ក្រុមមន្ត្រីអាហ្វហ្គានីស្ថាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានសម្លាប់កងកម្លាំងសន្តិសុខអស់យ៉ាងហោចណាស់ចំនួន៦នាក់ ដោយរួមមានទាំងមេប៉ូលិសស្រុកម្នាក់ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រហាម នៅប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសនៅក្នុងស្រុក Haska Mena ខេត្ត Nangarhar ដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមានការបាញ់ប្រហារដោយកាំភ្លើងតទល់គ្នាយ៉ាងខ្លាំងរយៈពេលមួយម៉ោង ដែលបានបណ្តាលឲ្យសមាជិកក្រុមរដ្ឋឥស្លាមយ៉ាងហោចណាស់ចំនួន១៥នាក់ស្លាប់ និងរបួស៧នាក់។ នេះបើយោងតាមអ្នកនាំពាក្យរបស់មន្ត្រីថ្នាក់ខេត្តម្នាក់។
ការមកដល់ទាន់ពេលវេលារបស់កងកម្លាំងប្រដាប់អាវុធបន្ថែមបានធ្វើឲ្យកងកម្លាំងអាហ្វហ្គានីស្ថានយកឈ្នះលើការវាយប្រហារនេះបាន។ នេះបើតាមសម្តីរបស់លោក Attaullah Khogyani ដែលបានថ្លែងប្រាប់ VOA ថ្វីត្បិតតែប៉ូលិសយ៉ាងហោចណាស់ចំនួន៦នាក់បានរងរបួស។
ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងសម្តីប្រជាជនបានរាយការណ៍ថា កងកម្លាំងសន្តិសុខយ៉ាងហោចណាស់ចំនួន១១នាក់បានរងរបួស ហើយក្នុងចំណោមនោះ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិត។ ក្រុមអ្នកវាយប្រហារដែលប្រដាប់ដោយអាវុធយ៉ាងច្រើនត្រូវបានគេរាយការណ៍ថា អាចចូលទៅកាន់ទីស្នាក់ការប៉ូលិសធ្វើការវាយប្រហារយ៉ាងគួរឲ្យភ្ញាក់ផ្អើល មុនពេលពួកគេទាំងនោះត្រូវបានបណ្តេញចេញទៅវិញ៕