ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​ហាម៉ាស់​​​​ដោះលែង​​ចំណាប់ខ្មាំង​​អ៊ីស្រាអែល​១៣នាក់ ​ហើយ​​ការ​ផ្គត់ផ្គង់​ជំនួយ​​​ចាប់ផ្តើម​​​ដឹក​ជញ្ជូន​​​ចូល​​ហ្កាហ្សា​ពី​អេហ្ស៊ីប


កុមារី Amelia Aloni ឱប​មនុស្ស​ម្នាក់ ខណៈ​ដែល​នាង​និង​ម្ដាយ​របស់​នាងឈ្មោះ Daniel ​ជួបសមាជិក​គ្រួសារ​របស់​ខ្លួន បន្ទាប់ពី​ក្រុម​ហាម៉ាស់​ដោះលែង​ពួកគេ នៅ​ក្នុង​កិច្ចព្រមព្រៀង​បទឈប់បាញ់​ជា​បណ្ដោះអាសន្ន​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
កុមារី Amelia Aloni ឱប​មនុស្ស​ម្នាក់ ខណៈ​ដែល​នាង​និង​ម្ដាយ​របស់​នាងឈ្មោះ Daniel ​ជួបសមាជិក​គ្រួសារ​របស់​ខ្លួន បន្ទាប់ពី​ក្រុម​ហាម៉ាស់​ដោះលែង​ពួកគេ នៅ​ក្នុង​កិច្ចព្រមព្រៀង​បទឈប់បាញ់​ជា​បណ្ដោះអាសន្ន​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅ​ថ្ងៃទីមួយនៃការ​ឈប់បាញ់គ្នានិង​ការ​ដោះដូរ​ចំណាប់ខ្មាំង​និង​អ្នក​ទោសកាលពី​ថ្ងៃ​សុក្រទី២៤ ខែវិច្ឆិកា រវាង​អ៊ីស្រាអែលនិងពួក​ហាម៉ាស់ ​ការ​ដឹកជញ្ជូន​ជំនួយនិង​ប្រេង​ឥន្ធនៈបានចាប់ផ្តើម​ចូល​ក្នុងតំបន់ហ្កាហ្សាពីច្រក​ព្រំដែន Rafah នៃ​ប្រទេសអេហ្ស៊ីប។ បណ្តាញ​ព័ត៌មានអារ៉ាប់​រាយការណ៍​ថា​រថយន្ត​ធំៗដឹក​ជំនួយ​ជាង ១០០ គ្រឿង​បាន​បើកចូល​ក្នុង​តំបន់​ហ្កាហ្សានៅ​ពាក់កណ្តាល​រសៀល។

រថយន្ត​ធំៗដឹក​ជំនួយនិង​រថយន្ត​ដឹក​ប្រេងឥន្ធនៈជាង​មួយរយ​គ្រឿង​បានបើក​ចូលក្នុងតំបន់​ហ្កាហ្សា​នៅពេលការដោះដូរ​ចំណាប់ខ្មាំង​និង​អ្នកទោស​រវាងអ៊ីស្រាអែលនិង​ពួក​ហាម៉ាស់​ត្រូវអនុវត្ត។

ពួក​មន្ត្រី​អេហ្ស៊ីប​បាន​និយាយ​ថា​រថយន្ត​ធំៗបួនគ្រឿងដឹក​ឧស្ម័នសម្រាប់​ធ្វើម្ហូបនិងប្រេង​ម៉ាហ្សូត១សែន៣ម៉ឺនលីត្រនឹងត្រូវ​អនុញ្ញាតឱ្យ​ដឹកចូលហ្កាហ្សារៀងរាល់ថ្ងៃក្នុងពេលឈប់បាញ់គ្នា​បួនថ្ងៃដែលត្រូវ​បាន​គ្រោងទុក ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​ស្បៀង​និងថ្នាំពេទ្យ​ព្រម​ទាំង​បរិក្ខារពេទ្យ។

ជនជាតិ​អ៊ីស្រាអែល១៣នាក់ដែលពួក​ហាម៉ាស់​បានចាប់ជាចំណាប់ខ្មាំង​ត្រូវបាន​ពួក​ហាម៉ាស់​ប្រគល់ឱ្យ​អេហ្ស៊ីបតាម​ច្រកព្រំដែន Rafah នៅពេល​ជិត​ព្រលប់។

បុគ្គលិក​យក​ជំនួយ​មនុស្សធម៌​ចេញ​ពី​យន្ដហោះ​ដឹក​ជំនួយ​ដែល​បាន​ទៅអាកាសយានដ្ឋាន al-Arish របស់​អេហ្ស៊ីប កាល​ពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ​នឹង​បន្ដ​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ហ្កាហ្សា។
បុគ្គលិក​យក​ជំនួយ​មនុស្សធម៌​ចេញ​ពី​យន្ដហោះ​ដឹក​ជំនួយ​ដែល​បាន​ទៅអាកាសយានដ្ឋាន al-Arish របស់​អេហ្ស៊ីប កាល​ពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ​នឹង​បន្ដ​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ហ្កាហ្សា។

