ក្រុមស៊ើបការសម្ងាត់ SITE បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សាខាពួករដ្ឋឥស្លាមនៅក្នុងប្រទេសអេហ្ស៊ីបនិយាយថា ពួកគេបានបាញ់មីស៊ីលមួយគ្រាប់ទៅលើនាវាមួយគ្រឿងនៃកងទ័ពជើងទឹករដ្ឋាភិបាលនៅក្នុងលំហសមុទ្រទល់មុខនឹងប៉ែកខាងជើងនៃតំបន់ Sinai។
រូបថតដែលបានផ្សព្វផ្សាយតាមបណ្តាញអ៊ិនធឺណិតហាក់ដូចជាបង្ហាញឱ្យឃើញពីរ៉ុក្កែតមួយគ្រាប់បាញ់ត្រូវកប៉ាល់យោធាមួយគ្រឿង។ គេមិនអាចបញ្ជាក់បានទេអំពីភាពត្រឹមត្រូវនៃរូបថតទាំងនេះ។
ក្រុមមន្ត្រីអេហ្ស៊ីបបាននិយាយថា នាវានៃកងទ័ពជើងទឹកមានអគ្គីភ័យនៅក្រោយមានការប៉ះទង្គិចមួយជាមួយពួកជនសកម្មប្រយុទ្ធ ហើយថា គ្មានមនុស្សស្លាប់ទេក្នុងចំណោមក្រុមនាវិកកប៉ាល់នោះទេ។
កាលពីពេលមុននេះក្នុងខែនេះ ក្រុមរដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារភេរវកម្មធំមួយលើកន្លែងឆែកឆេរនៃកងទ័ពជើងគោកអេហ្ស៊ីបនៅក្នុងឧបទ្វីប Sinai បណ្តាលឱ្យទាហានយ៉ាងតិចណាស់៦៤នាក់ស្លាប់។
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ការវាយប្រហារនេះជា «ការដែលមិនធ្លាប់មានពីមុនទេ បើយើងនិយាយអំពីចំនួនពួកភេរវជនដែលមានទាក់ទិននឹងការវាយប្រហារនេះ និងអំពីគ្រឿងអាវុធដែលពួកវាបានប្រើប្រាស់» ដោយមានរួមបញ្ចូលរ៉ុក្កែតធុន B-40 និងគ្រាប់បែកដាក់ក្នុងឡានផងដែរ៕