ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន (NDS) បានបញ្ជាក់ថា Akhtar Mansoor មេដឹកនាំតាលីបង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជិតព្រំដែនអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍ដ៏ខ្លីមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន (NDS)ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះនៅលើប្រព័ន្ធ Twitterនិង Facebook ផ្លូវការរបស់ខ្លួន បានប្រាប់ឲ្យដឹងថា « Akhtar Mansoor មេដឹកនាំក្រុមតាលីបង់ បានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីម្សិលមិញនៅម៉ោង៣ ៤០នាទីនៅក្នុងទីក្រុង Dalbandin ខេត្ត Baluchistan។
ការិយាល័យប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្វហ្គានីស្ថានក្នុងរដ្ឋធានីកាប៊ុល ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះ ប្រាប់ឲ្យដឹងថា «រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានស្ថិតនៅក្នុងដំណើរការពិនិត្យមើលឡើងវិញនូវសេចក្តីលំអិតនៃកិច្ចប្រតិបត្តិការវាយប្រហារនេះដែលទាក់ទិននឹងជោគវាសនារបស់ Akhtar Mansoor និងធ្វើការប្រកាសជាសាធារណៈអំពីលទ្ធផលនេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
សេចក្តីថ្លែងការណ៍នោះ បានប្រាប់ឲ្យដឹងថា មេដឹកនាំតាលីបង់រូបនេះ បានទាក់ទិនទៅនឹងការបំភាន់ ការជួញដូរថ្នាំញៀននិងភេរវកម្មខណៈដែលបំភិតបំភ័យ ធ្វើឲ្យពិការនិងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អាហ្វហ្គានីស្ថាន។
កាលពីដំបូង មន្រ្តីម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារនោះ បានត្រូវអនុញ្ញាតិដោយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។ មន្រ្តីរូបនោះ បាននិយាយថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលប្រតិបត្តិការដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងខេត្ត Baluchistan នៃប្រទេសប៉ាគីស្ថាន។ហើយមនុស្សពេញវ័យម្នាក់ដែលបានធ្វើដំណើរជាមួយ Mansoor ក៏ត្រូវបានរាយការណ៍ថា ទំនងប្រហែលស្លាប់នៅក្នុងការវាយប្រហារនោះដែរ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចប្រទេសភូមាថា Mansoor ជាទិសដៅនៃការវាយប្រហារពីព្រោះជននេះ ធ្វើការគំរាមកំហែងដ៏ធំដល់បុគ្គលិកសហរដ្ឋអាមេរិក ជនស៊ីវិលអាហ្វហ្គានីស្ថាននិងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានហើយថា Mansoor បានជំទាស់ប្រឆាំងដោយផ្ទាល់ដល់ការចរចាសន្តិភាព៕