អ៊ីស្រាអែលបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនបានវាយប្រហារទីដៅចំនួន២០០នៅក្នុងតំបន់ Gaza Stripក្នុងរយៈពេលមួយយប់ នៅពេលដែលកងទ័ពរបស់ខ្លួនបានផ្តុំគ្នានៅជិតព្រំដែនតំបន់ Gaza មុនពេលនៃការវាយប្រហារថ្មើជើងដ៏ធំមួយ។
ចំនួនមនុស្សស្លាប់នៅខាងភាគីអ៊ីស្រាអែលមកពីការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានកើនឡើងដល់១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ដោយមានមនុស្ស២.៧០០នាក់ផ្សេងទៀតបានរងរបួស។
អ្នកនាំពាក្យកងកម្លាំងអ៊ីស្រាអែលលោកវរសេនីយ៍ទោ Jonathan Conricusបាននិយាយថាការរាប់ចំនួនមនុស្សស្លាប់កើនឡើងបណ្តាលមកពីសាកសពច្រើនទៀតទើបត្រូវបានរកឃើញ មិនមែនពីការប្រយុទ្ធបន្តកើតមាននៅក្នុងប្រទេសអ៊ីស្រាអែលទេ។
លោក Conricus បាននិយាយក្នុងសារតាមវីដេអូថាអ៊ីស្រាអែលបានបិទព្រំដែនដែលត្រូវពួកអ្នកប្រយុទ្ធហាម៉ាស់បានរំលោភហើយកំពុងយាមកាមយ៉ាងដិតដល់នៅតំបន់នោះ។
លោកក៏បានថ្លែងការពារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានបំផ្លាញអគារដែលមានមនុស្សរស់នៅដោយលោកនិយាយថាទីកន្លែងទាំងនោះជាទីដៅយោធាស្របច្បាប់ពីព្រោះក្រុមហាម៉ាស់មានចេតនាដាក់កិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងអគារស៊ីវិលទាំងនោះ។
អង្គការសហប្រជាជាតិនិយាយថាមនុស្សជាង២៦៣.០០០បានរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងតំបន់ Gaza Stripចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើមហើយថាចំនួនមនុស្សត្រូវគេរំពឹងថានឹងកើនឡើង។
ពួកអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថាមនុស្សយ៉ាងតិចណាស់ក៏៩០០នាក់ដែរបានត្រូវសម្លាប់ហើយនិង៤.៦០០នាក់ទៀតបានរងរបួសនៅក្នុងតំបន់ Gaza។
លោក Conricus បាននិយាយទៀតថា ពួកទាហានបម្រុងអ៊ីស្រាអែលចំនួន៣៦០.០០០នាក់បានប្រុងប្រៀបបំពេញបេសកកម្មដើម្បីធ្វើឱ្យប្រាកដថា«ក្រុមហាម៉ាស់នៅទីបញ្ចប់សង្គ្រាមនេះនឹងមិនមានសមត្ថភាពខាងយោធាដែលពួកគេអាចគំរាមកំហែងឬសម្លាប់ជនស៊ីវិលអ៊ីស្រាអែលបាន»។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austinបានប្រាប់ពួកអ្នកយកព័ត៌មានថាកងទ័ពពិសេសសហរដ្ឋអាមេរិកមួយក្រុមតូចកំពុងធ្វើការជាមួយយោធាអ៊ីស្រាអែលដើម្បីជួយរៀបចំផែនការនិងការស៊ើបការណ៍សម្ងាត់នៅក្នុងកិច្ចប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់។
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា «យើងគាំទ្រអ៊ីស្រាអែល» ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមលុបបំបាត់ភាពតានតឹងនៅមជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារភេរវកម្មគួរឱ្យភ្ញាក់ផ្អើលដោយពួកសកម្មប្រយុទ្ធហាម៉ាស់។
លោកក៏បានសន្យាថា នឹងបន្តការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងអ្វីដែលលោកហៅថា «អំពើសាហាវឃោរឃៅ» ដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់ រួមទាំងជនជាតិអាមេរិកាំងយ៉ាងតិច១៤ នាក់ផងដែរ។
អមដោយអនុប្រធានាធិបតី អ្នកស្រី Kamala Harris និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេស ដែលបានសម្លឹងមើលទៅមុខដោយទឹកមុខមាំ លោក Biden បានផ្តល់ព័ត៌មានលម្អិតពីព្រឹត្តិការណ៍កាលពីចុងសប្តាហ៍ ដែលលោកបាននិយាយថា «ជាអំពើបិសាច»។
លោកបាននិយាយថា លោកនឹងស្នើឲ្យសភាចាត់វិធានការបន្ទាន់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។ ពេលនេះ មិនទាន់មានប្រធានរដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋទេ ដែលរារាំងសភាមិនឱ្យអនុម័តការចំណាយថ្មី។
ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយថា សេតវិមាននឹងលើកទឹកចិត្តសភាឱ្យរក្សាការផ្គត់ផ្គង់ផ្នែកយោធាដល់ប្រទេសអ៊ីស្រាអែល។ លោក Sullivan បានបន្ថែមថា សេតវិមានជឿជាក់ថា មានជនជាតិអាមេរិកចំនួន២០នាក់បានបាត់ខ្លួនប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជនទាំងអស់នោះជាចំណាប់ខ្មាំងនោះទេ។
លោក Biden បាននិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ដែលជាការទាក់ទងលើកទីបីចាប់តាំងពីវិបត្តិបានចាប់ផ្តើម។ លោកបាននិយាយថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការឆ្លើយតប«រហ័សនិងខ្លាំងក្លា» របស់អ៊ីស្រាអែលនោះទេ។
ប៉ុន្តែលោកបានបន្ថែមថា៖ «យើងក៏បានពិភាក្សាផងដែរថា ប្រទេសប្រជាធិបតេយ្យដូចជាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកមានភាពរឹងមាំ និងមានសុវត្ថិភាពជាងមុន នៅពេលយើងធ្វើសកម្មភាពស្របតាមច្បាប់»។
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters