ទាហានអ៊ីស្រាអែលកំពុងបន្តប្រតិបត្តិការនៅក្នុងនិងជុំវិញមន្ទីរពេទ្យ Shifa នៃតំបន់ហ្កាហ្សា (Gaza) ដែលខ្លួនបានឆ្មក់វាយប្រហារកាលពីព្រឹកថ្ងៃពុធ ដើម្បីតាមកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។ ប្រតិបត្តិការនេះបានធ្វើឡើងក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីទាហានអ៊ីស្រាអែលបានព្រមានមន្ត្រីក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាអំពីប្រតិបត្តិការដែលជិតកើតឡើងនេះ។
កងកម្លាំងការពារអ៊ីស្រាអែលបានហៅប្រតិបត្តិការរបស់ខ្លួនថា «ជាក់ច្បាស់និងចំគោលដៅ»។ អ៊ីស្រាអែលថា ក្រុមហាម៉ាស់បានប្រើមន្ទីរពេទ្យនេះជាបញ្ជាការដ្ឋាននិងប្រើអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យជាខែលការពារ។ ក្រុមហាម៉ាស់និងមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលនេះ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានហៅការវាយឆ្មក់របស់កងកម្លាំងការពារអ៊ីស្រាអែលលើមន្ទីរពេទ្យ Shifa នេះថា «មិនអាចទទួលយកបានដាច់ខាត»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចោទក្រុមហាម៉ាស់ថាធ្វើប្រតិបត្តិការពីបញ្ជាការដ្ឋាននៅឯមន្ទីរពេទ្យ Shifa ដែលលោកបានហៅថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
ស្របពេលនេះដែរ កាលពីយប់ថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចមួយដោយអំពាវនាវឱ្យមាន «ការផ្អាកជាបន្ទាន់និងក្នុងរយៈពេលយូរដើម្បីមនុស្សធម៌» នៅក្នុងតំបន់ហ្កាហ្សា៕
អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និងប្រធានការិយាល័យ VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។