ទូរទស្សន៍ Al Jazeera នៃប្រទេស​កាតាក៏​បាន​រាយការណ៍​ដែរ​ថា​ក្រុម​ប៉ាឡេស្ទីន Qassam បានដោះលែងចំណាប់​ខ្មាំង២៤នាក់ មាន​រួមទាំង​ពលករ​មកពី​ប្រទេស​ថៃផង​ដែរ។

អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន៣៩នាក់ពីមជ្ឈមណ្ឌល​ឃុំឃាំង Damoun មជ្ឈមណ្ឌល​ឃុំឃាំង Megiddo និង Ofer របស់អ៊ីស្រាអែល​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi ដែល​បានធ្វើ​ជា​ម្ចាស់ផ្ទះទទួល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស្ប៉ាញ​និងប៊ែលហ្ស៊ីកកាលពីថ្ងៃ​សុក្របាន​និយាយ​តាម​ទូរទស្សន៍​ថាពួក​មេដឹកនាំអន្តរជាតិមានរូមទាំងប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ផង​ដែរបាន​និយាយប្រាប់​លោក​ថាជនជាតិ​ប៉ាឡេស្ទីននឹង​មិន​ត្រូវបង្ខំ​ឱ្យ​ចេញ​ពី​តំបន់​ហ្កាហ្សា​ហើយ​ចូល​ក្នុង​អេហ្ស៊ីប​ទេ។

លោក​និយាយ​ថា«តាមការពិតស្ថានភាពជីវភាព​ក្នុង​ហ្កាហ្សា​ពិបាក​ខ្លាំងណាស់​ហើយ​ការណ៍​នេះ​នឹង​ជំរុញមនុស្ស​ឱ្យ​ចេញពី​តំបន់នោះ។ លោក​ថ្លែងថា ​លោក​បាននិយាយ​ជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ធានារ៉ាប់រង​ដល់​លោក​ថា​លោក​នឹង​មិន​អនុញ្ញាតឱ្យមាន​ការបង្ខំជនជាតិ​ប៉ាឡេស្ទីន​ឱ្យចេញពី​ហ្កាហ្សាហើយ​ចូលក្នុង​អេហ្ស៊ីប​ទេ។ លោក Sissi បន្ថែមថា ​អស់​លោក​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​និងប៊ែលហ្ស៊ិកដែលបំពេញ​ទស្សនកិច្ច​នៅ​អេហ្ស៊ីប​បាន​យស់ស្រប​ជា​មួយ​អេហ្ស៊ីប​ដែរ ​ដោយ​និយាយ​ថា​លោក​ទាំង​ពីរនឹង​មិន​អន់ឱន​ដល់ការបង្ខំ​ជនជាតិប៉ាឡេស្ទីនឱ្យ​ធ្វើ​ចំណាក​ស្រុក​ឡើយ»។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស្ប៉ាញលោក Pedro Sanchez បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែតនៅ​ក្នុង​ទស្សនកិច្ច​ទៅកាន់​ច្រក​ព្រំដែន Rafah នៃ​ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃ​សុក្រ​ថា​ សហភាព​អឺរ៉ុប​សង្ឃឹម​ថានឹង​មាន​ជំនួយថែមទៀត​ចូលទៅក្នុងហ្កាហ្សាច្រើន​ជាង​កម្រិតបច្ចុប្បន្ន។

លោក Sanchez បានអំពាវនាវដល់​ពួក​ហាម៉ាស់​ឱ្យ​ដោះលែងចំណាប់ខ្មាំង​ទាំង​អស់ដែល​នៅ​សេសសល់​ហើយបានសុំឱ្យ​អ៊ីស្រាអែលមានការទប់ចិត្ត​ថែមទៀត។ លោក​បាន​ថ្លែង​ថា៖«ខ្ញុំ​ក៏​និយាយ​ជា​ថ្មី​ទៀតអំពីសិទ្ធិ​របស់អ៊ីស្រាអែល​ក្នុង​ការការពារ​ខ្លួន​ឯង​ តែវាត្រូវធ្វើ​នៅក្នុង​បរិវេណ​និង​ការកម្រិត​ដោយច្បាប់​មនុស្សធម៌​អន្តរជាតិ ​ហើយនេះ​មិនមែនជា​ករណី​ទេ។ ការសម្លាប់ជនស៊ីវីលដោយគ្មានរើសមុខ មាន​រួមទាំង​កុមារា​និងកុមារីរាប់ពាន់​នាក់​ជាការ​មិន​អាច​ទទួល​យក​បានជា​ដាច់ខាត។ អំពើ​ហិង្សានឹង​នាំ​ឱ្យមានតែ​ហិង្សាថែមទៀត​ប៉ុណ្ណោះ»។

