ប្រទេសកាតាដែលជាអ្នកសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានឱ្យដឹងនៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចបានដើម្បីពន្យារបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា (Gaza) រយៈពេលពីរថ្ងៃទៀត ដោយបន្តផ្អាកការប្រយុទ្ធគ្នាដែលបានធ្វើឡើងក្នុងរយៈពេល ៧សប្តាហ៍មកនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យក្រសួងការបរទេសកាតាម្នាក់ បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «កិច្ចព្រមព្រៀងគ្នាមួយត្រូវបានសម្រេចដើម្បីពន្យារពេលសម្រាប់កិច្ចការមនុស្សធម៌រយៈពេលពីរថ្ងៃទៀតនៅតំបន់ហ្កាហ្សា»។
ក្រុមហាម៉ាស់ក៏បាននិយាយថា ខ្លួនបានយល់ព្រមជាមួយប្រទេសកាតានិងប្រទេសអេហ្ស៊ីប ឱ្យមានការពន្យារពេលពីរថ្ងៃទៀតលើកិច្ចឈប់បាញ់គ្នា។ ប្រទេសកាតានិងអេហ្ស៊ីបកំពុងសម្របសម្រួលការចរចាគ្នាដោយប្រយោលរវាងភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
មិនទាន់មានការលើកឡើងអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេពីប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែមន្ត្រីសេតវិមានរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេច។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីហាម៉ាស់ម្នាក់បានថ្លែងថា៖ «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចជាមួយនឹងបងប្អូន[របស់យើង]នៅកាតានិងអេហ្ស៊ីប ដើម្បីពន្យារបទឈប់បាញ់ជាបណ្តោះអាសន្នសម្រាប់កិច្ចការមនុស្សធម៌រយៈពេលពីរថ្ងៃទៀត ដោយមានលក្ខខណ្ឌដដែលដូចកិច្ចព្រមព្រៀងគ្នាលើកមុន»។
ការថ្លែងទាំងនេះមិនបានបញ្ជាក់អំពីចំនួនចំណាប់ខ្មាំងដែលនឹងត្រូវបានដោះលែងនោះទេ ក៏ប៉ុន្តែមុនការប្រកាសទាំងនេះ ប្រធាននាយកដ្ឋានព័ត៌មានជាតិអេហ្ស៊ីបលោក Diaa Rashwan បានថ្លែងថា កិច្ចព្រមព្រៀងគ្នាដើម្បីពន្យារបទឈប់បាញ់នោះរួមមានការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ២០នាក់ ក្នុងចំណោមចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួនពីភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ លោកថ្លែងបន្ថែមថា ជាការដោះដូរ អ៊ីស្រាអែលដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីន ៦០នាក់ ដែលអ៊ីស្រាអែលបានឃុំខ្លួន។
កិច្ចឈប់បាញ់គ្នាដំបូងនឹងត្រូវបានផុតកំណត់នៅយប់ថ្ងៃចន្ទ៕