រដ្ឋាភិបាល Kurd ក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថាខ្លួនមានភស្តុតាងថាក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំង peshmerga Kurd។
កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សាសន្តិសុខតំបន់ Kurdistan បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយចែងថាឧស្ម័នក្លរីនត្រូវបានប្រើនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកាលពីខែមករានៅក្នុងផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍នេះនិយាយថាការធ្វើវិភាគមួយក្នុងមន្ទីរពិសោធន៍រកឃើញថាមានសារធាតុក្លរីន នៅក្នុងសំណាកដែលយកមកពីកន្លែងនៃការវាយប្រហារនោះ។
ក្រុម Kurd បាននិយាយថាមន្ទីរពិសោធន៍នោះឋិតនៅក្នុងប្រទេសដៃគូមួយនៅក្នុងក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ក៏ប៉ុន្តែពួកគេមិនបានប្រាប់ឱ្យដឹងអំពីឈ្មោះប្រទេសនោះឬឈ្មោះមន្ទីរពិសោធន៍នោះទេ។
បើតាមសេចក្តីថ្លែងការណ៍នេះ ការបំផ្ទុះគ្រាប់បែកអត្តឃាតនោះបានកើតមានទ្បើងកាលពីថ្ងៃទី២៣ខែមករានៅលើផ្លូវមួយនៅចន្លោះក្រុង Mosul កាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមនិងព្រំដែននៃប្រទេសស៊ីរី។
គេសង្ស័យថាក្រុមរដ្ឋអ៊ីស្លាមបានប្រើឧស្ម័នក្លរីននៅក្នុងការវាយប្រហារកាលពីពេលមុនៗនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។
គេមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេអំពីការចោទប្រកាន់កាលពីថ្ងៃសៅរ៍ដោយរដ្ឋាភិបាល Kurd៕