តុលាការមួយក្នុងប្រទេសអេហ្ស៊ីបបានប្រកាសក្រុម Palestine Hamas ថាជាអង្គការភេរវកម្មមួយដោយនិយាយថាអង្គការនេះមានគោលដៅវាយប្រហារក្រុមជនស៊ីវិលនិងកងកម្លាំងសន្តិសុខនៅក្នុងឧបទ្វីប Sinai នៃប្រទេសអេហ្ស៊ីប។
សេចក្តីសម្រេចរបស់តុលាការនេះកាលពីថ្ងៃសៅរ៍បានបែងចែកប្រទេស អេហ្ស៊ីបឱ្យនៅដាច់ឆ្ងាយថែមទៀតពីក្រុម Hamas ដែលធ្លាប់មានទំនាក់ទំនងកក់ក្តៅជាមួយរដ្ឋាភិបាលរបស់ក្រុមអ៊ីស្លាម Broherhood ដែលឥទ្បូវនេះបានត្រូវហាមប្រាមមិនឲ្យមាន និងលោកប្រធានាធិបតី Mohammed Morsi ដែលបានត្រូវបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០១៣។
តុលាការក៏បាននិយាយដែរថាខ្លួនមានឯកសារដែលជាភស្តុតាងបង្ហាញថាក្រុម Hamas បានរួមគ្នាជាមួយក្រុមអ៊ីស្លាម Brotherhood ក្នុងការធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ។
សេចក្តីសម្រេចមួយកាលពីពេលមុននោះបានផ្តោតការយកចិត្តទុកដាក់លើសាខាយោធារបស់ក្រុមអ៊ីស្លាម Brotherhood គឺអង្គការកងពលតូច Izzedine al-Qassam។ តុលាការមួយក្នុងក្រុងគែរ (Cairo) បានហាមប្រាមមិនឱ្យមានសាខាយោធានេះកាលពីខែមករា។
ក្រុម Hamas បានឆ្លើយតបនឹងការសម្រេចរបស់តុលាការកាលពីថ្ងៃសៅរ៍ជាមួយសេចក្តីថ្លែងការណ៍មួយហៅសេចក្តីសម្រេចនេះថា «ប្រកបដោយគ្រោះថ្នាក់» ហើយនិយាយថាសេចក្តីថ្លែងការណ៍នេះយកប្រជារាស្ត្រ បាលេស្ទីនជាទីដៅនៃការវាយប្រហារតែម្តង៕