លោក Sanchez បាន​ស្នើឱ្យមាន​សន្និសីទសន្តិភាពអន្តរជាតិ​មួយ​ដើម្បី​ពិភាក្សាជម្លោះរវាង​អារ៉ាប់​និងអ៊ីស្រាអែលដែលនៅ​តែមាន​និងដើម្បី​សង្កត់លើសេចក្តីត្រូវការ​ឱ្យ​អនុវត្ត «ដំណោះស្រាយ​រដ្ឋពីរ»​រវាងអ៊ីស្រាអែល​និង​ជនជាតិ​ប៉ាឡេស្ទីន។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ប៊ែលហ្ស៊ីកលោក Alexander De Croo ដែល​បំពេញទស្សន កិច្ច​នៅអេហ្ស៊ីបបាន​និយាយថាគោលដៅ​នៃ​ការសម្រប​សម្រួលរបស់​សហភាពអឺរ៉ុបរវាងអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន​គឺ​ធ្វើឱ្យ​មាន​«ការ​ឈប់បាញ់គ្នាជា​អចិន្ត្រៃយ៍»មួយ ហើយ​អនុញ្ញាត​ឱ្យមាន​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ជា​ច្រើននៅ​ខាងផ្នែក​អេហ្ស៊ីប​នៃ​ព្រំដែន​ចូលទៅ​ក្នុង​ហ្កាហ្សា។

លោក​ក៏​បាន​រិះគន់​ប្រតិបត្តិការយោធា​របស់​អ៊ីស្រាអែល​ក្នុង​ហ្កាហ្សា នៅ​ពេល​លោកថ្កោលទោសពួក​ហាម៉ាស់​ប៉ាឡេស្ទីនដែល​គ្រប់គ្រង​ហ្កាហ្សាផងដែរ។ លោក​បាន​ថ្លែង​ទៀត​ថា៖«នៅ​ផ្នែក​ម្ខាងទៀយនៃព្រំដែន មាន​ការប្រយុទ្ធគ្នា​យ៉ាង​សាហាវ ជន​ស៊ីវីល​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ជនរងគ្រោះដំបូងៗ​ជាស្ត្រី​និង​កុមារ គ្រួសារ​បាន​បែក​បាក់​ពីគ្នា សហគមន៍​បានត្រូវ​បំផ្លាញ។ អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ពលរដ្ឋ​របស់​ខ្លួន។ ពួក​ហាម៉ាស់​ជា​មនុស្ស​ព្រៃផ្សៃ។ ពួក​ហាម៉ាស់​ត្រូវធ្វើអ្វី​ទាំងអស់​ដើម្បី​ដោះលែងចំណាប់ខ្មាំងស្លូតត្រង់គ្មានទោសពៃរ៍​ទាំងអស់។ ចំណាប់ខ្មាំង១៣នាក់​ប្រហែលនឹង​ត្រូវ​ដោះលែង​នៅថ្ងៃនេះ​ តែ​ចំណាប់ខ្មាំង​តែ១៣នាក់​មិន​គ្រប់គ្រាន់់​ទេ។ ចំណាប់ខ្មាំង​ស៊ីវីលទាំងអស់​ដែល​ត្រូវ​បាន​ចាប់ខ្លួនត្រូវតែ​វិលត្រឡប់​ទៅ​ផ្ទះវិញ។ សូ​ម​បញ្ជូន​ពួកគេ​ទៅផ្ទះវិញ​ឥឡូវ​នេះ»។

ក្នុង​សន្និសីទ​កំពូលរួមគ្នា​នៃ​ពួក​ប្រទេស​អារ៉ាប់​និង​ក្រុម​ប្រទេស​កាន់សាសនា​អ៊ិស្លាម​នៅ​ក្នុង​រាជធានី​រីយ៉ាត​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីតកាលពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា ​ពួក​មេដឹកនាំ​អារ៉ាប់​និងក្រុមមេដឹកនាំ​កាន់សាសនា​អ៊ីស្លាម​អំពាវនាវ​ឱ្យមាន​ការ​ឈប់បាញ់គ្នា​ដោយគ្មានលក្ខខ័ណ្ឌនិងឱ្យមាន​ការប្រឹងប្រែងដោយ​សហគមន៍​អន្តរជាតិ​ដើម្បី​អនុវត្តដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែលនិង​ពួក​ជនជាតិ​ប៉ាឡេស្ទីន៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ​ វីអូអេ

XS
SM
MD
LG