាញ់គ្នាដែលបានព្រមព្រៀងដំបូងរយៈពេល ៤ ថ្ងៃ ដើម្បីឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ១០ នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ដែលជាប់ឃុំក្រោមបទល្មើសផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងការដោះដូរមួយលើកៗ។
ក្រុមហាម៉ាស់បានបញ្ជាក់ថាខ្លួនពិតជាបានយល់ព្រមជាមួយនឹងការពន្យារបន្ថែម ២ ថ្ងៃទៀតនៃកិច្ចឈប់បាញ់គ្នានេះ «នៅក្រោមលក្ខខណ្ឌដដែល»។
ប្រទេសកាតាបានជួយចរចាឱ្យមានការពន្យារបន្ថែមនេះ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ដែលបានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នានេះដរាបណាមានការដោះលែងចំណាប់ខ្មាំង បានបញ្ជាក់ថា ខ្លួនបានស្វាគមន៍ការពន្យារបន្ថែមនូវការឈប់ប្រយុទ្ធគ្នានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការឈប់ប្រយុទ្ធគ្នានេះបាន «អនុញ្ញាតឱ្យជំនួយមនុស្សធម៌កាន់តែច្រើនបន្ថែមទៀតគួរឱ្យកត់សម្គាល់ចូលដល់ដៃជនស៊ីវិលស្លូតត្រង់ដែលរងគ្រោះនៅទូទាំងតំបន់ហ្កាហ្សា»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងការទូតរបស់ខ្លួននោះទេរហូតទាល់តែចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ចាប់ឃុំត្រូវបានដោះលែង។
ការដោះដូរលើកទី ៤ នូវចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំជាមួយនឹងអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែលនេះបានបញ្ចប់ទៅកាលពីយប់ថ្ងៃចន្ទ ដោយកងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយថាចំណាប់ខ្មាំង ១១ នាក់ដែលក្រុមហាម៉ាស់ចាប់ឃុំត្រូវបានដោះលែង ហើយអាជ្ញាធរពន្ធនាគារអ៊ីស្រាអែលថាអ្នកទោសប៉ាឡេស្ទីន ៣៣ នាក់ត្រូវបានដោះលែង។ សរុបមក ចំណាប់ខ្មាំងអ៊ីស្រាអែល ៥០ នាក់ និងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់ត្រូវបានដោះលែងក្នុងអំឡុងពេល ៤ ថ្ងៃដំបូងនៃកិច្ចឈប់បាញ់គ្នា។
ទោះបីជាកិច្ចឈប់បាញ់គ្នាដែលពន្យារបន្ថែមនេះបង្កឱ្យមានក្ដីរំពឹងថានឹងមានកិច្ចឈប់បាញ់គ្នារយៈពេលយូរក៏ដោយ ក៏អ៊ីស្រាអែលនៅតែប្រកាន់ខ្ជាប់តាមគោលបំណងដែលកំណត់ទុកយ៉ាងជាក់ច្បាស់របស់ខ្លួនដដែលនៅក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហាម៉ាស់និងបញ្ចប់ការត្រួតត្រារយៈពេល ១៦ ឆ្នាំរបស់ក្រុមនេះលើតំបន់ហ្កាហ្សា៕
ប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Nike Ching និងអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Anita Powell រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។