ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រញ្ជួយ​ដី​បាន​សម្លាប់​មនុស្ស​ជាង ១.០០០​ នាក់​នៅ​អាហ្វហ្គានីស្ថាន


រូបថត​នេះ​បង្ហាញ​ពី​គេហដ្ឋាន​ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយដី​នៅ​សង្កាត់ Gayan នៃ​ខេត្ត Paktika របស់​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។
រូបថត​នេះ​បង្ហាញ​ពី​គេហដ្ឋាន​ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយដី​នៅ​សង្កាត់ Gayan នៃ​ខេត្ត Paktika របស់​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។

អាជ្ញាធរ​តាលីបង់​បាន​និយាយ​ថា ​ ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​ជាង​ ១.០០០​នាក់ ​និង​រាប់​រយ​នាក់​ទៀត​រង​របួស។ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​និយាយ​ថា​ តួលេខ​ជន​រងគ្រោះ​ដោយ​សារ​ការ​រញ្ជួយ​ដី​ដែល​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ ទំនង​ជា​នឹង​កើន​ឡើង​បន្ថែម​ទៀត។​

អនុរដ្ឋមន្ត្រី​តាលីបង់​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក​ Mawlawi Sharafuddin Muslim​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋធានី​កាប៊ុល​ថា ​ការ​បំផ្លិច​បំផ្លាញ​ភាគច្រើន​បាន​កើត​ឡើង​នៅខេត្ត ​Paktika ​និង​ខេត្ត​ Khost​ ​ភាគ​អាគ្នេយ៍ប្រទេស​ដែល​ជាប់​ព្រំដែន​ប៉ាគីស្ថាន។​

អ្នក​រង​របួស​ត្រូវ​បាន​សែង​ឡើង​ឧត្ថម្ភាគចក្រ​ក្រោយ​ពី​ការ​រញ្ជួយដី​នៅ​ខេត្ត Paktika ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។
អ្នក​រង​របួស​ត្រូវ​បាន​សែង​ឡើង​ឧត្ថម្ភាគចក្រ​ក្រោយ​ពី​ការ​រញ្ជួយដី​នៅ​ខេត្ត Paktika ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។

មន្ទីរ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក ​(U.S. Geological Survey)​ បាន​និយាយ​ថា​ គ្រោះ​រញ្ជួយ​ដី​កម្លាំង​រំញ័រ​កម្រិត ​៦,១​លើ​ជញ្ជីង​រ៉ិចទ័រ​ ឋិត​នៅ​ចម្ងាយ​ប្រហែល ​៤៤ ​គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត ​Khost ។​

អ្នក​កាសែត​ និង​សាក្សី​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​ ចំនួន​មនុស្ស​ស្លាប់​អាច​ឡើង​ដល់ ​២.៥០០​នាក់។​

លោក​ Mohammad Amin ​អភិបាល​ខេត្ត​នេះ​បាន​ប្រាប់ ​VOA​ ថា​ គ្រាន់តែ​ក្នុង​ស្រុក​ចំនួន ​២​ នៃ​ខេត្ត​ Paktika​ មានមនុស្ស​យ៉ាង​ហោច​ណាស់​ ​១.០០០ ​នាក់​បាន​ស្លាប់ ​និង ​១.៥០០​ នាក់​បាន​រង​របួស។

បុរស​អាហ្វហ្គានីស្ថាន​ម្នាក់​ពរ​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅទី​ក្រុង Sharan ខេត្ត Paktika ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។
បុរស​អាហ្វហ្គានីស្ថាន​ម្នាក់​ពរ​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅទី​ក្រុង Sharan ខេត្ត Paktika ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២។

វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ពី​ផ្ទះ​បាក់បែក​និង​កម្ទេច​ថ្ម។ ​ ការ​រញ្ជួយ​ដី​ក៏បាន​រញ្ជួយ​ដល់ទីក្រុង​កាប៊ុល​ផង​ដែរ។​

អាជ្ញាធរ​តាលីបង់​បាន​និយាយ​ថា ​មនុស្ស​នៅ​ជាប់​ក្នុង​គំនរ​បាក់បែក​នៅ​ឡើយ​ ហើយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ដែល​គាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ​ កំពុង​ដំណើរការ។ ​ពួកគេ​ក៏​បាន​ជំរុញ​ឱ្យ​អង្គការ​ជំនួយ​ទាំងអស់​ដែល​ធ្វើការ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជួយ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នេះ។

លោក​ Ramiz Alakbarov​ អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាហ្វហ្គានីស្ថាន​បាន​បង្ហោះ​តាម​ Twitter​ ថា​ បេសកកម្ម​របស់​លោក​គឺ ​«វាយ​តម្លៃ​តម្រូវ​ការ​និង​ការ​ឆ្លើយតប​ក្រោយ​ការ​រញ្ជួយ​ដី» ។​ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​បង្ហោះ​តាម​ Twitter​ ថា ​ខ្លួន​កំពុង​បញ្ជូន​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត​បន្ថែម​ទៅ​កាន់​មន្ទីរពេទ្យ​ចំនួន​បី​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ជន​រង​គ្រោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំ​ទីក្រុង​កាប៊ុល ​ដែល​បច្ចុប្បន្ន​ប្រតិបត្តិការ​ចេញ​ពី​ទីក្រុង​ដូហា (Doha) រាជធានី​នៃ​ប្រទេស​កាតា (Qatar) ​បាន​និយាយ​ថា៖​ «យើង​មាន​ភាព​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​នៃ​ការ​រញ្ជួយ​ដី​នៅ​ភាគ​ខាងកើត​អាហ្វហ្គានីស្ថាន។ ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មហន្តរាយ​នេះ»។​

មជ្ឈមណ្ឌល​សិក្សា​សណ្ឋាន​រញ្ជួយ​ដី​អឺរ៉ុប​មេឌីទែរ៉ាណេ ​(European Mediterranean Seismological Center) ​បាន​ឱ្យ​ដឹង​ថា ​រំញ័រ​ពី​ការ​រញ្ជួយ​ដី​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មាន​ចម្ងាយជាង ​៥០០​ គីឡូម៉ែត្រ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​ឆ្លងទៅ​ដល់​ប៉ាគីស្ថាន ​និង​ឥណ្ឌា។​

អ្នក​ស្រុក​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ ប្រទេស​ប៉ាគីស្ថាន ​និង​ទីក្រុង ​Peshawar ​ភាគ​ពាយ័ព្យប្រទេស​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ពួកគេ​បាន​ជួប​រំញ័​ពី​ការ​រញ្ជួយ​ដី​នេះ​ ​ប៉ុន្តែ​មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​មនុស្ស​ស្លាប់​និង​របួស​នោះ​ទេ។​ រដ្ឋាភិបាលក្រុង​អ៊ីស្លាម៉ាបាដ​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្តាល​មកពី​ការ​រញ្ជួយ​ដី​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា៖​ «អាជ្ញាធរ​ និង​ស្ថាប័ន​របស់​យើង​កំពុង​ធ្វើការ​ដើម្បី​ផ្តល់​ជំនួយ​ចាំបាច់​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ»៕

XS
SM
MD
LG