កងកម្លាំងអ៊ីរ៉ាក់នៅតែបន្តវាយប្រយុទ្ធជាមួយនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាមដែលនៅសេសសល់នៅក្នុងទីក្រុង Mosul ទោះបីជាមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់បានអបអរជាមួយនឹងជ័យជម្នះរបស់ខ្លួនក្នុងការដណ្ដើមកាន់កាប់ទីក្រុង Mosul មកវិញក៏ដោយ។
ទាហានអ៊ីរ៉ាក់បានពណ៌នាការវាយប្រយុទ្ធចុងក្រោយនេះថាមានលក្ខណៈសាហាវបំផុតនៅក្នុងការវាយប្រយុទ្ធកន្លងមកជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ដោយសារតែពេលពួកគេបានចូលទៅប្រយុទ្ធជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមដែលលាក់ខ្លួននៅក្នុងផ្ទះនីមួយៗ ដែលពួកជ្រុលនិយមនោះមានភ្ជាប់នូវគ្រាប់បែកអត្តឃាតជាប់នឹងខ្លួនផង។
ផ្នែកភាគច្រើននៃទីក្រុង Mosul ឥឡូវត្រូវបានគ្រប់គ្រងដោយកងទ័ពអ៊ីរ៉ាក់។ កងទ័ពអ៊ីរ៉ាក់បានប៉ាន់ប្រមាណថា មានសមាជិកក្រុមជ្រុលនិយមរដ្ឋឥស្លាមរវាងពី ១០០ ទៅ ១៥០ នាក់ កំពុងនៅប្រយុទ្ធនៅក្នុងទីក្រុង Mosul ហើយឥឡូវនេះ ពួកគេបាននិយាយថា ពួកគេនឹងព្យាយាមចាប់ពួកសកម្មប្រយុទ្ធទាំងនោះទាំងរស់ តាមតែអាចធ្វើទៅបាន។
កងទ័ពអ៊ីរ៉ាក់រំពឹងថា សង្គ្រាមនេះនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ហើយបន្ទាប់មកពួកគេនឹងទៅវាយប្រយុទ្ធជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅតាមទីក្រុងផ្សេងៗទៀត។
កន្លងមក ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ ហើយមនុស្ស ៩ សែននាក់ ត្រូវបានបង្ខំឲ្យគេចចេញពីផ្ទះសម្បែងរបស់ខ្លួន៕