ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ចូលដល់ថ្ងៃចុងក្រោយចំពេលមានការជំរុញឱ្យពន្យារបន្ថែម


លោក Khalil Zama' ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល ឱបសមាជិកគ្រួសារ ក្រោយត្រូវបានដោះលែង នៅភូមិ Halhul ក្នុងតំបន់ West Bank នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Khalil Zama' ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល ឱបសមាជិកគ្រួសារ ក្រោយត្រូវបានដោះលែង នៅភូមិ Halhul ក្នុងតំបន់ West Bank នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ៤ ថ្ងៃ​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) បាន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​ដែល​គ្រោង​ទុក​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​គេ​រំពឹង​ថា ​អ៊ីស្រាអែល​នឹង​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​បន្ថែម​ទៀត​ ហើយ​ក្រុម​ហាម៉ាស់​នឹង​ដោះលែង​ចំណាប់ខ្មាំង​បន្ថែម​ទៀត​ នៅ​ចំ​ពេល​មាន​ការ​ជំរុញ​ឱ្យ​ពន្យារ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​បន្ត​ទៅ​មុខ​ទៀត។

ក្រុម​ហាម៉ាស់​បាន​បង្ហាញ​ថា ខ្លួន​នឹង​ពន្យារ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​បន្ថែម​ទៀត។ ចំណែក​ឯ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu វិញ​ បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​អាទិត្យ​ថា អ៊ីស្រាអែល​នឹង​ស្វាគមន៍​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​ដោយ​មាន​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់​ខ្មាំង ១០ នាក់​បន្ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ។

កិច្ច​ព្រមព្រៀង​ដំបូង​នេះ​ដែល​បាន​ចូល​ជា​ធរមាន​បន្ទាប់ពី​មាន​សង្គ្រាម​រយៈពេល ៦ សប្ដាហ៍ តម្រូវ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់ខ្មាំង​សរុប ៥០ នាក់ ហើយអ៊ីស្រាអែល​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ១៥០ នាក់ និង​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា។

លោក Avihai Brodutch ឱបកូនៗរបស់លោក ក្រោយពីលោកត្រូវបានដោះលែងដោយក្រុមហាម៉ាស់ នៅមណ្ឌលថែទាំសុខភាពកុមារ Schneider ក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Avihai Brodutch ឱបកូនៗរបស់លោក ក្រោយពីលោកត្រូវបានដោះលែងដោយក្រុមហាម៉ាស់ នៅមណ្ឌលថែទាំសុខភាពកុមារ Schneider ក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ជនជាតិ​អ៊ីស្រាអែល ៣៩ នាក់ ជនជាតិ​ប៉ាឡេស្ទីន ១១៧ នាក់ និង​ជន​បរទេស ១៩ នាក់​ត្រូវ​បាន​ដោះលែង។

សហរដ្ឋ​អាមេរិក ប្រទេស​អេហ្ស៊ីប និង​ប្រទេស​កាតា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​តស៊ូ​មតិ​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​បន្ទាប់ពី​បាន​ធ្វើការ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ៤ ថ្ងៃ​នេះ​កើតឡើង។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោក Netanyahu បាន​និយាយ​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​អំពី​ការ​ដោះលែង​ចំណាប់ខ្មាំង និង​ថា​ពួកគេ​បាន​ពិភាក្សា​អំពី​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​និង​ការ​កើនឡើង​នូវ​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ដែល​ត្រូវការ​ចាំបាច់​បំផុត​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG