អាជ្ញាធរប្រទេសអេហ្ស៊ីបបានបញ្ជូនពលរដ្ឋអាមេរិកាំងដើមកំណើតអេហ្ស៊ីប ម្នាក់ឲ្យមកកាន់ស.រ.អាវិញ បន្ទាប់ពីបានដាក់ជននោះក្នុងពន្ធនាគារជិតពីរឆ្នាំពីបទចោទប្រកាន់ថា បានទាក់ទិនជាមួយពួក Muslim Brotherhood ដែលជាអង្គការនៅក្រៅច្បាប់។
អាជ្ញាធរក្រុង Le Caire បានបង្ខំលោក Mohamed Soltan អាយុ២៧ឆ្នាំបោះបង់សញ្ជាតិអេហ្ស៊ីបរបស់លោកនៅមុនពេលអនុញ្ញាតឲ្យលោកធ្វើដំណើរចាកចេញពីប្រទេសអេហ្ស៊ីប។ លោកបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯងជាង១៦ខែដើម្បីតវ៉ាប្រឆាំងនឹងការឃុំឃាំងលោកក្នុងរយៈពេលយូរ ហើយគ្រួសារលោកបាននិយាយថា សុខភាពលោកមានភាពទន់ខ្សោយយ៉ាងឆាប់រហ័ស។
លោក Soltan ដែលជាអ្នកមានបរិញ្ញាបត្រពីសាកលវិទ្យាល័យរដ្ឋ Ohio នៅក្នុងស.រ.អា ដែលបានជួយធ្វើការឃោសនាបោះឆ្នោតជូនលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានត្រូវរកឃើញថា មានទោសពីបទផ្តល់ប្រាក់កាសដល់បាតុកម្មអង្គុយមួយប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអេហ្ស៊ីប និងពីបទផ្សព្វផ្សាយ«ព័ត៌មានមិនពិត» នៅពេលពួកយោធាបានទម្លាក់លោកប្រធានាធិបតី
Mohammad Morsi ដែលជាជនអ៊ីស្លាមនិយមចេញពីតំណែងកាលពីឆ្នាំ២០១៣ហើយបានកាត់ទោសលោកឲ្យជាប់គុកមួយជីវិត។ ឪពុកលោកឈ្មោះ Salah ដែលជាសមាជិកសំខាន់ម្នាក់នៃអង្គការ Muslim Brotherhood បានត្រូវកាត់ទោសប្រហារជីវិត៕