ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រភពសារព័ត៌មានថា ទីភ្នាក់ងារប្រមូលពន្ធអាមេរិក IRS នឹងកាត់បន្ថយបុគ្គលិក សាកល្បង៧.០០០នាក់


ទីភ្នាក់ងារប្រមូលពន្ធសហរដ្ឋអាមេរិក
ទីភ្នាក់ងារប្រមូលពន្ធសហរដ្ឋអាមេរិក

ទីភ្នាក់ងារប្រមូលពន្ធសហរដ្ឋអាមេរិក ដែលហៅកាត់ថា IRS នឹងកាត់បន្ថយបុគ្គលិកប្រមាណ៧ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោននិងនៅទូទាំងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមប្រភពម្នាក់ដែលដឹងពីផែនការនេះប្រាប់ទីភ្នាក់ងារព័ត៌មាន AP។

ការកាត់បន្ថយបុគ្គលិកនេះនឹងប៉ះពាល់បុគ្គលិកសាកល្បងការងារ ដែលបានធ្វើការមួយឆ្នាំឬតិចជាង ដែលភាគច្រើនគឺនៅក្នុងផ្នែកនាយកដ្ឋានអនុលោម នេះបើតាមប្រភពដដែលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ការកាត់បន្ថយបុគ្គលិកនេះជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដើម្បីកាត់បន្ថយចំនួនបុគ្គលិករដ្ឋការសហព័ន្ធ តាមរយៈអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល ដោយចេញបទបញ្ជាឱ្យទីភ្នាក់ងាររដ្ឋាភិបាលនានាកាត់បន្ថយបុគ្គលិក ទាំងអស់ដែលមិនទាន់ទទួលបានការការពារពេញលេញរបស់ក្របខណ្ឌរដ្ឋ ឬតាំងស៊ប់។

គេនៅមិនទាន់ច្បាស់លាស់ថាតើការកាត់បន្ថយបុគ្គលិកនេះនឹងប៉ះពាល់យ៉ាងណាដល់ការប្រមូលពន្ធនៅក្នុងឆ្នាំនេះ។ កាលពីនៅក្នុងអាណត្តិលោក Joe Biden ទីភ្នាក់ងារប្រមូលពន្ធ IRS ត្រូវបានប្រគល់ភារកិច្ចឱ្យដៅការប្រមូលពន្ធចំពោះក្រុមអ្នកមានៗរបស់អាមេរិកដែលគេចមិនបង់ពន្ធ ដើម្បីជាប្រភពចំណូលយកទៅសងបំណុលជាតិរបស់អាមេរិកប្រមាណ៣៦លានលានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០២៤ ទីភ្នាក់ងារ IRS បានប្រមូលពន្ធជាង១ពាន់៣រយលានដុល្លារ ពីអ្នកមានៗដែលគេចមិនបង់ពន្ធ។ ទីភ្នាក់ងារនេះមានបុគ្គលិកសរុបប្រមាណ៩ម៉ឺនាក់នៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមទិន្នន័យរបស់ IRS៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG