ពួកបះបោរមួយក្រុម ដែលប្រយុទ្ធជាមួយពួកតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេប្រុងប្រៀបរួចហើយដើម្បីចូលរួមក្នុងកិច្ចចរចាផ្សះផ្សាខាងនយោបាយជាមួយរដ្ឋាភិបាលក្រុងកាប៊ុលទោះណាជានៅតែមានការសង្ស័យខ្លាំងអំពីបំណងចង់បានសន្តិភាពនៃភាគីម្ខាងទៀតក៏ដោយ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានធ្វើសំណើជាថ្មីរបស់លោកអំពីកិច្ចចរចាគ្នាដល់ក្រុមបះបោរទាំងអស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបញ្ចប់សង្គ្រាមនាំឲ្យមានការហិនហោចនេះដែលមានរយៈពេល១៥ឆ្នាំមកហើយ។
ស.រ.អា ចិន និងប៉ាគីស្ថានដែលស្ថិតនៅជិតខាងអាហ្វហ្គានីស្ថាន បានស្វាគមន៍ហើយគាំទ្រវិធានការរបស់លោក Ghani ទោះបីជាបណ្តាញធំជាងគេនៃពួកតាលីបង់បានច្រានចោលសេចក្តីស្នើនេះក៏ដោយ។
ក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយដល់បណ្តាញផ្សាយព័ត៌មានកាលពីថ្ងៃអាទិត្យ ពួក Hezb-e-Islami ហៅកាត់ថា HIG ដឹកនាំដោយលោក Gulbuddin Hekmatyar ស្តេចត្រាញ់សង្គ្រាមអាហ្វហ្គានីស្ថានដែលរត់គេចខ្លួន បាននិយាយថា ពួកគេបានយល់ព្រមតាមសេចក្តីស្នើរបស់រដ្ឋាភិបាលហើយ «ប្រុងប្រៀបចូលរួមក្នុងកិច្ចចរចានេះដើម្បីបង្ហាញដល់ប្រទេសជាតិអាហ្វហ្គានីស្ថានថា ពួកគេចង់បានសន្តិភាព»។
លោក Javed Faisal អ្នកនាំពាក្យរបស់រដ្ឋាភិបាលឯកភាពជាតិអាហ្វហ្គានីស្ថាន បានស្វាគមន៍សេចក្តីប្រកាសនេះ។
លោកបាននិយាយប្រាប់វីអូអេថា «នេះជាដំណឹងសំខាន់និងល្អមួយពីព្រោះពួកHezb-e-Islami បានប្រយុទ្ធច្រើនឆ្នាំមកហើយប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន» ដោយលោកបានសុំដល់ក្រុមប្រឆាំងប្រដាប់អាវុធឯទៀតៗឲ្យចូលរួមក្នុងកិច្ចចរចាដើម្បីជួយបញ្ចប់សង្គ្រាមនេះ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុម HIG ក៏បាននិយាយប្រាប់វីអូអេដែរ ដោយមានលក្ខខ័ណ្ឌមិនឲ្យបញ្ចេញឈ្មោះលោកថា ក្រុមមួយដែលមានសមាជិកពីរនាក់បានត្រូវបង្កើតហើយសម្រាប់ធ្វើកិច្ចចរចានេះ។ ក្រុមនេះមានរួមបញ្ចូលលោក Qazi Hakim Hakim ប្រធានក្រុមប្រឹក្សាកណ្តាល និងលោកGhairat Baheer ប្រធានផ្នែកកិច្ចការនយោបាយនិងជាកូនប្រសារម្នាក់របស់លោក Hekmatyar។
ក្រុមបោះបោរនេះបានចោទប្រកាន់ស.រ.អាថា បានខិតខំព្យាយាមបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពឲ្យប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមនេះបាននិយាយយោងដល់សេចក្តីប្រកាសកាលពីសប្តាហ៍មុនដោយក្រសួងការបរទេសស.រ.អាដែលបានចាត់ទុកសមាជិកជាន់ខ្ពស់ពីរនាក់នៃក្រុម HIG ថាជាភេរវជនសាកល ដោយសារមុខនាទីរបស់ពួកគេក្នុងការវាយប្រហារដ៏ប្រល័យនៅក្នុងក្រុងកាប៊ុល ដែលមានរួមបញ្ចូលទាំងការបំផ្ទុះគ្រាប់បែកមួយដែលបានបណ្តាលឲ្យជនជាតិអាមេរិកាំង០៦នាក់ស្លាប់៕