ទោះណាជាក្រុមជនអំបូរ Kurd បានអបអរសាទរដល់ការយល់ព្រមឱ្យតំបន់របស់ពួកគេមានឯករាជ្យនៅក្នុងការបោះឆ្នោតប្រជាមតិក៏ដោយ ក៏អាជ្ញាធរប្រទេសអ៊ីរ៉ាក់បានចាត់វិធានការដាក់ទណ្ឌកម្មលើរដ្ឋនេះដែលអាចបំបែកខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដោយប្តេជ្ញាថា នឹងបិទដែនអាកាសរបស់ពួក Kurd និងចូលរូមជាមួយប្រទេសតួកគីក្នុងការធ្វើសមយុទ្ធរួមគ្នាផងដែរ។
ដោយបានហៅការបោះឆ្នោតនេះថា «មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ» កាលពីថ្ងៃពុធ សភានៃប្រទេសអ៊ីរ៉ាក់ក៏បានសុំឱ្យលោកនាយករដ្ឋមន្ត្រី Haider al-Abadi បញ្ជូនក្រុមទាហានទៅកាន់តំបន់ kirkuk កាន់កាប់ដោយពួកជនអំបូរ Kurd ដែលសម្បូរប្រេង និងកាន់កាប់វាលប្រេងក្នុងតំបន់នោះ។
សភានៃប្រទេសអ៊ីរ៉ាក់បាននិយាយប្រាប់ប្រទេស៣៤ដែលមានបេសកកម្មទូតនៅក្នុងតំបន់ Kurdistan ឱ្យបិទស្ថានបេសកម្មទាំងនេះហើយបានសុំឱ្យលោក Abadi ពង្រឹងសេចក្តីសម្រេចមួយក្នុងការដកលោក Najmaldin Karim អភិបាលក្រុង Kirkuk ចេញពីតំណែងដោយសារលោកបានចាត់ចែងការបោះឆ្នោតប្រជាមតិនេះ។ សភាអ៊ីរ៉ាក់ក៏បានសុំឱ្យលោកនាយករដ្ឋមន្ត្រី Abadi បញ្ជូនកងកម្លាំងទៅកាន់តំបន់នានាដែលបានស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលអ៊ីរ៉ាក់នៅមុនក្រុង Mosul បានធ្លាក់ក្នុងកណ្តាប់ដៃពួករដ្ឋឥស្លាម កាលពីបីឆ្នាំមុននេះ។
លោក Abadi បាននិយាយថា «យើងនឹងពង្រឹងអំណាចសហព័ន្ធនៅក្នុងតំបន់ Kurdistan ហើយយើងបានចាប់ផ្តើមធ្វើការនេះហើយ»៕