អាជ្ញាធរអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងតែចាប់ខ្លួនស្ត្រីនិងកុមារជាជនបរទេសជាង១៣០០នាក់ ដែលពួកគេទាំងនោះគឺជាក្រុមគ្រួសាររបស់ក្រុមជនដែលគេសង្ស័យថាជាក្រុមរដ្ឋឥស្លាម នៅឯជំរំមួយសម្រាប់ជនផ្លាស់ប្ដូរទីលំនៅ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
ស្ត្រីនិងកុមារ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី តួកគី អាស៊ីកណ្តាល និងបណ្តាប្រទេសអឺរ៉ុប បានប្រគល់ខ្លួនឲ្យកងកម្លាំងឃឺដ កាលពីចុងខែសីហា បន្ទាប់ពីក្រុមអ្នកប្រយុទ្ធអ៊ីរ៉ាក់បានបណ្តេញក្រុមរដ្ឋឥស្លាមចេញពីក្រុង Tal Afar ដែលស្ថិតនៅប៉ែកខាងជើង ក្បែរក្រុងមូស៊ុល។
មន្ត្រីអ៊ីរ៉ាក់បាននិយាយថា ពួកគេកំពុងតែផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ស្ត្រីទាំងនោះ ដែលពួកគេជាច្រើននាក់មិនមានលិខិតឆ្លងដែនច្បាប់ដើមឬឯកសារអន្តរជាតិណាទៀតនោះទេ។
ខណៈដែលកងកម្លាំងឃឺដ បានត្រួតត្រាក្រុង Tal Afar ឡើងវិញ ពួកគេបានប្រគល់ស្ត្រីនិងកុមារទាំងនោះទៅឲ្យកងកម្លាំងអ៊ីរ៉ាក់ ហើយនៅរក្សាពួកបុរសៗដដែល ដោយសន្មតថា បុរសទាំងនោះគឺជាអ្នកប្រយុទ្ធ ហើយរក្សាពួកគេនៅកន្លែងឃុំខ្លួន។
ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស ដែលកំពុងតែគាំទ្រស្ត្រីនិងកុមារចំនួន៥៤១នាក់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ាក់«ត្រូវតែបញ្ជាក់អំពីផែនការរបស់ខ្លួនទៅលើបុគ្គលទាំងនេះក្នុងពេលឆាប់ៗនេះ»៕